Headlines:

សង្ឃ​នៅ​អាមេរិក​ស្កាត់​ជួប ពៅ បញ្ញាពេជ្រ



121115_21a
ព្រះ​សង្ឃ​នៅ​អាមេរិក​ជួប​ជាមួយ​ពៅ បញ្ញា​ពេជ្រ និង​ផ្តល់​ប្រាក់​មើល​របួស​​​។ រូបថត សេត គឹមសឿន

ភ្នំពេញៈ ខណៈ​ពេល​ដែល​តារា​ចម្រៀង​សំនៀង​សំឡេង​រៃ​កណ្តឹង ពៅ បញ្ញា​ពេជ្រ មក​ដល់​ស្រុក​ខ្មែរ​វិញ​ក្រោយ​វិល​ពី​ព្យាបាល​នៅ​ប្រទេស​ថៃ​នោះ ព្រះ​សង្ឃ​មួយ​អង្គ​បាន​ធ្វើ​និមន្តស្កាត់​មក​ពី​អាមេរិក​ដើម្បី​ជួប​ផ្ទាល់ ជាមួយ​នឹង​តារា​រូប​នេះ​ដល់​ផ្ទះ​តែ​ម្តង​។

ដោយ​រួម​ដំណើរ​ជាមួយ​នឹង​ ក្រុម​សិល្បករ​ប្រមាណ​ជាង​១០​រូប​ ក្រោម​ការ​ដឹក​នាំ​របស់​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​លោក សុះ ម៉ាច ព្រះ​សង្ឃ​មួយ​អង្គ​ដែល​ខំ​ជិះ​យន្ត​ហោះ​ឆ្លង​ទ្វីប និង​មហា​សាគរ​មក​ស្រុក​ខ្មែរ​នោះ បាន​ជួប​ផ្ទាល់​ដូច​បំណង​ជាមួយ​តារា​ចម្រៀង​ដែល​ទទួល​រង​ការ​បាញ់​ប្រហារ​ យ៉ាង​សាហាវ​នាង ពៅ បញ្ញា​ពេជ្រ ។

ដោយ​មិន​បាន​បញ្ចេញ​ព្រះ​នាម​ព្រះ អង្គ​បាន​មាន​សង្ឃ​ដីកា​ថា ព្រះ​អង្គ​ទើប​មក​ពី​សហ​រដ្ឋ​អាមេរិក ដើម្បី​មក​ជួប​មើល​ និង​ដឹង​សុខ​ទុក្ខ​តារា​ចម្រៀង​ដែល​ធ្លាក់​ខ្លួន​ពិការ​នាង ​ពៅ បញ្ញា​ពេជ្រ ដោយ​ផ្ទាល់​ ហើយ​ព្រះ​អង្គ​ក៏​មាន​ថវិកា​មួយ​ចំនួន​ច្រក​ក្នុង​ស្រោម​សំបុត្រ​ដើម្បី​ជួយ រួម​ចំណែក​រំលែក​ទុក្ខ និង​ធ្វើ​ការ​ព្យាបាល​បន្ត​ផង​ដែរ​។ ទន្ទឹម​នឹង​នោះ​អ្នក​សិល្បៈ​ជា​ច្រើន​រូប​ក៏​បាន​ផ្តល់​ជា​ថវិកា​ផ្ទាល់​ ខ្លួន​ជួយ​កញ្ញា ពៅ បញ្ញា​ពេជ្រ ផង​ដែរ​ ក្នុង​នោះ​មាន​ដូច​អ្នក​នាង ប៊ូ មុនី​រ័ត្ន តារា​ចម្រៀង ឈួន សុវណ្ណឆៃ លោក ហម ឈរ៉ា និង​អ្នក​សិល្បៈ​មួយ​ចំនួន​ទៀត ។

ដោយ​ក្តី​អាណិត​អាសូរ និង​នឹក​រឭក អ្នក​សិល្បៈ​ជាច្រើន​បាន​នាំ​គ្នា​សួរ​នាំ​សុខ​ទុក្ខ​នាង និង​ផ្តល់​ជា​មតិ​យោបល់​ល្អ​ៗ​ដល់​តារា​ចម្រៀង ពៅ​ បញ្ញា​ពេជ្រ ។ ជាមួយ​នឹង​ក្តី​រំភើប​នេះ ពៅ បញ្ញា​ពេជ្រ ក៏​បាន​ឆ្លើយ​តប​មក​វិញ​ជាមួយ​សំឡេង​ពីរោះ​ស្រួយ​ដូច​សារិកា​យ៉ាង​ហូរ​ហែ ទោះ​បី​ជា​នាង​ហាក់​មាន​សភាព​ហត់​បន្តិច​ក្តី​នៅ​ពេល​និយាយ​ច្រើន​ពេក​។

ដោយ មិន​អស់​ចិត្ត​សិល្បករ​ដែល​មាន​វត្តមាន​ទៅ​សួរ​សុខ​ទុក្ខ ពៅ បញ្ញា​ពេជ្រ ក៏​បាន​សម្តែង​នូវ​ចម្ងល់​ផង​ដែរ​ថា ហេតុ​អ្វី​បាន​ជា​ជន​មិន​ស្គាល់​មុខ​រូប​នោះ​បាញ់​ប្រហារ​មក​លើ​នាង ពៅ បញ្ញា​ពេជ្រ? តើ​ជន​ដៃ​ដល់​នោះ​ជា​អ្នក​ណា ហេតុ​អ្វី​សំណុំ​រឿង​របស់​នាង​ហាក់​កប់​បាត់ ឬ​ក៏​រក​មិន​ឃើញ​ឃាតក​ទាល់​តែ​សោះ​នោះ​។

