ភ្នំពេញៈ ក្រោយពីបែកបាក់ស្នេហាជាមួយនឹងមន្ត្រីប៉ូលិស គង់ សុផារ៉ា ដែលជាស្នាមដានស្នេហ៍ដ៏អាក្រក់ក្នុងជីវិតនោះ នាង ស្វែង សុជាតា បានឲ្យដឹងថា ជីវិតរបស់នាងបានស្គាល់ពន្លឺជាថ្មីប្រៀបបាននឹងរស់ឡើងវិញជា លើកទី២ ក្រោយពេលដែលនាងមានការយកចិត្តទុកដាក់ និងផ្តល់ជាកម្លាំងចិត្តយ៉ាងពេញទំហឹងពីអ្នកជំនួញបរទេសជាមិត្តភក្តិម្នាក់ ហើយបុរសរូបនោះថែមទាំងបានផ្តល់ឱកាសឲ្យនាងបានទៅជាន់ទឹកដី ប្រទេសមីយ៉ាន់យ៉ាក្នុងការថតផ្សាយឲ្យទស្សនាវដ្តីដ៏ល្បីមួយរបស់ ប្រទេសនោះទៀតផង។
ជីវិតស្នេហារបស់តារាសម្តែងកាចឆ្នាស់ ឆ្នើមល្អឥតខ្ចោះនាង ស្វែង សុជាតា ទាំងពីរលើកហាក់ដូចជាមិនបានផ្តល់ភាពកក់ក្តៅឲ្យជីវិតនាងទទួល បាននូវន័យជីវិតនៅឡើយ ហើយស្នេហាចុងក្រោយជាមួយនឹងលោកមន្ត្រីប៉ូលិស គង់ សុផារ៉ា កាន់តែបង្កវិប្បដិសារីជីវិតឲ្យនាងកាន់តែធ្ងន់ធ្ងរជាងមុនទៅ ទៀត ខណៈដែលក្តីរំពឹងនៃការសាងអនាគតគ្រួសារថ្មីត្រូវរលាយក្រោម កណ្តាប់ដៃប្រុសព្រាន ហើយនាងបានទទួលរងការអាម៉ាស់មិនតិចឡើយ នៅពេលលោក គង់ សុផារ៉ា មួលបង្កាច់កិត្តិយសកេរ្តិ៍ឈ្មោះនាងជាសាធារណៈយ៉ាងចាស់ដៃ ស្របពេលដែលនាងត្រូវបង្ខំចិត្តជួបគ្រូពេទ្យយកកូនចេញពីក្នុង ផ្ទៃនោះ។
ស្វែង សុជាតា ស្ទើរតែបាក់ស្បាតនៅក្នុងជីវិតស្នេហា តែទោះជាយ៉ាងណានាងបានខិតខំប្រឹងប្រែងបន្តទៀត ដើម្បីអនាគតកូនទាំងទ្វេរបស់នាង។ នៅពេលនេះតារាសម្តែងដែលមានត្រេមុខកាចឆ្នាសរូបនេះ ហាក់ទទួលនូវជីវិតថ្មីប្រៀបបាននឹងផ្កាត្រូវទឹកសន្សើមរីកស្រស់ ប៉ប្រិមនាព្រឹកព្រហាមដូច្នេះដែរ។ ភាពស្រស់ស្រាយសប្បាយចិត្តជាថ្មីនេះ នាង ស្វែង សុជាតា បានឲ្យដឹងថា បណ្តាលមកពីរូបនាងបានជួបនឹងមិត្តភក្តិដ៏ល្អកម្របានជួបនៅ ក្នុងឆាកជីវិតរបស់នាងដែលជាជនជាតិអូស្ត្រាលី ដែលលោកគឺជាអ្នកជំនួញដ៏មានឥទ្ធិពលម្នាក់។ អ្នកដែលតារាសម្តែង ស្វែង សុជាតា ធ្វើការដឹងគុណយ៉ាងខ្លាំងរូបនោះ គឺលោក រ៉ូស ដាំងឃ្លី ជាអគ្គនាយកកាសែត The Myanmar Times នៅប្រទេសមីយ៉ាន់ម៉ាផងដែរ។
