Headlines:

អឿន ស្រីមុំ វិលវិញ​ដើម្បី​ដង្ហោយ​រក​ការ​លើក​ស្ទួយ



121121_28
តារា​ចម្រៀង អឿន ស្រីមុំ វិល​មក​ប្រទេស​កំណើត​វិញ បន្ទាប់ពី​ជ្រកកោន​នៅ​កាណាដា។ រូបថត សហ​ការី

ភ្នំពេញ : ក្រោយ​ពី​ប្រើ​ជីវិត​សំចត​ រស់ក្រោម​ដើម​ទ្រូង​ស្វាមី​ទីពីរ ជាអ្នក​រត់​តាក់​ស៊ី​នៅ​លើ​ទឹក​ដី​ប្រទេស​កាណាដា ជិត​៣ឆ្នាំ តារា​ចម្រៀង​សំនៀង​រដឺន​និង​ជា​ម្ចាស់​បទ «ពាក់​អាវ​មិន​ដែល​ឃើញ​ដោះ»​ អ្នក​នាង​ អឿន ស្រី​មុំ បាន​សម្រេច​វិល​មក​រស់​នៅ​ស្រុក​កំណើត​វិញ ជាមួយ​ការ​ដង្ហោយ​រក​បណ្តា​ផលិតកម្ម និង​អ្នក​រៀប​ចំ​កម្ម​វិធី​ខនសឺត​ បន្ត​ជួយ​លើក​ស្ទួយ​ដល់​រូប​នាង​សាជា​ថ្មី​ម្តង​ទៀត​ផង ។

អ្នក​នាង អឿន ស្រីមុំ បាន​បង្ហាញ​វត្ត​មាន​ នៅ​លើ​ឆាក​តន្ត្រី​របស់​ស្ថានីយ​ទូរទស្សន៍​អាស៊ី​អាគ្នេយ​ក្នុង កម្មវិធី​តន្ត្រី​ខារ៉ា​បាវ​ជា​លើក​ដំបូង​ កាល​ពីថ្ងៃ​សៅរ៍​ទី១៧​ និង​ថ្ងៃ​ទី១៨ ខែ​វិច្ឆិកា​​ក្នុង​កម្មវិធី​សិល្បៈ​ប្រជាប្រិយ​។​ វត្តមាន​ដំបូង​អ្នក​នាង​អឿន ស្រីមុំ នេះ​មិន​ត្រឹម​តែ​នាំ​មក​នូវ​ភាព​ភ្ញាក់​ផ្អើល​ចំពោះ​មហា​ជន​តែ​ប៉ុណ្ណោះ​ទេ មហាជន​ជា​ច្រើន​ក៏​មាន​ការ​ងឿង​ឆ្ងល់​ដែរ ខណៈ​ការ​បក​ស្រាយ​បទ​ចម្រៀង​ក្នុង​កម្មវិធី​នោះ នាង​ច្រៀង​សុទ្ធ​តែ​បទ​កម្សត់ៗ ហាក់​ចង់​បញ្ជាក់​ឲ្យ​ដឹង​ពី​ខ្សែ​ជីវិត​របស់​មួយ​រយៈ​ចុង​ក្រោយ​នេះ ពុំ​ទទួល​បាន​សេចក្តី​សុខ​នោះ​ឡើយ​។