លោក សុះ ម៉ាច ប្រធាន​សមាគម​សិល្បករ​ខ្មែរ​បាន​ឲ្យ​ដឹង​ថា លោក​បាន​ជម្រាប​រឿង​នេះ​ដល់​សមត្ថកិច្ច​ដែរ តែ​លោក​នៅ​តែ​មាន​ចម្ងល់​ថា ហេតុ​អ្វី​បាន​ជា​រាល់​សំណុំ​រឿង​បាញ់​ប្រហារ ឬ​ឃាតកម្ម​មក​លើ​សិល្បករ​មិន​ថា​តារា​សម្តែង តារា​ចម្រៀង ឬ​ពិធី​ការិនី​ទេ តែង​ត្រូវ​បាន​គេ​ផ្អឹប​ទុក​មិន​អើ​ពើ ឬ​ក៏​មិន​ដែល​វែង​មុខ ឬ​ចាប់​ខ្លួន​បាន​ម្តង​ណា​សោះ​នោះ​ ខណៈ​ដែល​សំណុំ​រឿង​ផ្សេងៗ​ក្រៅ​ពី​តារា​មិន​យូរ​ប៉ុន្មាន​ក៏​ត្រូវ​បាន​គេ​ វែង​មុខ​រក​ឃើញ​នោះ​។

ទោះ​ជា​យ៉ាង​ណា តាំង​ពី​តារា​រូប​នេះ​ទទួល​រង​ការ​បាញ់​ប្រហារ​មក​ម្ល៉េះ អ្នក​ណា​ៗ​ក៏​និយាយ និង​ដឹង​ថា សំណុំ​រឿង​នេះ​ពាក់ព័ន្ធ​នឹង​អ្នក​មាន​អំណាច​ មាន​ទ្រព្យ​ដែរ ទើប​មិន​មាន​ការ​ស៊ើប​អង្កេត​ណា​មួយ​ចេញ​ជា​ផ្លែ​ផ្កា​នោះ​។

ប៉ុន្តែ កញ្ញា ពៅ បញ្ញា​ពេជ្រ ហាក់​ដូច​ជា​លែង​ចង់​រំឭក​រឿង​នេះ​ទៀត​ហើយ  ខណៈ​ដែល​នៅ​ពេល​នេះ នាង​ និង​គ្រួសារ​ខ្វល់​តែ​ម្យ៉ាង​គត់​គឺ​ខ្វះ​ប្រាក់​ព្យាបាល​របួស​។ ពៅ បញ្ញា​ពេជ្រ ក៏​ហាក់​ដូច​ជា​និយាយ​យ៉ាង​មាន​ទំនុក​ចិត្ត​ថា នាង​សង្ឃឹម​ថា ក្រោយ​ពេល​នាង​ក្លាយ​ខ្លួន​ជា​ជន​ពិការ​នៅ​ពេល​នេះ គេ​នឹង​លែង​តាម​ធ្វើ​បាប​រូប​នាង​ទៀត​។

នាង​និយាយ​ថា៖​« ខ្ញុំ​អត់​និយាយ​រឿង​បញ្ហា​ប្តឹង​តវ៉ា​ទៀត​ទេ។ សំខាន់​ខ្ញុំ​អត់​ស្រួល​ខ្លួន​ ខ្ញុំ​ត្រូវ​គិត​ពី​សុខភាព​ខ្ញុំ​សិន ខ្ញុំ​អត់​ចង់​និយាយ​ទេ​រឿង​ហ្នឹង​បង​! ធ្វើ​ម៉េច​ឲ្យ​សុខ​ភាព​ខ្ញុំ​ស្រួល ខ្ញុំ​មាន​លុយ​មើល​ជំងឺ​ទៅ​បាន​ហើយ យើង​គិត​មួយ​ដំណាក់​ម្តង​ៗ​សិន​។ ម្យ៉ាង​ខាង​បងៗ​ប៉ូលិស​សង្កាត់​អី​គេ​បាន​ដឹង​ឮ​អស់​ហើយ​ថា​យើង​ត្រឡប់​មក​ វិញ ។ និយាយ​ទៅ​ដូច​ជា​ស្ងប់ស្ងាត់​គ្មាន​រឿង​អី​ទៀត​ទេ»។

ជាមួយ​នឹង​ ការ​យក​ចិត្ត​ទុក​ដាក់​ពី​សំណាក់​អ្នក​សិល្បៈ​ជំនាន់​មុន និង​ជំនាន់​ជាមួយ​គ្នា​បែប​នេះ ពៅ បញ្ញា​ពេជ្រ បាន​ឲ្យ​ដឹង​ថា នាង​ពិត​ជា​មាន​កម្លាំង​ចិត្ត​យ៉ាង​ខ្លាំង ហើយ​នាង​បាន​បញ្ជាក់​ថា ដរាប​ណា​នាង​នៅ​មាន​ជីវិត​នាង​នៅ​តែ​មាន​សង្ឃឹម​ជា​សះ​ស្បើយ​ពី​របួស​នេះ៕

This content has been locked. You can no longer post any comments.
Show/hide comments
...
I don know what to say without crying. T.T
Fan on November 22, 2012 Report
vote down vote up Votes: 0
busy