ភ្នំពេញៈ មិនមែនទើបតែមួយខែឬមួយឆ្នាំទេ ដែលកញ្ញា ពេជ្រ ថាវរ៉ា មកចូលប្រឡូកក្នុងសង្វៀនសិល្បៈសម្តែងភាពយន្ត និងខារ៉ាអូខេ ពោលគឺមិនក្រោមពី១០ឆ្នាំទេ នាងក៏ធ្លាប់ទទួលឱកាសសម្តែងក្នុងខ្សែភាពយន្តដុំ និងភាគមិនក្រោម២០រឿងនោះដែរ។ ប៉ុន្តែនាងបែរជានិយាយថា ការលក់កាយវិការសម្តែងនោះ មិនមែនជាក្តីប្រាថ្នារបស់នាងទេ ក្តីប្រាថ្នាពិតប្រាកដនោះ គឺធ្វើជាពិធីការិនីទូរទស្សន៍ម្នាក់ ដែលពោរពេញទៅដោយសំនួនវោហារស័ព្ទ និងមានកេរ្តិ៍ឈ្មោះ។ បើទោះជាយ៉ាងនេះក្តី នាងបែរជាបង្ហើបថា៖«អវសាននៃអាជីពសិល្បៈរបស់ខ្ញុំនៅមិនយូរជាង បីឆ្នាំទេ បើទោះជាឈានចាប់អាជីពជាពិធីការិនីល្បី បាន ឬមិនបានក៏ដោយ»។
ទន្ទឹមនឹងការបង្ហើបពីមហិច្ឆិតាដ៏អាថ៌ កំបាំងកប់ក្នុងវត្តមានលើសង្វៀនសិល្បៈជាង១០ឆ្នាំមកហើយនោះ នាង ពេជ្រ ថាវរ៉ា បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ថា៖«មុននេះបន្តិច ខ្ញុំទើបតែបញ្ចប់ការធ្វើតេស្តសំឡេងធ្វើជាពិធីការិនី ក្នុងកម្មវិធីមួយរបស់ស្ថានីយទូរទស្សន៍អប្សរាប៉ុស្តិ៍លេខ១១ ដែលកម្មវិធីនោះ ជាការផលិតនិងដឹកនាំ ដោយ លោក ហ្វៃ សំអាង ហើយនេះជាការធ្វើតេស្តសំឡេងសាកធ្វើជាពិធីការិនីទូរទស្សន៍លើ កដំបូងរបស់ខ្ញុំហើយ ក្នុងឱកាសដើរលើវិថីសិល្បៈ១០ឆ្នាំមកនេះ »។
ក្រៅ ពីបដិសេធមិនទាន់ប្រាប់ឈ្មោះកម្មវិធីជាកម្មវិធីថតទុក ឬផ្សាយបន្តផ្ទាល់យ៉ាងណានោះ? តារាសម្តែងមានកេរ្ត៍ឈ្មោះល្បីដ៏តិចតួចរូបនេះ បានប្រាប់ថា៖«យ៉ាងណា លទ្ធផលនៅមិនទាន់ដឹងនៅឡើយទេ។ ប៉ុន្តែនៅក្រោមអារម្មណ៍ និងចង្វាក់បេះដូងឌុកឌាក់ៗភ័យផងអរផងនោះ ខ្ញុំមានការសង្ឃឹមលើលទ្ធផលវិជ្ជមាន៨០ភាគរយថាជាប់ ខណៈដែលមុននេះ លោក ហ្វៃ សំអាង ក៏បង្ហើបពីចំណុចខ្វះខាតរបស់ខ្ញុំនៅមានតិចតួចបំផុត»។
ពោរពេញ ដោយក្តីសង្ឃឹមនោះ តារាសម្តែងវ័យ២៥ឆ្នាំ ដែលទើបតោងបានកេរ្តិ៍ឈ្មោះហក់ឡើងល្បីគួរសម ក្រោយការលះបង់ពេលវេលាកម្លាំងចិត្ត ដើរតួជានាយទាហាន ក្លាហានកាន់បេ៤០ក្នុងខ្សែវីដេអូភាគរឿង«ពន្លកស្នេហ៍ក្បែរជាយដែន» នោះ នាងបានថ្លែងបែបជឿជាក់នៃការស៊ាំរបស់នាងនៅក្នុងអាជីពសិល្បៈរបស់ នាងដោយនាងបានអះអាងថា៖«ដ្បិតថាខ្ញុំពុំធ្លាប់ធ្វើជាពិធីការិនី ពីមុន។ ប៉ុន្តែដោយយោងតាមបទពិសោធក្នុងសង្វៀនសិល្បៈជិតដុះស្លែនោះ ខ្ញុំក៏មានការយល់ដឹងគួរសមពីរបៀបបញ្ចេញសំឡេង និងរបៀបនិយាយផងដែរ ហើយមួយទៀតគឺខ្ញុំមិនភ័យ»។