នៅ​ក្នុង​កម្មវិធី​តន្រ្តី​ខារ៉ា​ បាវ​ កាល​ពីថ្ងៃ​សៅរ៍​ ទី១៧​ខែ​វិច្ឆិកា ដែល​ជា​ថ្ងៃ​ដែល​អ្នក​នាង ​អឿន​ ស្រី​មុំ​ បង្ហាញ​វត្តមាន​ជា​សាធារណៈ​នោះ​ ក្រៅ​ពី​បកស្រាយ​បទ​ចម្រៀង​ចំនួន​បី​បទ​ បទ​ទី១ ទូរស័ព្ទ​អ្នក​ណា ​បទ​ទី២ ​បួស​សង​គុណ​ម្តាយ​ និង​បទ​ទី៣​ ជឿ​ហើយ​ពាក្យ​ម៉ែ​នោះ។ ​ការ​ពិត​ណាស់ ក្រោយ​ពី​បញ្ចប់​ការ​បក​ស្រាយ​បទ​ចម្រៀង​នោះ អ្នក​នាង​អឿន ស្រីមុំ​ បាន​ថ្លែងពី​ទុក្ខ​លំបាក​ពេល​រស់​នៅ​ប្រទេស​កាណាដា​នោះ ស្រប​ទៅ​ហ្នឹង​អត្ថន័យ​បទ​ចម្រៀង​នោះ​មែន​ ដោយ​អ្នក​នាង​បាន​ប្រាប់​ថា ការ​រស់នៅ​របស់​នាង​នៅ​កាណាដា ឃ្លាត​ឆ្ងាយ​ពីស្រុក​កំណើត​ ឆ្ងាយ​ពី​អ្នក​មាន​គុណ​ ឆ្ងាយ​ពី​បង​ប្អូន​នោះ មិន​ជា​បាន​ស្រួល​ក្នុង​ចិត្ត​ទេ ហើយ​ក៏​ពុំ​ដែល​ទទួល​បាន​ការ​សប្បាយ​ក្នុង​ចិត្ត​ដែរ។  អ្នក​នាង​អឿន​ ស្រី​មុំ ក៏​បាន​បញ្ជាក់​ឲ្យ​ដឹង​ពី​ផល​លំបាក​របស់​នាង​ដែរ​ថា នាង​ពិបាក​ផ្លូវ​ចិត្ត​បំផុត ពិសេស​នៅ​ពេល​ដែល​រំឭក​ដល់​អាជីព​ជា​អ្នក​ចម្រៀង​ ដែល​ពោរពេញ​ទៅ​ដោយ​កិតិ្តយស​របស់​ខ្លួន។

ផ្ទុយ​ពី​សកម្មភាព​ដែល​នាង​បង្ហោះ ​រូប​ភាព​នៅ​ក្នុង​ហ្វេស​ប៊ុក​របស់​នាង ​ដែល​មើល​ទៅ​ហ៊ឺហា ​និង​មាន​សេចក្តី​សុខ​បំផុត​ជាមួយ​ស្វាមី​នៅ​បរទេស​នោះ​អ្នក​នាង​បាន​ ប្រាប់​បន្ថែម​ទៀត​ថា៖ «ខ្ញុំ​នៅ​កាណាដា ​ត្រូវ​ធ្វើ​ការ​ទាំង​យប់​ ទាំង​ថ្ងៃ ហើយ​បើទោះ​ជា​យូរៗ​បាន​ឡើង​ច្រៀង​ម្តង ក៏​មិន​មាន​អ្នក​គាំទ្រ​ច្រើន​ដូច​ស្រុក​ខ្មែរ​អ៊ីចឹង​ដែរ គឺ​មើល​ទៅ​កម្សត់​ណាស់​»។

ប៉ុន្តែ​នាង​មិន​បាន​ប្រាប់​ថា នាង​ធ្វើ​ការអ្វី​នៅ​កាណាដា​នោះ​ទេ។ ភាព​ត្អូញ​ត្អែ​រពី​ជីវិត​ដែល​ឃ្លាត​ឆ្ងាយ​ពី​ស្រុក​ទេស ត្រូវ​បាន​មហាជន​ជា​ច្រើន​ដែល​បាន​ស្តាប់​ឮនិង​មើល​ឃើញ​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​នោះ លើក​ឡើង​ថា ប្រហែល​ជា​ការ​ពិត​ហើយ ព្រោះ​ថា ការ​ដែល​ អឿន ស្រីមុំ រស់​នៅ​ប្រទេស​កាណាដា​នោះ​មិន​មែន​ជា​ការ​រស់​នៅ​ដោយ​ស្រប​ច្បាប់​ទេ។

ការ លើក​ឡើង​របស់​មហាជន​នោះ​ក៏​ស្រប​ទៅ​នឹង​ការ​ឲ្យ​ដឹង​ពី​ម្ចាស់​ស្ពនស័រ​នាំ​តារា​ចម្រៀង​​ទៅ​សម្តែង​ច្រៀង​នៅ​ក្រៅ​ប្រទេស កាណាដា ​លោក​ ឃុន ដេវីត ​ដែល​ខែ​មុន​លោក​បាន​ផ្ញើសារ​ឲ្យ​ភ្នំពេញ ប៉ុស្តិ៍ ដោយ​សរសេរ​ប្រាប់​ថា៖ «តារា​ចម្រៀង​ អឿន ​ស្រីមុំ​ បាន​រស់​នៅ​​កាណាដា ជាមួយ​ស្វាមី​តាំង​ពី​ឆ្នាំ​២០១០​មក​ ប៉ុន្តែ​ នាង​គ្មាន​សិទ្ធិ​រស់​នៅ​ជា​អចិន្រៃ្តយ៍​នោះ​ឡើយ»។

