ភ្នំពេញៈ ស្ថិតនៅវ័យផ្កាក្រពុំ១៨ឆ្នាំ អ៊ីវ៉ា ដែលជាតារាចម្រៀងមានសាច់សខ្ចីជាការទាក់ទាញពីហ្វូងកន្លង់ នោះ ពេលនេះកំពុងទទួលការគាំពារពីឪពុកម្តាយយ៉ាងខ្លាំង ខណៈនៅអំឡុងពេលនេះនាងក៏ត្រូវបានឪពុករបស់នាងហាមប្រាមដាច់ខាត មិនឲ្យប្រើទូរស័ព្ទ និងលេងហ្វេសប៊ុកដែរ។
ក្រោយពេលដែលទទួល រងការវាយប្រហារយ៉ាងចាស់ដៃពីសំណាក់មនុស្សម្នាក់ជុំវិញរឿង អាស្រូវស្នេហានៅលើប្រព័ន្ធហ្វេសប៊ុកនោះ គេក៏សង្កេតឃើញតារាចម្រៀងវ័យក្មេងនាងអ៊ីវ៉ាបានប្តូរមកជិះរថយន្តម៉ាក Rang Rover ដ៏ទំនើបមួយគ្រឿងធ្វើមិនដឹង និងនាំឲ្យមានភាពភ្ញាក់ផ្អើលគ្រប់មជ្ឈដ្ឋាន ពិសេសនៅក្នុងសង្គមសិល្បៈដែលមានវ័យក្រាស់ជាងនាង និងវ័យស្របាលគ្នា ខណៈដែលនៅពេលនេះប្រជាប្រិយភាពរបស់នាងហាក់មានការធ្លាក់ចុះជាង មុន និងរកចំណូលមិនបានក្រាស់ក្រែលដូចពេលមុននោះ។
ប៉ុន្តែភាព ភ្ញាក់ផ្អើលដែលបន្សល់ជាចម្ងល់មួយនេះ ត្រូវបានតារាចម្រៀងវ័យក្មេងនាង អ៊ីវ៉ា ផ្តល់ចម្លើយនៅពេលនេះថា រថយន្តម៉ាកទំនើបដែលនាងបានជិះចូលរួមនៅក្នុងកម្មវិធីដែលបង្ក ឲ្យមានភាពភ្ញាក់ផ្អើលនោះ មិនមែនជាកម្មសិទ្ធិរបស់នាងឡើយ ពោលគឺរថយន្តម៉ាក Rang Rover នោះ ជារបស់ទ្រព្យផ្ទាល់របស់លោកពូនាងដែលគាត់ឲ្យនាងខ្ចីជិះនៅពេល រថយន្តរបស់នាងមានបញ្ហា។
អ៊ីវ៉ា និយាយថា៖«អូបង! រថយន្តទំនើប Rang Rover ដែលខ្ញុំជិះថ្ងៃទៅចូលរួមកម្មវិធីហ្នឹង មិនមែនជារថយន្តកម្មសិទ្ធិរបស់ខ្ញុំទេ ឡានហ្នឹងជារបស់ពូខ្ញុំដែលគាត់បានឲ្យខ្ញុំខ្ចីជិះ។ នៅថ្ងៃហ្នឹង ឡានខ្ញុំស្រាប់តែខូច អ៊ីចឹងអត់មានឡានជិះទៅចូលរួមកម្មវិធីទេ ពូខ្ញុំក៏ប្រាប់ថា ឲ្យយកឡានគាត់ម៉ាក Rang Rover ហ្នឹងទៅ ខ្ញុំក៏យកជិះ គឺឡានហ្នឹងមិនមែនរបស់កម្មសិទ្ធិខ្ញុំទេ»។
នៅប៉ុន្មានខែមុន នេះ តារាចម្រៀងនាង អ៊ីវ៉ា ត្រូវបាននារីម្នាក់បានប្រើពាក្យជេរប្រមាថនៅលើប្រព័ន្ធបណ្តាញ សង្គមហ្វេសប៊ុកយ៉ាងចាស់ដៃ ដោយបានធ្វើការចោទប្រកាន់កុលាបផលិតកម្មសាន់ដេនាង អ៊ីវ៉ា ថា បានលួចមានទំនាក់ទំនងស្នេហាជាមួយនឹងប្តីរបស់បងស្រីរបស់ខ្លួន។ អ្នកលេងហ្វេសប៊ុកដែលបានធ្វើការចោទប្រកាន់តារាចម្រៀងរូបនេះ បាននិយាយនៅលើបណ្តាញសង្គមនោះថា អ៊ីវ៉ា បានលួចមានទំនាក់ទំនងស្នេហាជាមួយនឹងបុរសម្នាក់ដែលត្រូវជាបង ថ្លៃរបស់ខ្លួន ទោះបីជាដឹងថា បុរសរូបនោះ មានប្រពន្ធ និងកូនរួចហើយក្ដី។ ប្រភពនោះបន្តថា ដោយសារតែមានវត្តមាន អ៊ីវ៉ា ជាជនទី៣នោះ បានធ្វើឲ្យជម្លោះនៅក្នុងគ្រួសារបងស្រីរបស់គេកាន់តែរីកធំ រហូតពេលខ្លះសឹងតែឈានដល់ការចែកផ្លូវគ្នាទៀតផង។
