ភ្នំពេញ : ខណៈដែលខ្សែភាពយន្តហូលីវូដចារបុរសស៊ើបអង្កេត Skyfall ទើបតែសម្ពោធចាក់បញ្ចាំងនៅប្រទេសកម្ពុជាកាលពីថ្មីៗនេះ ប្រិយមិត្តពិតជាចង់ដឹងថា តើកញ្ញា បេរេនីស ម៉ាឡូហ៍ (Berenice Marlohe) ដែលដើរតួជានាង សេវើរីន (Severine) ក្នុងរឿង ០០៧ ថ្មីបំផុតនេះមានទំនាក់ទំនងយ៉ាងណាដែរជាមួយនឹងទឹកដីដែលបាន ផ្សារភ្ជាប់ទៅនឹងកំណើតរបស់នាងនោះ។ វាពិតជារឿងមួយដ៏អស្ចារ្យណាស់ដែលតារាកូនកាត់ខ្មែរ បារាំង ចិន វ័យ៣៣ឆ្នាំរូបនេះបានលេចមុខក្នុងខ្សែភាពយន្តដ៏ល្បីនៅហូលីវូដ។
តើកញ្ញាមានអារម្មណ៍ដូចម្ដេចដែរ ក្នុងនាមជាតារាហូលីវូដមួយរូបដែលមានឈាមជ័រជាខ្មែរដូច្នេះ?
ជាការពិតណាស់ ខ្ញុំពិតជាមានមោទនភាព ណាស់ដែលជាកូនកាត់អាស៊ី និងមានឈាមជ័រខ្មែរនៅក្នុងខ្លួន។ ខ្ញុំក៏រីករាយដែរ ដែលខ្ញុំអាចរក្សាដើមកំណើតរបស់ខ្ញុំ ទោះបីជាខ្ញុំកំពុងសម្ដែងខ្សែភាពយន្តក្ដី ព្រោះមិនមានតារាអាស៊ីច្រើនទេដែលលេចមុខនៅក្នុងភាពយន្តហូលីវូដ។ ខ្ញុំចង់ពាំនាំឈុតឆាកនៅក្នុងខ្សែភាពយន្តនេះឲ្យប្រិយមិត្តនៅ ស្រុកខ្មែរបានទស្សនា។
ព័ត៌មានទាក់ទិននឹងសាវតាររបស់កញ្ញាហាក់មិនសូវត្រូវបានបញ្ចេញច្រើននោះទេ។ តើកញ្ញាធ្លាប់មកលេងប្រទេសកម្ពុជាដែរឬទេ?
ខ្ញុំ ធ្លាប់មកស្រុកខ្មែរបានម្ដង គឺកាលពី៣ឆ្នាំមុន។ កាលនោះខ្ញុំពិតជារីករាយណាស់ ព្រោះខ្ញុំកើតនៅស្រុកបារាំង និងត្រូវបានចិញ្ចឹមបីបាច់ដូចប្រជាជនអឺរ៉ុបដទៃទៀតដែរ ដូច្នេះខ្ញុំតែងមានអារម្មណ៍ថា ជីវិតរបស់ខ្ញុំហាក់មានការខ្វះចន្លោះផ្នែកណាមួយ។ នៅពេលដែលខ្ញុំចម្រើនវ័យកាន់តែធំ ខ្ញុំកាន់តែមានអារម្មណ៍ ផ្សារភ្ជាប់ទៅនឹងដើមកំណើតជាអាស៊ីរបស់ខ្ញុំ។ វាពិតជាពេលវេលាដ៏សំខាន់ណាស់ក្នុងជីវិតរបស់ខ្ញុំ ដែលខ្ញុំអាចឈានជើងចូលទៅក្នុងទឹកដីបុព្វបុរសរបស់ខ្ញុំ។
តើកញ្ញាចេះនិយាយខ្មែរទេ?
អត់ទេ (សើច)។ ខ្ញុំចេះតែនិយាយថា «ញ៉ាំបាយ» «អរគុណច្រើន» (សើច) និង «ឆាប់ៗ» តែប៉ុណ្ណឹង។
កញ្ញាធំធាត់នៅស្រុកបារាំងអ៊ីចឹង តើមានបានស្វែងយល់ប៉ុនណាពីខ្មែរ? ចុះមានរាប់អានពួកម៉ាកខ្មែរទេ?
ខ្ញុំ ធំដឹងក្ដីនៅទឹកដីអឺរ៉ុបក៏ពិតមែន ប៉ុន្តែខ្ញុំមានអ្នកមីង និងបងប្អូនជីដូនមួយ ដែលសុទ្ធតែនិយាយខ្មែរ។ ខ្ញុំពិតជាមានមោទនភាព និងមានអារម្មណ៍ជិតស្និទ្ធនឹងឈាមជ័រអាស៊ីណាស់។ ដូច្នេះហើយ ទោះបីជាខ្ញុំត្រូវបានចិញ្ចឹមបីបាច់ក្នុងបរិស្ថានបែបបស្ចិមប្រទេស ក្ដី ក៏ខ្ញុំមានអារម្មណ៍ថា ខ្ញុំក៏មានឫសគល់ជាប្រជាជនអាស៊ីមួយរូបផងដែរ។
តើកញ្ញាស្គាល់តារាហូលីវូដ អេនជឺលីណា ជោលីទេ? នាងជាតារាហូលីវូដដែលបានធ្វើកិច្ចការច្រើននៅប្រទេសកម្ពុជា។
ចាស ខ្ញុំមិនធ្លាប់បានជួប អេនជឺលីណា ជោលី ទេ។ ប៉ុន្តែ ខ្ញុំពិតជាចាប់អារម្មណ៍ចង់ជួបគាត់នៅថ្ងៃណាមួយ ដោយសារតែគាត់ដូចជាមនុស្សម្នាក់ដែលចូលចិត្តធ្វើកិច្ចការសប្បុរស ច្រើន។ ខ្ញុំដឹងថា គាត់ក៏មានកូនប្រុសម្នាក់ជាខ្មែរដែរ។ ពិតណាស់ ខ្ញុំពិតជាចង់ជួបគាត់ និងជជែកជាមួយគាត់ពីកិច្ចការជា ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈផងដែរ។ ខ្ញុំដឹងថាគាត់មានមនោសញ្ចេតនាច្រើនជាមួយស្រុកខ្មែរ ដូច្នេះអាចថាគាត់និងខ្ញុំហាក់មានចំណុចអ្វីមួយដែលដូចគ្នា។
បច្ចុប្បន្ន ប្រទេសកម្ពុជាកំពុងស្ថិតនៅក្នុងរយៈពេលកាន់ទុក្ខអតីតព្រះមហាវីរ ក្សត នរោត្តម សីហនុ។ តើកញ្ញាមានប្រតិកម្មដូចម្ដេចដែរ ពេលបានឮដំណឹងដ៏សោយសោកនេះ?
