ភ្នំពេញៈ ក្រោយពីឆ្លងកាត់ការហ្វឹកហាត់ និងប្រកួតប្រជែងតារាម៉ូដែលHiruscar អស់ជាច្រើនខែមកកម្មវិធីCambodaia Fashion Week ឆ្នាំ 2012 បានស្វែងរកឃើញតារាម៉ូដែលឈ្នះក្នុងការប្រកួតប្រជែងនិងអតិថិជនដែលឈ្នះក្នុងការបោះឆ្នោតគាំទ្រ ដើម្បីតំណាងឲ្យផលិតផល Hiruscar ហើយ។
កាលពីល្ងាចថ្ងៃទី២១ខែធ្នូឆ្នាំ២០១២ក្រុមហ៊ុនDKSHកម្ពុជាបានរៀបចំកម្មវិធីប្រគល់រង្វាន់ដល់តារាម៉ូដែលឈ្នះក្នុងការប្រកួតប្រជែងនិងអតិថិជនឈ្នះក្នុងការបោះឆ្នោតគាំទ្របន្ទាប់ពីកម្មវិធីវគ្គប្រកួតប្រជែងផ្ដាច់ព្រ័ត្រប្រព្រឹត្តទៅកាលពីថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០១២កន្លងទៅថ្មីៗនេះត្រូវបានបញ្ចប់ជាស្ថាពរ។
អ្នកស្រី ឃឹម សារ៉ន ប្រធានផ្នែកOPMនៃក្រុមហ៊ុន DKSH បានថ្លែងនៅក្នុងពិធីប្រគល់រង្វាន់នោះថា៖ «កម្មវិធីនេះជាគម្រោងមួយសហការនិងផ្ដើមគំនិតពី Hiruscar និង កម្មវិធី Cambodia Fashion Week ដោយមានគោលបំណងសំខាន់រួមគឺភាពល្អបំផុតរបស់មនុស្សពឹងផ្អែកមិនត្រឹមតែសម្រស់នោះទេប៉ុន្តែក៏អាស្រ័យលើអត្តចរិតរស់នៅប្រចាំថ្ងៃផងដែរ»។
កិច្ចសហការគ្នាបានស្វែងរកនូវតារាម៉ូដែលឆ្នើមដែលដើមឡើយជាបុគ្គលគ្មានការជឿជាក់លើសម្រស់ខាងក្រៅរហូតក្លាយជាតារាម៉ូដែលដ៏ប៉ិនប្រសប់និងមានសម្រស់ស្រស់ផូរផង់ថែមទៀត។
កញ្ញា អ៊ឹង គឹមវី ជាអ្នកឈ្នះនឹងទទួលបានទឹកប្រាក់១ពាន់ដុល្លារនិងបានចុះកិច្ចសន្យានៅក្នុងពិធីប្រគល់រង្វាន់នេះជាអ្នកតំណាងផលិតផលHiruscar ពេញមួយឆ្នាំពោលគឺចាប់ពីថ្ងៃទី១ខែមករាដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ សម្រាប់ផលិតផលបំបាត់ស្លាកស្នាម Hiruscar របស់ប្រទេសស្វ៊ីស៕
ភ្នំពេញ ប៉ុស្តិ៍