តារា សម្តែងដែលបរាជ័យនឹងចំណងស្នេហ៍ពីរលើកនាង ស្វែង សុជាតា បានឲ្យដឹងថា៖ «រូបខ្ញុំបានស្គាល់លោក រ៉ូស គឺជាសំណាងដ៏អស្ចារ្យមួយក្នុងជីវិត។ គាត់គឺជាមិត្តភក្តិដ៏ល្អបំផុតក្នុងជីវិតខ្ញុំមិនដែលជួប។ ដូចដឹងហើយថា ជីវិតខ្ញុំបានជួបបញ្ហាអ្វីខ្លះកន្លងមកខ្ញុំបាក់កម្លាំងចិត្ត ខ្លាំងណាស់ តែនៅពេលដែលខ្ញុំបានស្គាល់លោក រ៉ូស គាត់តែងតែនិយាយជាមួយខ្ញុំ ពន្យល់ខ្ញុំ និងផ្តល់កម្លាំងចិត្តដល់ខ្ញុំគ្រប់ពេល និយាយរួម រ៉ូស គឺគាត់បានផ្តល់ជីវិតថ្មីឲ្យខ្ញុំតែម្តង គាត់ជាមិត្តភក្តិ Best Of The Best (ដ៏ល្អបំផុត) សម្រាប់ជីវិតខ្ញុំ»។
ក្រៅពីការផ្តល់ កម្លាំងចិត្តយ៉ាងពេញទំហឹង និងពន្យល់ណែនាំផ្សេងៗ ស្វែង សុជាតា ក៏បានឲ្យដឹងផងដែរថា មិត្តភក្តិបរទេសជនជាតិអូស្ត្រាលីរូបនេះ ក៏បានផ្តល់ឱកាសការងារថ្មីដល់រូបនាងទៀតផង។ តារារូបនេះបានឲ្យដឹងថា រូបនាងបានឱកាសចេញទៅថតម៉ូដឲ្យទស្សនាវដ្តីដ៏ល្បីបំផុតនៅ ប្រទេសមីយ៉ាន់ម៉ា ក៏ដោយសារលោក រ៉ូស ដាំងឃ្លី ដែរ។
នាងបាននិយាយ ថា៖ «ក្រោយពេលខ្ញុំស្គាល់លោក រ៉ូស ដាំងឃ្លី ក្រៅពីគាត់ជួយយកអាសា គាត់ក៏បានផ្តល់ឱកាសការងារដល់រូបខ្ញុំដែរ គឺគាត់បានអញ្ជើញរូបខ្ញុំទៅថតម៉ូដឲ្យទស្សនាវដ្តីដ៏ល្បីបំផុត នៅមីយ៉ាន់ម៉ា ឈ្មោះថា Now ហើយក្រៅពីនោះខ្ញុំក៏ទទួលបានឱកាសដើរកម្សាន្តនៅប្រទេសនោះយ៉ាង សប្បាយរីករាយជាលើកដំបូងនៅក្នុងឆាកជីវិតផងដែរ»។
នាងបាន បញ្ជាក់ថា៖ «ខ្ញុំពិតជារំភើប និងមានមោទនភាពមែនទែនជាមួយវត្តមានតារាសម្តែងកម្ពុជាជាលើកដំបូង ដែលបានថតដាក់លើក្របមុខរបស់ទស្សនាវដ្តីរបស់មីយ៉ាន់ម៉ា»។
ការកម្សាន្តរបស់ស្វែង សុជាតា នៅមីយ៉ាន់ម៉ា
តារា រូបនេះបានចំណាយពេលពេញមួយសប្តាហ៍ដើម្បីបំពេញការងាររបស់ខ្លួន ឲ្យទស្សនាវដ្តី Now ហើយក្រៅពីនោះនាងបានចំណាយពេលជាច្រើនដើម្បីដើរកម្សាន្ត និងស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជាជនប្រទេសមីយ៉ាន់ម៉ា។ អ្នកនាង ស្វែង សុជាតា បានឲ្យដឹងថា មីយ៉ាន់ម៉ា គឺជាប្រទេសដ៏ទាក់ទាញ និងអស្ចារ្យមួយ ដែលប្រជាជនកម្ពុជាគួរតែចំណាយពេលមកទស្សនា និងស្វែងយល់ពីប្រទេសមួយនេះ។
