ភ្នំពេញ : ភាពយន្ត «ធ្លាប់ស្រឡាញ់ខ្ញុំទេ?» ដែលជាកិច្ចសហការផលិតពីសំណាក់ក្រុមហ៊ុនបរទេស និងក្រុមតារាល្បីៗរបស់ប្រទេសកម្ពុជា មាន លោក ព្រាប សុវត្ថិ អ្នកនាង កែវ ស្រីនាង និងកញ្ញា សារ៉ាយ សក្ខណា នឹងចាប់ផ្ដើមដាក់បញ្ចាំងនៅថ្ងៃទី២៦ ខែវិចិ្ឆកា ឆ្នាំ២០១២ ខាងមុននេះ នៅរោងភាពយន្តពីរព្រមគ្នា គឺរោងភាពយន្តស៊ីណេផ្លិច និងរោងភាពយន្ត លីជេន ។
លោក Michael Taylor ប្រធានគ្រប់គ្រងផែនការសម្រាប់ក្រុមហ៊ុន Aplus Asia Network ជាទីភ្នាក់ងារផ្សព្វផ្សាយអន្តរជាតិ ដែលមានទីតាំងនៅក្នុងកម្ពុជា និងជាអ្នកផលិតខែ្សភាពយន្តនេះ មានប្រសាសន៍ថា៖«ក្រោមកិច្ចសហការជាមួយ B&L Kreatif ដែលជាផលិតកម្មភាពយន្ត និងដឹកនំាសម្ដែង ដោយលោក Brando Lee មកពីប្រទេសម៉ាឡេស៊ី រឿង «អ្នកធ្លាប់ស្រឡាញ់ខ្ញុំទេ?» បានចំណាយពេលជាងមួយឆ្នាំ និងចំណាយថវិកាចំនួនជាង១០ ម៉ឺនដុល្លារ នៅក្នុងការនិពន្ធ និងការជ្រើសរើសកំពូលតារាប្រចាំប្រទេសកម្ពុជា មានលោក ព្រាប សុវត្ថិ អ្នកនាង កែវ ស្រីនាង និង កញ្ញា សារ៉ាយ សក្ខណា»។ លោក Michael Taylor បញ្ជាក់ថា៖«ភាពយន្តរឿង ធ្លាប់ស្រឡាញ់ខ្ញុំទេ? ផ្ទៃរឿងទាំងមូល បង្កប់ទៅដោយការអប់រំ គុណធម៌របស់គ្រូពេទ្យ ការជួយសង្គ្រោះកុមារកំព្រា និងលាយឡំដោយចំណងស្នេហាអាថ៌កំបាំងបែបមន្ទិលសង្ស័យ ព្រឺព្រួច»។
អ្នកដឹកនាំការសម្តែងលោក Brando Lee បានបញ្ចប់ការសិក្សានៅឯហូលីវូដ សហរដ្ឋអាមេរិក ហើយក៏បានប្រឡូកក្នុងវិស័យភាពយន្តអស់រយៈពេលជិត២០ឆ្នាំ និងទទួលបានពានរង្វាន់ខ្សែភាពយន្តជាច្រើន។ រឿង ធ្លាប់ស្រឡាញ់ខ្ញុំទេ? បានរួមសហការផលិតពីអ្នកជំនាញអន្តរជាតិផ្សេងៗគ្នា និងក្រុមការងារជាង១០នាក់ មកពីប្រទេសម៉ាឡេស៊ី សហរដ្ឋអាមេរិក ហុងកុង និងអាល្លឺម៉ង់ រួមជាមួយនឹងក្រុមបចេ្ចកទេសល្អៗនៅក្នុងប្រទេសកម្ពុជា។
ប្រធាន គ្រប់គ្រងគម្រោង ក៏សង្ខេបរឿងឲ្យដឹងត្រួសៗផងដែរថា «រឿង ធ្លាប់ស្រឡាញ់ខ្ញុំទេ? ជាខ្សែភាពយន្តបែបមនោសញ្ចេតនានេះ ឆ្លុះបញ្ចាំងអំពីភាពជោគជ័យ និង ភាពបរាជ័យសុភមង្គល ភាពទុក្ខព្រួយ និងឈុតឆាកជីវិត រស់នៅរាល់ថ្ងៃ ហើយក៏ជាខ្សែភាពយន្តមួយ បញ្ជាក់ពីសេចក្តីស្នេហាស្មោះត្រង់ រវាងតួឯកសម្តែងរបស់យើងទំាងបីនាក់ នៅក្នុងរង្វង់វិជ្ជាជីវៈពេទ្យ ជាមួយនឹងឈុតឆាក ដែលភាគច្រើននៅក្នុងទីក្រុងជាពិសេសនៅមន្ទីរពេទ្យ។ រឿងនេះសម្ដែងយ៉ាងចំណាន ដោយលោក ព្រាប សុវត្ថិ ដែលជាវេជ្ជបណ្ឌិត វះកាត់មួយរូប។ អ្នកនាង កែវ ស្រីនាង សម្ដែងជាគិលានុបដ្ឋាយិកាមន្ទីរពេទ្យ រីឯ កញ្ញា សារ៉ាយ សក្ខណា ជាជំនួយការមន្ទីរព្យាបាល Clinic និងឈុតឆាកព្រឺព្រួច អាថ៌កំបំាងជាច្រើន នៅក្នុងខែ្សភាពយន្តនេះជាច្រើនទៀត។