ខ្ញុំមានអារម្មណ៍ថា នេះគឺជាពេលវេលាដ៏មិនអាចបំភ្លេចបាននៅក្នុងប្រវត្តិសាស្ត្រ។ ខ្ញុំគិតថា ខ្ញុំត្រូវតែធ្វើជាសំឡេងមួយដើម្បីផ្សព្វផ្សាយអំពីប្រទេសកម្ពុជា ព្រោះក្នុងនាមខ្ញុំជាតារាហូលីវូដម្នាក់ ខ្ញុំត្រូវតែធ្វើកិច្ចការច្រើន និងអស់លទ្ធភាព ដើម្បីទាក់ទាញចំណាប់អារម្មណ៍មនុស្សក្នុងពិភពលោកឲ្យងាកមកចាប់ អារម្មណ៍ប្រទេសកម្ពុជាខ្លាំងឡើង។
តើកញ្ញាអាចធ្វើកិច្ចការនេះដោយមធ្យោបាយដូចម្ដេចទៅ?
ខ្ញុំ កំពុងតែពិភាក្សាជាមួយអង្គការនៅទីក្រុងឡុងដ៍ ដើម្បីស្វែងរកមធ្យោបាយ ទាក់ទាញចំណាប់អារម្មណ៍ប្រព័ន្ធផ្សព្វផ្សាយទូទាំងពិភពលោក បាញ់ឆ្ពោះទៅរកប្រទេសកម្ពុជា។ ខ្ញុំចង់ជួបជុំជាមួយអ្នកជំនាញខាងផ្សព្វផ្សាយ និងអាចជួយខ្ញុំឲ្យសម្រេចគោលដៅនេះបាន។ ថ្វីដ្បិតតែខ្ញុំមមាញឹកខ្លាំងក៏ពិតមែន ប៉ុន្តែខ្ញុំនៅតែព្យាយាមរកមធ្យោបាយលៃលកពេលវេលាយ៉ាងណាឲ្យ កិច្ចការនេះបានសម្រេចប្រកបដោយប្រសិទ្ធភាព។
អ្វីដែលធ្វើឲ្យកញ្ញាសម្រេចចិត្តធ្វើជាតារាសម្ដែងដូច្នេះ?
ដំបូង ឡើយ ខ្ញុំមានបំណងប្រាថ្នាធ្វើជាវិចិត្រករ និងតន្ត្រីករម្នាក់។ ប៉ុន្តែហេតុអ្វីបានជាខ្ញុំក្លាយជាតារាសម្ដែងដូច្នេះ? កាលនោះ ដោយសារតែមានទីភ្នាក់ងារមួយទាក់ទងខ្ញុំ។ គាត់មិនបានធ្វើការសម្ភាសស្ទាបស្ទង់សមត្ថភាពខ្ញុំអ្វីទេ ក៏ស្រាប់តែលើកខ្ញុំឲ្យចូលវិស័យសម្ដែងតែម្ដង។ ប្រឡូកក្នុងអាជីពនេះបន្តិចម្ដងៗ ខ្ញុំក៏ស្រាប់តែចាប់ផ្ដើមចូលចិត្តការងារសម្ដែង ព្រោះវាផ្សារភ្ជាប់ជីវិតពិត ទៅនឹងសារជាតិរបស់មនុស្សយើងតែម្ដង។ ការក្លាយជាតារាសម្ដែងធ្វើឲ្យខ្ញុំស្គាល់ខ្លួនឯងកាន់តែច្បាស់។ ការសម្ដែងគឺជាភាពច្នៃប្រឌិតគួបផ្សំនឹងបទពិសោធបង្កើតជាសិល្បៈ។
បន្ទាប់ពីរឿង Skyfall តើកញ្ញាមានគម្រោងថតរឿងអ្វីទៀតដែរ?
សព្វ ថ្ងៃ ខ្ញុំកំពុងតែធ្វើកិច្ចការជាមួយផលិតករ ធើរ៉ាន់ ម៉ាលីក (Terrance Mallick)។ ខ្ញុំបានឆ្លៀតទៅក្រុងឡូស អេនជឺលេស ដើម្បីសម្ភាសសាកល្បងសមត្ថភាព។ ខ្ញុំក៏ទទួលបានតំណែងជាតួក្នុងរឿងថ្មីរបស់គាត់ ដែលមិនទាន់ដឹងចំណងជើងនៅឡើយទេ៕ PR
ភ្នំពេញ ប៉ុស្តិ៍