នាង និយាយថា៖ «ខ្ញុំបានចំណាយពេលពេញមួយសប្តាហ៍នៅទីនេះ។ ដំបូងឡើយ ខ្ញុំបានឮថា ប្រទេសនេះគ្រោះថ្នាក់ណាស់ ដូចជាប្រទេសកម្ពុជាសម័យប៉ុល ពត អ៊ីចឹង ខ្ញុំភ័យខ្លាចណាស់នៅពេលទៅដល់ តែភ្លាមនោះ ខ្ញុំបានឃើញ និងដឹងថា មីយ៉ាន់ម៉ា ពិតជាស្រដៀងគ្នានឹងកម្ពុជា តែប្រទេសនេះធំណាស់»។ នាងបន្តថា៖ «ខ្ញុំដឹងថា ប្រទេសនេះមានសុវត្ថិភាពណាស់នៅពេលខ្ញុំដើរនៅតាមដងផ្លូវ គ្មានអ្នកណាម្នាក់កញ្ឆក់កាបូបដៃ ឬក៏កន្ត្រាក់ខ្សែកខ្ញុំនោះទេ។ អំពើឧក្រិដ្ឋនានាពិតជាមានកម្រិតទាប ហើយប្រជាជនមីយ៉ាន់ម៉ាពិតជារួសរាយណាស់»។
តារា សម្តែងរូបនេះបានឲ្យដឹងបន្ថែមថា ប្រទេសនេះមិនទាន់មានអ្វីរីកចម្រើនខ្លាំងក្លានោះទេ សូម្បីតែតាក់ស៊ី ក៏ត្រូវការឲ្យមានការផ្លាស់ប្តូរដែរ។ នៅទីក្រុងយ៉ាំងហ្គោន គ្មានម៉ូតូឡើយ វាជាទីក្រុងដ៏ធំមួយដែលមានប្រជាជនរស់នៅប្រហែល៥លាននាក់។ ទីក្រុងនេះធំជាងរាជធានីភ្នំពេញ តែវាមិនទាន់មានការអភិវឌ្ឍដូចទីក្រុងបាងកកទេ»។
នៅពេលទៅដល់ មិនបានប៉ុន្មានផង តារារូបនេះហាក់មានការយល់ដឹងផ្នែកនយោបាយច្រើននៅប្រទេស មីយ៉ាន់ម៉ា ដោយនាងបាននិយាយថា៖ «ប្រទេសមីយ៉ាន់ម៉ាគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់យោធាអស់រយៈ ពេល៥០ឆ្នាំមកហើយ គិតត្រឹមឆ្នាំ២០១០ ដែលការបោះឆ្នោតដោយសេរីត្រូវបានគេរៀបចំឡើង។ ម្ចាស់ពានរង្វាន់ណូបែលសន្តិភាព អ្នកស្រីអង់សាន ស៊ូជី ឥឡូវគឺជាមេដឹកនាំបក្សនយោបាយដោយផ្ទាល់ខ្លួន ហើយប្រជាជនគ្រប់រូបរីករាយនឹងការឈានចូលមកដល់នៃលទ្ធិប្រជាធិតេយ្យ»។
ទាំងការធ្វើដំណើរតាមទីកម្សាន្តនានា និងការបំពេញការងារ អ្នកនាង ស្វែង សុជាតា បានឲ្យដឹងថា តាមរយៈទឹកមុខនៃស្នាមញញឹមរបស់ប្រជាជនមីយ៉ាន់ម៉ា ជាភស្តុតាងយ៉ាងច្បាស់ថា ប្រជាជនរបស់ប្រទេសមួយនេះមានចរិតសុភាពរាបសា គួរសម និងពោរពេញដោយក្តីគោរព។ ប្រជាជនភូមាបានផ្តល់តម្លៃយ៉ាងខ្ពស់ដល់ព្រះពុទ្ធសាសនាដូចប្រទេសកម្ពុជាដែរ។ ពួកគេមានជំនឿជាក់លើសាសនានេះ ហើយនៅពេលមានភ្ញៀវទេសចរទៅដល់ប្រទេសនេះ គេតែងណែនាំឲ្យទៅទស្សនាវត្តព្រះពុទ្ធដ៏ល្បីមួយឈ្មោះ ស្វេដាហ្គន ដែលវត្តនេះមានប្រក់មាសទម្ងន់៣០តោន ហើយប្រាកដណាស់វត្តនេះជាវត្តដ៏សំខាន់បំផុតរបស់ពុទ្ធសាសនា ថេរវាទ។
