ភ្នំពេញៈ តារាសម្តែងនាង អ៊ិន វរលក្ខណ៍ទេពី បានឡើងយន្តហោះទៅកាន់ប្រទេសអូស្ត្រាលី កាលពីសប្តាហ៍មុននេះ ហើយការទៅអូស្ត្រាលីនោះ ត្រូវបានធ្វើឡើងដោយស្ងប់ស្ងាត់ទាំងមន្ទិល ខណៈទស្សនិកជនតែងសម្តែងការសង្ស័យជុំវិញចំណងស្នេហ៍របស់នាងកន្លង មក។
ជាប់ជាតារាមិនទាន់នឹងបានលេចមុខស្រួលបួលផង ស្រីស្អាតចំណាត់ថ្នាក់លេខមួយ របស់ស្ថានីយទូរទស្សន៍ស៊ីធីអិន អ៊ិន វរលក្ខណ៍ទេពី ក៏បានបាត់មុខទៅវិញ បន្ទាប់ពីតារារូបនេះ បានជួបនូវរលកព្យុះរឿងអាស្រូវបោកប្រាស់ប្រាក់កាសពីបុរសអាមេរិក ជាង៣ម៉ឺនដុល្លារ។ ការលេចមុខជាថ្មីក្រោយសំងំលាក់ខ្លួនក្រៅរង្វង់សិល្បៈជិត៤ឆ្នាំ នេះ ត្រូវបានគេមើលឃើញថា តារាស្រីរូបនេះ នៅតែមានសម្រស់ស្រស់ផូរផង់ និងកាន់តែមានភាពហ៊ឺហាជាងតារាប្រុសស្រីនានាដែលខិតខំធ្វើការ ហូរញើសទាំងយប់ទាំងថ្ងៃទៅទៀត។
ភាពមានបាននេះ នៅតែជាមន្ទិលសម្រាប់ក្រុមអ្នកសិល្បៈមួយចំនួន និងទស្សនិកជននៅឡើយ។ ពួកគេបានលើកឡើងថា តើនៅពេលនេះតារាស្រីដែលតែងទៅណាមកណាមានអ្នកហែហមជាមួយរថយន្ត ទំនើបម៉ាក Range Rover ពាក់ស្លាកលេខបណ្តោះអាសន្នម្នាក់នេះមានអ្វីជាអាថ៌កំបាំង?
អ៊ិន វរលក្ខណ៍ទេពី បានហក់ចូលប្រឡូកក្នុងជីវិតសិល្បៈតាមរយៈការប្រឡងកម្មវិធីស្រី ស្អាតប្រុសស្អាតរបស់បណ្តាញស្ថានីយទូរទស្សន៍ស៊ីធីអិន កាលពីឆ្នាំ២០០៥។ នៅពេលនោះស្រីស្អាតរូបនេះបានទទួលចំណាត់ថ្នាក់លេខ១ ហើយនាងក៏បានទទួលការងារពីស្ថានីយទូរទស្សន៍មួយនេះភ្លាមៗតែម្តង ក្នុងនាមជាពិធីការិនីវ័យក្មេង។
ទើបតែសាងកេរ្តិ៍ឈ្មោះលើ វិថីសិល្បៈមិនទាន់ក្តៅសាច់ដុំផង ស្រីស្អាតម្នាក់នេះក៏បានទទួលរងការចោទប្រកាន់ពីសំណាក់បុរស អាណិកជនអាមេរិកថា នាងបានបោកប្រាស់ប្រាក់របស់គេជាង៣ម៉ឺនដុល្លារ តែតារារូបនេះក៏បានដាក់ពាក្យបណ្តឹងភ្លាមៗមិនឲ្យចាញ់ចិត្តការ ចោទប្រកាន់គ្មានមូលដ្ឋាននោះទៅកាន់សាលាដំបូងរាជធានីភ្នំពេញដែរ។
កាល នោះ អ៊ិន វរលក្ខណ៍ទេពី បាននិយាយថា ការចោទប្រកាន់របស់បុរសម្នាក់នោះ គឺជាមេរៀនគួរឲ្យភ័យខ្លាចសម្រាប់នាង នៅពេលតាមស្រឡាញ់នាងមិនបាន ចុងក្រោយក៏មួលបង្កាច់បំផ្លាញកិត្តិយសរបស់នាងតែម្តង។