នាងបញ្ជាក់ថា ការធ្វើពិធីករ ឬពិធីការិនី ចំណុចសំខាន់នៃការចាប់ផ្តើម និងភាពជោគជ័យនោះ គឺអារម្មណ៍ តែបើកាលណាអារម្មណ៍ភ័យរញីរញ័រនោះ សំឡេងក៏ញ័រ ហើយក៏បណ្តាលឲ្យយើងភ្លេចភ្លាំងនិយាយមិនចេញផងដែរ។
បើទោះ ជាយ៉ាងណា ការពោលទាំងនេះនៅត្រឹមតែជាទ្រឹស្តី ដែលនាងអះអាងនៅក្រៅឆាកបើទោះជាយ៉ាងណា ការពោលទាំងនេះនៅត្រឹមតែជាទ្រឹស្តី ដែលនាងអះអាងនៅក្រៅឆាកខនសឺតនៅឡើយទេ ហើយមហាជននៅមិនទាន់បានឃើញ និងឮសម្តីអត្ថាធិប្បាយ របស់តារាសម្តែងរូបនេះ មានការបត់បែនពាក្យពេចន៍ និងពីរោះស្តាប់យ៉ាងណានៅឡើយទេ។ ប៉ុន្តែ កញ្ញា ពេជ្រ ថាវរ៉ា ហាក់សង្ឃឹមថា អាជីពជាពិធីការិនីនេះ នឹងលើកស្ទួយកេរ្តិ៍ឈ្មោះនាងឲ្យបានល្បីជាងអាជីពសម្តែង ដែលនាងតោងព្យាយាមក្នុងអាជីពមួយនេះ១០ឆ្នាំមកនោះ។
នាងនិយាយថា៖ «ខ្ញុំសង្ឃឹមថា ការរៀបខ្លួនចូលអាជីពជាពិធីការិនីនេះនឹងជួយខ្ញុំឲ្យមាន កេរ្តិ៍ឈ្មោះល្បី ជាងអាជីពសម្តែងជាមិនខាន ខណៈដែល១០ឆ្នាំនៃការប្រឡូកក្នុងកាយវិការសម្តែងភាពយន្ត និងខារ៉ាអូខេ ដែលមានវាសនាសម្តែងត្រឹមតែតួរាយរងនោះ»។ នាងលើកឡើងថា៖«អាជីពពិធីការិនីនេះ មហាជនឆាប់ស្គាល់ជាងការសម្តែងភាពយន្ត ព្រោះថា កម្មវិធីនេះបានចាក់បញ្ចាំងក្នុងកញ្ចក់ទូរទស្សន៍រាល់សប្តាហ៍»។
បើទោះ ជា នាង ពេជ្រ ថាវរ៉ា ថ្លែងពីការទទូចចង់សាងកេរ្តិ៍ឈ្មោះក្នុងអាជីពជាពិធីការិនីឲ្យ មានឈ្មោះល្បីយ៉ាងណាក្តី តែនាងហាក់បង្ហាញពីអនាគតដើរបន្តលើផ្លូវនេះក្នុងរយៈពេលខ្លីទៀតតែ ប៉ុណ្ណោះ។ នាងថា៖«អាជីពសិល្បៈខ្ញុំ ល្បីឬមិនល្បីយ៉ាងណាក៏ដោយ តែខ្ញុំបានកំណត់ថ្ងៃអវសាននៃអាជីពសិល្បៈខ្ញុំ ហើយ យ៉ាងយូរបីឆ្នាំទៀត ខ្ញុំនឹងដកខ្លួនចេញពីសង្វៀនសិល្បៈហើយ»។
ការដក ខ្លួនទៅចាប់អាជីពអ្វីនោះ នៅមិនទាន់ត្រូវបានកញ្ញា ថាវរ៉ា ប្រាប់នៅឡើយទេ ក្រៅពីនាងលើកឡើងថា ការទទូចចង់សាងកេរ្តិ៍ឈ្មោះក្នុងអាជីពជាពិធីការិនីនេះ គឺជាក្តីប្រាថ្នាតាំងពីឈានជើងចូលរៀនជំនាញសិល្បៈនៅសាលា វិចិត្រសិល្បៈម្ល៉េះ តែពេលវេលានិងឱកាសមិនហុចឲ្យក្រៅពីសម្តែងសោះ ប៉ុន្តែពេលនេះអ្វីៗដែលជាក្តីប្រាថ្នានោះ ក៏ហុចមកឲ្យចំពេលដែរ។
នាងបញ្ជាក់ថា៖ «ការទាមទារចង់សាងកេរ្តិ៍ឈ្មោះក្នុងសិល្បៈនេះ គឺចង់ឲ្យកូនចៅរបស់ខ្ញុំជំនាន់ក្រោយបានឃើញនឹងដឹងថា ខ្ញុំជាម្តាយ ជាយាយគេនេះក៏ជាតារាល្បីមួយរូបផងដែរ»៕
ភ្នំពេញ ប៉ុស្តិ៍