ស្ថិត ក្នុងបរិយាកាសដ៏សែនរីករាយនោះ តួឯកវេជ្ជបណ្ឌិត ផ្នែកវះកាត់ លោក ព្រាប សុវត្ថិ បានថ្លែងថា ៖«ដោយសារតែមានការសហការយ៉ាងជិតស្និទ្ធពីសំណាក់ផលិតករបរទេស យើងសង្ឃឹមរួចជាស្រេចថា ខ្សែភាពយន្តនេះនឹងទទួលបានជោគជ័យ១០០ភាគរយ ព្រោះថាទាំងអ្នកបច្ចេកទេស អ្នកដឹកនាំ និងតារាសម្ដែងក្នុងរឿងនេះ គឺយើងធ្វើការដោយស្នាមញញឹម ដោយភាពជិតស្និទ្ធគ្នាយល់ចិត្តគ្នាក្នុងការផលិត ដូច្នេះយើងសង្ឃឹមថានឹងជោគជ័យ។
តារាចម្រៀងឈរលំដាប់កំពូល ជាង១០ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ទៀតថា៖«ក្រោយពេលចាក់បញ្ចាំង នៅថ្ងៃទី២៦ខែវិច្ឆិកាខាងមុខនេះ នឹងផ្ដល់មកវិញនូវភាពជោគជ័យយ៉ាងល្អពីអ្វីដែលយើងទាំងអស់ គ្នាខំប្រឹងប្រែង ដោយសារតែខ្សែភាពយន្តនេះ បានបង្កប់នូវឈុតឆាកអប់រំជាច្រើនដល់អ្នកទស្សនា ដូចជាគុណធម៌របស់វេជ្ជបណ្ឌិត ក្នុងការជួយសង្គ្រោះជីវិតអ្នកជំងឺ ការជួយជីវិតកុមារតាមទីជនបទ ស្នេហានិងមនោសញ្ចេតនាជ្រាលជ្រៅប្រកបដោយភាពអាថ៌កំបាំងជាច្រើន ក្នុងសាច់រឿង។
លោក ព្រាប សុវត្ថិ បញ្ជាក់ទៀតថាក្រៅពីកត្តាមួយចំនួន ចំណុចមួយផ្សេងទៀតដែលលោកគិតថានឹងធ្វើឲ្យរឿងរបស់លោកទទួលបាន ការគាំទ្រពីអ្នកទស្សនាគឺ ការយល់ចិត្តគ្នាដោយមានការសហការគ្នាបានល្អរវាងអ្នកដឹកនាំរឿង និងតួសម្ដែងធ្វើឲ្យសាច់រឿងទាំងមូលផលិតកាន់តែមានគុណភាព»។
ស្រដៀង គ្នានោះ តួឯកគិលានុបដ្ឋាយិកា អ្នកនាង កែវ ស្រីនាង និយាយថា៖«ខ្ញុំមានការជឿជាក់ថា ភាពយន្ត ធ្លាប់ស្រឡាញ់ខ្ញុំទេ? នេះនឹងទទួលបានការគាំទ្រច្រើន ព្រោះថា រឿងនេះជាភាពយន្តខ្នាតធំ រួមជាមួយការសហការផលិតសុទ្ធសឹងតែអ្នកដែលមានបទពិសោធផ្នែកកុនហូលីវូដនោះ»។
បន្ទាប់ ពីការបញ្ចំាងជាលើកដំបូងនៅភ្នំពេញ នៅដើមឆ្នាំក្រោយខែ្សភាពយន្តនឹងមានគម្រោងធ្វើដំណើរទៅកាន់១០ ខេត្តផ្សេងទៀត ហើយភាពយន្តនេះ នឹងចេញ ជាឌីវីឌី( DVD) នៅខែមេសា ឆ្នាំក្រោយ។ បន្ទាប់មក នឹងបញ្ចំាងនៅលើស្ថានីយទូរទស្សន៍៕
ភ្នំពេញ ប៉ុស្តិ៍








