Headlines:

ក្រោយ​ផ្ទុះ​ជម្លោះ​នៅ M ពេជ្រ សូលិកា និង នីកូ មក​ជ្រក​នៅ​ថោន



130516_20b
តារា​ចម្រៀង នីកូ និង ពេជ្រ សូលិកា ដែល​គេ​ថា​ដឹក​ដៃ​គ្នា​ចូល​ថោន​​។ រូបថត សេត គឹមសឿន

ភ្នំពេញៈ ក្រោយ​ជម្លោះ​ដ៏​ខ្លាំង​ក្លា​មួយ​នៅ​ក្នុង​ដំបូល​ផលិតកម្ម អឹម (M Production) តារា​ចម្រៀង​ដ៏​ស្រស់​ស្អាត ពេជ្រ សូលិកា ដែល​បាន​ចាក​ចេញ​ពី​ទ្រនំ M នា​អំឡុង​ពាក់​កណ្តាល​ឆ្នាំ​២០១២ នោះ​បាន​ស្វែង​រក​ទ្រនំ​សម្រាប់​រូប​នាង​បាន​ហើយ​គឺ​នៅ​ផលិតកម្ម​ថោន (Town Production) កាល​ពី​ពេល​ថ្មី​នេះ ហើយ​នាង​ក៏​កំពុង​ថត​បទ​ចម្រៀង​ផង​ដែរ ប៉ុន្តែ​យ៉ាង​ណា​តារា​រូប​នេះ​នៅ​មិន​ទាន់​បាន​បញ្ចេញ​មុខ​បញ្ជាក់​នៅ​ឡើយ ទំនង​ទង្វើ​នេះ​នាង​មាន​ចេតនា​ចង់​ឲ្យ​ទស្សនិកជន​មាន​ការ​ភ្ញាក់​ផ្អើល។

ជាមួយ​គ្នា​នឹង​ការ​ហក់​ចូល​របស់ ពេជ្រ សូលិកា មក​ជ្រក​ក្រោម​ដំបូល​ថ្មី​នោះ​ក៏​មាន​ព័ត៌មាន​ថា តារា​ចម្រៀង នីកូ ក៏​បាន​តោង​កន្ទុយ​ពេជ្រ សូលិកា ចូល​ផលិតកម្ម​ថោន​ស្រប​គ្នា​នោះ​ដែរ​។

នៅ​ក្នុង​ជម្លោះ​ជាមួយ​នឹង​ផលិតកម្ម​អឹម​កន្លង​មក គេ​សង្កេត​ឃើញ​តារា​ចម្រៀង​ល្បី​បង្គួរ​ចំនួន​៣​រូប​បាន​ដឹក​ដៃ​គ្នា​ចេញ​ពី​ផលិតកម្ម​នោះ ក្នុង​នោះ​មាន ពេជ្រ សូលិកា ស៊ឹម ថៃណា និង អេនជី។ ភ្លាម​នោះ​គេ​សង្កេត​ឃើញ ស៊ឹម ថៃណា បាន​ចាក​ចេញ​ទៅ​អាមេរិក ហើយ​នៅ​ពេល​នេះ​នាង​មិន​ទាន់​លេច​មុខ​ច្រៀង​នៅ​ផលិតកម្ម​ណា​ឡើយ។ រីឯ អេនជី ក៏​មាន​ទ្រនំ​ថ្មី​របស់​ខ្លួន​ដែរ​នៅ​ផលិតកម្ម​សាន់ដេ ហើយ​នាង​ក៏​មាន​បទ​ចម្រៀង​៥-៦​បទ​សម្រាប់​ទស្សនិកជន​ដែរ​។ ដោយ​ឡែក ពេជ្រ សូលិកា ដែល​ល្បី​ថា នឹង​ចូល​ហង្សមាស​នោះ ក៏​ត្រូវ​បាន​គេ​អះអាង​យ៉ាង​ប្រាកដ​នៅ​ពេល​នេះ​ថា នាង​បាន​ក្លាយ​ជា​ចំណូល​ថ្មី​របស់​ផលិតកម្ម​ថោន​ហើយ​។

ប្រភព​ព័ត៌មាន​ពី​តារា​ចម្រៀង​ថោន ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​ថា ពេជ្រ សូលិកា ពេល​នេះ​បាន​ចូល​ជ្រក​នៅ​ផលិតកម្ម​ថោន ទៅ​ហើយ ដោយ​នាង​កំពុង​សម្ងំ​ថត​សំឡេង​ដាក់ CD ត្រៀម ចេញ​លក់​នៅ​ពេល​ឆាប់ៗ​នេះ។ ប្រភព​នោះ​ដដែល​បាន​បន្ថែម​ថា ក្រៅ​ពី​វត្តមាន​ពេជ្រ សូលិកា ដៃ​គូ​ដ៏​ស័ក្តិសម​របស់​នាង គឺ​តារា​ចម្រៀង នីកូ ក៏​បាន​មក​ជ្រក​ក្រោម​ដំបូល​ថោន​រួម​គ្នា​ដែរ ហើយ​ពួក​គេ​នឹង​ចាប់​ដៃ​គ្នា​សាង​កេរ្តិ៍​ឈ្មោះ​ឲ្យ​បាន​ល្បី​ដូច​កាល​ពី​ពួក​គេ​នៅ​ផលិតកម្ម​អឹម​ដែរ​៕

This content has been locked. You can no longer post any comments.
Show/hide comments
busy