ប៉ុន្តែ អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺនៅក្រោយពេលដែលនាងទទួលរងរលករឿងអាស្រូវមួយប្រាវធំហើយ តារាស្រីម្នាក់នេះក៏បានបាត់មុខពីសិល្បៈដែរ។ លុះក្រោយមកបែរជាផ្ទុះរឿងស្នេហាភេទដូចគ្នាគួរឲ្យភ្ញាក់ផ្អើល ចំពោះនាងម្តងទៀត ក្រោយពេលដែលគេតែងឃើញវត្តមានតារារូបនេះទៅណាមកណាជាមួយនារី ម្នាក់ដោយមានរថយន្តម៉ាកទំនើបជិះហ៊ឺហាហ៊ឹកហ៊ាក់ទៀតផង។
ទោះបីជាមានភាពងឿងឆ្ងល់ជុំវិញ ភាពសម្បូរសប្បាយមានលុយចាយ មានរបស់របរប្រើប្រាស់ទំនើបនេះ តែតារាដែលរត់ចោលជួរសិល្បៈទាំងវ័យក្មេងរូបនេះបានធ្វើការ បដិសេធពាក់ព័ន្ធនឹងការលើកឡើងរបស់មជ្ឈដ្ឋានទូទៅដែលថា ភាពស្តុកស្តម្ភរបស់នាងមានឥទ្ធិពលពីស្នេហាភេទដូចគ្នា ឬក៏អ្នកមានទ្រព្យណាម្នាក់នោះ។
អ៊ិន វល័ក្ខណ៍ទេពី ធ្លាប់ប្រាប់ភ្នំពេញ ប៉ុស្តិ៍ថា នាងមិនសូវមានពេលប្រឡូកក្នុងវិស័យសិល្បៈនេះ ព្រោះនាងត្រូវយកពេលវេលានោះជួយឪពុកម្តាយរបស់នាងជាអ្នករកស៊ី ហើយភាពសម្បូរសប្បាយរបស់នាងទាំងប៉ុន្មានគឺជះឥទ្ធិពលមកពីឪពុក ម្តាយរបស់នាងដែលជាអ្នកជំនួញប៉ុណ្ណោះ។ នាងនិយាយថា ឪពុកម្តាយរបស់នាងអាចផ្តល់ឲ្យនាងបាន។
ដោយឡែក កាលពីដើមខែវិច្ឆិកានេះ អ៊ិន វល័ក្ខណ៍ទេពី បានឡើងយន្តហោះទៅកាន់ប្រទេសអូស្ត្រាលី ដោយធ្វើការប្តូរជើងហោះហើរនៅប្រទេសសិង្ហបុរី។ ការឆ្ពោះទៅកាន់ប្រទេសអូស្ត្រាលីនេះ ត្រូវបានមជ្ឈដ្ឋានតាមដានជីវិតសិល្បៈតារារូបនេះ ដាក់ការសង្ស័យថា អ៊ិន វល័ក្ខណ៍ទេពី អាចនឹងមានទំនាក់ទំនងស្នេហ៍ជាមួយនឹងអាណិកជនអូស្ត្រាលីណាម្នាក់ ផងមិនដឹង។
ការទៅដល់ប្រទេសអូស្ត្រាលីរបស់តារាសម្តែងរូបនេះ គេបានឃើញនាងបង្ហោះរូបភាពនៅក្នុងហ្វេសប៊ុកជាច្រើន ហើយនៅក្នុងនោះគេក៏ឃើញនាងបានចូលរួមពិធីមង្គលការរបស់បងប្អូន ខ្មែរនៅទីនោះផងដែរ ហើយរូបភាពផ្សេងៗទៀតសុទ្ធតែបង្ហាញពីការដើរកម្សាន្តម្នាក់ឯង និងជាក្រុម។
ទោះ បីជាមានការលើកឡើងថា តារារូបនេះអាចនឹងមានស្នេហាឆ្លងទ្វីបក៏ដោយក៏មិនទាន់មានការ អះអាងពីនាងនៅឡើយ ខណៈមិនអាចទាក់ទងបាន៕
ភ្នំពេញ ប៉ុស្តិ៍