លោក ឃុន ដេវីត​ បាន​បញ្ជាក់​ថា៖ «អ្នក​នាង​ អឿន ស្រីមុំ កំពុង​រស់​នៅ​លើ​ទឹក​ដីកាណា​ដា ​ខុស​ច្បាប់​ ហើយ​កាល​ដែល​នាង​អាច​រស់​នៅ​បាន​យូរ រយៈពេល​២ឆ្នាំ គឺ​ដោយ​សារ​មាន​ការ​ធានា​ពី​ស្វាមី​របស់​នាង​»។ នៅ​ក្នុង​សារ​ផ្ញើ​មក​ឲ្យ​ភ្នំពេញ​របស់​លោក ឃុន ដេវីត​ នោះ ក៏​បាន​ឲ្យ​ដឹង​ដែរ ថា មិន​យូរ​ទេ ខាង​មុខ​ឆាប់ៗ​នេះ​អ្នក​នាង​ អឿន ស្រី​មុំ នឹង​វិល​មក​ប្រទេស​កម្ពុជា​​វិញ​ហើយ​ ព្រោះ​ថា​នាង​មិន​អាច​ទ្រាំទ្រ​នឹង​ជីវភាព​លាក់លៀម​ទៀត​ទេ។

យ៉ាង​ណា​ក៏​ ដោយ​ នៅ​ក្នុង​កម្មវិធី​តន្ត្រី​ខារ៉ា​បាវ​ កាល​ពីថ្ងៃ​សៅរ៍​ទី១​៧ ខែ​វិច្ឆិកា នាង​មិន​បាន​និយាយ​ដល់​ចំណុច​ ដែល​លោក​ ឃុន​ ដេវីត និយាយ​នោះ​ទេ។

តារា​ចម្រៀង​ដែល​បន្សាត់​ខ្លួន​ទៅ​រស់នៅ​លើ​ទឹក​ធ្លាក់ ព្រឹល​ជិត​៣​ឆ្នាំ​រូប​នេះ អះអាង​ថា៖ «គ្រាន់​តែ​មក​ដល់​ស្រុក​ខ្មែរ​ប៉ុន្មាន​ថ្ងៃ​ភ្លាម ​ក៏​រក​វិធី​ឡើង​ឆាក​ទូរទស្សន៍​ហ្នឹង​តែ​ម្តង ដើម្បី​ឲ្យ​​បង​ប្អូន​ទាំង​អស់​បាន​ដឹង​ថា អឿន ស្រីមុំ ខ្ញុំ​សុំ​ខ្លួន​មក​រស់​នៅ​ខ្មែរ​វិញ​។ ខ្ញុំ​មាន​ពាក្យ​មួយ​ម៉ាត់​គឺ​នឹក​កម្ពុជា ខ្ញុំ​ត្រូវ​តែ​មក​នៅ​កម្ពុជា​វិញ »។

លាយ​ឡំ​ជាមួយ​ដង្ហើម​អណ្តឺត​អណ្តក អ្នក​នាង អឿន ស្រីមុំ​ ដង្ហោយ​រក​ការ​ផ្តល់​ឱកាស​ពី​បណ្តា​ផលិត​កម្ម និង​អ្នក​រៀបចំ​កម្មវិធី​នៅ​គ្រប់​ស្ថាប័ន​ទាំង​អស់ ​មេត្តា​បន្ត​លើក​ស្ទួយ​ដល់​រូប​នាង​បាន​សាង​កេរ្តិ៍​ឈ្មោះ​ក្នុង​អាជីព ចម្រៀង​ម្តង​ទៀត​ផង​ នាង​បាន​ពាក្យ​លន់​តួថា « មាន​តែ​បង​ប្អូន​និង​បណ្តា​អ្នក​រៀប​ចំ​កម្មវិធី​ខនសឺត​និង​ផលិតកម្ម​ទេ​ដែល​អាច​ជួយ​ឲ្យ​ខ្ញុំ​មាន​កេរ្តិ៍​ឈ្មោះ​ក្នុង​អាជីព ចម្រៀង​នេះ​ឡើង​វិញ»៕

This content has been locked. You can no longer post any comments.
Show/hide comments
busy