តារាដែលបានជាន់ទឹកដីភូមាដោយភាពចៃដន្យរូបនេះបាននិយាយថា៖« ពេលខ្ញុំទៅដល់វត្តហ្នឹង ខ្ញុំពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយខ្ញុំគិតថា ប្រជាជនកម្ពុជាភាគច្រើនប្រាថ្នាចង់ឃើញទិដ្ឋភាពបែបនេះ។ ស្វេដាហ្គន គឺជាសំណង់ដែលបានសាងសង់ដំបូងបំផុតដែលមានអាយុកាលប្រមាណ២៥០០ ឆ្នាំមកហើយ ដែលនៅខាងក្នុងនោះមានព្រះកេសា(សក់)ព្រះពុទ្ធចំនួន៣សរសៃ»។
តារា សម្តែងដែលបានទៅដល់ទឹកដីភូមាជាលើកដំបូងនេះ ក៏បានឲ្យដឹងផងដែរថា ទោះបីជានាងទៅដល់ទីនោះតែម្នាក់ឯងក៏ដោយ តែនាងពិតជាមានភាពកក់ក្តៅជាមួយនឹងក្រុមការងាររបស់ទស្សនាវដ្តី Now ហើយអ្វីដែលពិសេសជាងនោះទៅទៀត គឺនាងទទួលបានការយកចិត្តទុកដាក់ពីលោក រ៉ូស ដាំងឃ្លី ដែលជាមិត្តភក្តិ និងជាអគ្គនាយកកាសែត The Myanmar Times។ នាងបានបន្តថា នាងបានស្នាក់នៅផ្ទះរបស់លោក រ៉ូស ដាំងឃ្លី ដែលជាអ្នកជំនួញល្បីឈ្មោះម្នាក់នៅទីនោះ។
នាងនិយាយថា៖«នោះ គឺជាពេលវេលាដ៏សប្បាយរីករាយអស្ចារ្យមួយ ដែលខ្ញុំទៅដល់ប្រទេសនោះ ហើយបានស្នាក់នៅផ្ទះរបស់លោក រ៉ូស ដែលជាផ្ទះភូមាគួរឲ្យស្រឡាញ់មានដើមឈើដុះអមតាមផ្លូវមិនឆ្ងាយ ប៉ុន្មានពីស្វេដាហ្គន»។
បើនិយាយពីការងារវិញ ស្វែង សុជាតា ឲ្យដឹងថា នាងពិតជារំភើបនៅពេលដែលរូបថតរបស់នាងនឹងត្រូវចុះផ្សាយនៅលើ ក្របមុខរបស់ទស្សនាវដ្តីមីយ៉ាន់ម៉ាឈ្មោះថា Now ដែលនោះគឺជាឱកាសដំបូងបំផុតរបស់សិល្បករកម្ពុជា។
តារារូបនេះ និយាយថា៖«ខ្ញុំបានធ្វើការងារជាមួយនឹងអ្នកលេងស្តាយ និងថតរូប រួមជាមួយនឹងក្រុមការងារមួយចំនួនទៀតទាំងក្នុង និងក្រៅស្ទូឌីយោ។ ខ្ញុំបានជួបនឹងអ្នកសារព័ត៌មាន និងការីនិពន្ធជាច្រើនរូប ដែលខ្ញុំអាចនិយាយបានថា ពួកគាត់ធ្វើការប្រកបដោយវិជ្ជាជីវៈខ្ពស់។ ជាមួយគ្នានេះ ខ្ញុំគិតថា ខ្ញុំអាចធ្វើការងារបានល្អ។ ជាការពិតណាស់ ខ្ញុំគឺជាតារាសម្តែងកម្ពុជាទីមួយ ដែលបានថតឲ្យទស្សនាវដ្តីមីយ៉ាន់ម៉ា ហើយទំនាក់ទំនងផ្សេងទៀតនឹងបន្តកើតមានរវាងប្រទេសទាំងពីរ»។
