ភ្នំពេញ : ការអូសបន្លាយកាលកំណត់ទៅសម្តែងនៅប្រទេសកាណាដារបស់នាង កុល ដាវី ដោយសារដៃគូនាងឆៃលី ដាឡែន ជួបនូវបញ្ហាជាមួយនឹងស្ថានទូតកាណាដានោះ ពេលនេះខាងស្ពនស័របានសម្រេចប្តូរដៃគូដោយយកតារាចម្រៀងលោក សុខ រក្សា ជំនួសវិញ។ នាងកុល ដាវី បានប្រាប់ថា នាង និង លោក សុខ រក្សា នឹងឡើងយន្តហោះទៅសម្តែងប្រទេសកាណាដា នៅថ្ងៃទី២៧ ខែវិច្ឆិកានេះហើយ។
មុននេះមិនត្រឹមតែ កុល ដាវី និង ឆៃលី ដាឡែន ទេដែលប្រកាសពីវត្តមាន ថាខ្លួននឹងលេចវត្តមាននៅលើទឹកដីកាណាដា នៅចុងខែតុលាមុននោះ។ សូម្បីតែអ្នកស្ពនស័រលោក ឃុន ដេវីដ ក៏បានផ្សព្វផ្សាយពីវត្តមាន និងបានបោះក្រដាសផ្សព្វផ្សាយចែកជូនបងប្អូនខ្មែរនៅកាណាដា រហូតមានទាំងអ្នកកក់សំបុត្រចូលទស្សនាទៀតផង ឯបុរសៗមួយចំនួននៅទីនោះក៏ត្រៀមធ្វើខួបកំណើត និងរំពឹងក្រេមរសជាតិស្រាក្រហមជាមួយស្រីស្រស់សិចស៊ីទាំងពីរ ដួងនេះទៀតផង។ ប៉ុន្តែពួកនាងមិនបានបង្ហាញវត្តមានខ្លួនតាមការគ្រោងទុកឡើយ។
លោក ឃុន ដេវីដ ដែលជាអ្នកនាំតារាពីដួងទៅសម្តែងនៅប្រទេសកាណាដានោះ បានឲ្យដឹងថា៖ «បើតាមកាលកំណត់ពីមុននោះ កុល ដាវី និងឆៃលី ដាឡែន ត្រូវទៅសម្តែងនៅកាណាដា តាំងពីចុងខែតុលា ប៉ុន្តែរងការខកខានមិនបានទៅតាមគម្រោង ដោយសារតែតារាខ្លះគាត់មិនអាចបំពេញសំណុំបែបបទតាមសំណើរតម្រូវដោយ ស្ថានទូតកាណាដាប្រចាំក្រុងបាងកកបាន»។
លោកថ្លែងក្នុងសារ អេឡិចត្រូនិកថា៖ «នៅខាងស្ថានទូតកាណាដា គេបានទាក់់ទងមកកញ្ញា ឆៃលី ដាឡែន ដើម្បីសួរនាំពីដំណើរទៅសម្តែងនៅប្រទេសកាណាដា មានរយៈពេលប៉ុន្មានថ្ងៃ នឹងចង់ឲ្យនាងយកឯសារមួយចំនួនទៅបំពេញបន្ថែម តែខលមកនាងមិនលើកទូរស័ព្ទ ទើបដំណើរទៅសម្តែងនេះត្រូវបានពន្យារពេល»។
ដ្បិតថាអវត្តមាន ឆៃលី ដាឡែន ប៉ុន្តែគម្រោងនោះ មិនបានលុបចោទនោះទេ ដោយខាងសមាគមខ្មែរនៅកាណាដា បានរៀបចំសំណុំឯកសាររួចរាល់អស់ហើយឲ្យលោក លោក សុខ រក្សា ទៅសម្ដែងជាមួយនាង កុល ដាវី វិញ។
តារាស្រីល្បីខាងសិចស៊ី កុល ដាវី បានថ្លែងថា៖ «ពេលនេះអ្វីៗដំណើរការរលូនហើយ មិនមានការខកខានទៀតទេ ហើយខ្ញុំនឹងឡើងយន្តហោះទៅសម្តែងនៅកាណាដា នៅថ្ងៃទី២៧ ខែវិច្ឆិកា ហ្នឹងហើយ ជាមួយនឹងលោក សុខ រក្សា។ រីឯកញ្ញា ឆៃលី ដាឡែន គាត់ត្រូវផ្លាស់ទៅបារាំងវិញ»។
នាងក៏បានលើកឡើងឲ្យដឹងបន្តថា៖ «ខ្ញុំនិងលោកសុខ រក្សា មានការត្រៀមលក្ខណៈបានល្អណាស់ក្នុងការចេញទៅសម្តែងនៅកាណាដានេះ ពោលគឺពួកយើងបានធ្វើការហាត់សមបទចម្រៀងជាមួយគ្នារួចរាល់ហើយ ដែរ»។
ថ្វីដ្បិតថាការចេញទៅសម្តែងក្រៅប្រទេសនេះជាលើកទីមួយ និងមិនមែនជំនាញពិត របស់នាង កុល ដាវីក៏ដោយតែ នាងហាក់មានជំនឿក្នុងការទទួលបានជោគជ័យ ដោយនាងលើកឡើងថា៖ «ដ្បិតថា ដំណើរចេញទៅសម្តែងនៅកាណាដា ជាការបើកឆាករបស់ខ្ញុំជាលើកដំបូង តែខ្ញុំមានការជឿជាក់លើសមត្ថភាព និងទេពកោសល្យរបស់ខ្ញុំ ថាអាចធ្វើកើតឬមិនកើតនោះ»។
តារាចូលចិត្តសម្ញែងដើមទ្រូងរូប នេះបានប្រាប់ថា៖ «ខ្ញុំបានធ្វើការហាត់រៀនច្រៀង បទចម្រៀងពីដើមៗបានច្រើនបទដែរ ដែលភាគច្រើនបទឆ្លងឆ្លើយ និងជាការពេញនិយមរបស់បងប្អូនខ្មែរនៅក្រៅស្រុក ជាមួយនឹងសម្លៀកបំពាក់បែបប្រពៃណីខ្មែរ»។
ចំណែកឯលោក សុខ រក្សា ក៏បានឲ្យដឹងផងដែរ លោកបានប្រាប់ថា៖ «ខ្ញុំបានចូលទៅធ្វើតេស្តនៅស្ថានទូតកាណាដា នៅក្រុងបាំងកក កាលពីថ្ងៃទី១៥ខែ វិច្ឆិកាជាមួយនឹងកញ្ញា កុល ដាវី ហើយពួកខ្ញុំក៏បានធ្វើការហាត់សមបទចម្រៀងជាមួយគ្នាកាលពីនៅ បាំងកកនោះបានខ្លះៗហើយដែរ»៕
ភ្នំពេញ ប៉ុស្តិ៍