ទោះបីជា មានការលើកឡើងបែបនេះក្តី តែតារាចម្រៀង អ៊ីវ៉ា និងគ្រួសាររបស់នាង បានធ្វើការបដិសេធភ្លាមៗ ដោយលើកឡើងថា នាងជាមនុស្សបរិសុទ្ធ នាងមិនដែលមានចំណងស្នេហាបែបនេះឡើយ កុំថាឡើយស្នេហាប្តីគេ សូម្បីតែភ្លើងស្នេហ៍គ្រាដំបូងក៏នាងមិនធ្លាប់មានដែរ។
តារាចម្រៀងវ័យក្មេងរូបនេះបានធ្វើការបកស្រាយជាថ្មីថា៖« ជាការពិតណាស់បង ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលខ្ញុំបានដឹងពីការចោទ ប្រកាន់បែបនេះ។ ខ្ញុំគិតថា មានអ្នកគេយល់ច្រឡំ ឬក៏គេចង់ធ្វើបាបខ្ញុំ ព្រោះរូបខ្ញុំផ្ទាល់មិនធ្លាប់លេងហ្វេសប៊ុកនោះទេតាំងពីដើមមក។ ខ្ញុំចង់បញ្ជាក់ម្តងទៀតថា កុំឲ្យមានការយល់ច្រឡំ នាងខ្ញុំ អ៊ីវ៉ា មិនមានជាប់ពាក់ព័ន្ធនឹងរឿងនោះឡើយ»។
ស្របគ្នានេះ អ៊ីវ៉ា ក៏បានអះអាងផងដែរថា រូបនាងនៅមិនទាន់មានម្ចាស់បេះដូងនៅឡើយទេ ដោយនាងគិតថា នាងនៅមានវ័យក្មេងខ្ចីពេក។ នាងបញ្ជាក់ថា៖«ខ្ញុំមានវ័យ១៨ឆ្នាំ រឿងស្នេហាហ្នឹង ខ្ញុំមិនដែលបានគិតទេ ខ្ញុំគិតថា នៅមិនទាន់ដល់ពេលដែលខ្ញុំត្រូវគិតរឿងទាំងនោះឡើយ»។
កុំថា ឡើយដល់មានស្នេហា សូម្បីតែទូរស័ព្ទប្រើប្រាស់សព្វថ្ងៃក៏នាងមិនមានប្រើដែរ តែនេះមិនមានន័យថា តារាចម្រៀងសាច់សខ្ចីរូបនេះគ្មានប្រាក់ទិញទូរស័ព្ទម៉ាកទំនើបៗ ប្រើនឹងគេនោះទេ ពោលគឺឪពុកនាងមិនអនុញ្ញាតឲ្យប្រើទូរស័ព្ទ និងលេងហ្វេសប៊ុកតែម្តង។ ប៉ុន្តែអ៊ីវ៉ា មិនបានគិតថា នោះជាការបិទសិទ្ធិទេ ផ្ទុយទៅវិញនាងបែរជាសប្បាយចិត្ត ព្រោះនាងក៏មិនចង់ប្រើទូរស័ព្ទ ឬក៏លេងហ្វេសប៊ុកដែរ ព្រោះក្លាចមានភាពរញ៉ារញ៉ៃកើតឡើង។
នាងបាននិយាយថា៖«ខ្ញុំមិន មានទូរស័ព្ទប្រើទេ ឪពុករបស់ខ្ញុំហាមមិនឲ្យប្រើទូរស័ព្ទឡើយ ពេលគេចង់ទាក់ទងខ្ញុំច្រៀង ឬអីនោះ គេខលមកម្តាយខ្ញុំ។ គាត់មិនឲ្យប្រើក៏ល្អដែរ ព្រោះខ្ញុំក៏មិនចង់ប្រើដែរ ខ្លាចរញ៉េរញ៉ៃច្រើន»។
ការហាមឃាត់មិនឲ្យប្រើទូរស័ព្ទ ឬលេងហ្វេសប៊ុកនោះ ទំនងជាឪពុកតារាចម្រៀងរូបនេះ មានការភ័យខ្លាច ឬក៏បារម្ភពី អ៊ីវ៉ា ក្រោយពេលដែលតារាចម្រៀងវ័យក្មេងសាន់ដេរូបនេះកើតមានបញ្ហាការជេរ ប្រទេចនៅលើហ្វេសប៊ុកយ៉ាងចាស់ដៃហើយមើលទៅ? តែបញ្ហានេះ ត្រូវបាន អ៊ីវ៉ា បដិសេធ ដោយនាងលើកឡើងថា នាងមិនធ្លាប់កើតមានរឿងអាក្រក់បែបនេះឡើយ ហើយការមិនឲ្យប្រើទូរស័ព្ទនោះក៏ព្រោះតែឪពុករបស់នាងមិនចង់ឲ្យ មានអ្នករញ៉េរញ៉ៃ ដែលនោះគឺត្រូវម៉ាច់នឹងចិត្តនាងតែម្តង។
តារាចម្រៀងវ័យក្មេងសំឡេងល្អរូបនេះ បញ្ជាក់ថា នាងមិនទាន់ចង់ប្រឡូករឿងស្នេហាឡើយ៕
ភ្នំពេញ ប៉ុស្តិ៍