ការមកដល់កម្ពុជា ស្វែង សុជាតា នៅតែអះអាងប្តឹង គង់ សុផារ៉ា
បន្ទាប់ ពីធ្លាយចំណងស្នេហ៍ផ្អែមល្ហែមបានបន្តិច តារាសម្តែងនាង ស្វែង សុជាតា និងលោក សុផារ៉ា ក៏បានបញ្ចប់វិញភ្លាមៗជាមួយនឹងរឿងអាស្រូវបរិហារកេរ្តិ៍មួល បង្កាច់គ្នាយ៉ាងអាម៉ាស់ ខណៈដែល ស្វែង សុជាតា សុខចិត្តទម្លាក់កូនចេញ ស្របពេលលោក សុផារ៉ា បានដាក់ពាក្យបងនាង និងសម្តែងទង្វើមិនទទួលខុសត្រូវចំពោះនាងនោះ។
ឆ្លើយតបនឹងការ បរិហារកេរ្តិ៍របស់អតីតគូស្នេហ៍ ភ្លាមនោះ ស្វែង សុជាតា ក៏គ្រោងនឹងដាក់ពាក្យបណ្តឹងភ្លាមដែរ ប៉ុន្តែលោក គង់ សុផារ៉ា ក៏ចេញមុខសន្យាថានឹងធ្វើការសុំទោសនាងជាសាធារណៈចំពោះការកាឡៃ រឿងរបស់ខ្លួនបង្ខូចកេរ្តិ៍ឈ្មោះនាង ប៉ុន្តែមកទល់នឹងពេលនេះ គេនៅមិនទាន់ឃើញការសុំទោសរបស់ គង់ សុផារ៉ា នៅឡើយ។ ដូច្នេះហើយបានជាតារាសម្តែង ស្វែង សុជាតា ក្តៅស្លឹកត្រចៀក ហើយបានទាមទារឲ្យលោក សុផារ៉ា ធ្វើតាមការសន្យា។ នាងបានដាក់ពេលកំណត់ឲ្យលោក គង់ សុផារ៉ា ផុតកំណត់ខែនេះ(វិច្ឆិកា) ដើម្បីសុំទោសនាងជាសាធារណៈ បើមិនដូច្នេះទេ នាងនឹងដាក់ពាក្យបណ្តឹង ហើយនឹងធ្វើឲ្យមន្ត្រីក្រសួងមហាផ្ទៃលោក គង់ សុផារ៉ា ខ្មាសគេនៅតុលាការមិនខាន។
ក្រោយត្រឡប់មកពីមីយ៉ាន់ម៉ាវិញ តារាដែលមានទេពកោសល្យសម្តែងឆ្នាសឆ្នើមរូបនេះបាននិយាយថា៖ «ខ្ញុំកំពុងចាត់ចែងឲ្យមេធាវីខ្ញុំសើរើបណ្តឹងលោក គង់ សុផារ៉ា វិញ។ ខ្ញុំមិនបញ្ចប់ត្រឹមហ្នឹងទេ បើលោក សុផារ៉ា មិនចេញមុខសុំទោសខ្ញុំជាសាធារណៈតាមការសន្យានោះ។ គេបានវាយប្រហារខ្ញុំ និងបរិហារកេរ្តិ៍ខ្ញុំខ្លាំងណាស់»។
នាង បានបញ្ជាក់ថា៖ «គេបង្ខូចឈ្មោះខ្ញុំសាហាវណាស់ ឥឡូវហ្នឹងជិតផុតខែ១១ហើយ ខ្ញុំទុកពេលឲ្យគេយូរហើយ បើគេមិនសុំទោសខ្ញុំជាសាធារណៈទេ អាហ្នឹងខ្ញុំនឹងប្តឹងហើយខ្ញុំនឹងធ្វើឲ្យគេខ្មាសគេឯងនៅតុលាការ ម្តង។ ខ្ញុំត្រូវការស្វែងរកយុត្តិធម៌ឲ្យខ្លួនឯង និងចង់រកខុសត្រូវចំពោះអ្នកបំផ្លាញជីវិតខ្ញុំ។ តើមួយរយៈហ្នឹងខ្ញុំបាត់បង់អ្វីខ្លះ?»៕
ភ្នំពេញ ប៉ុស្តិ៍










