ក្រុង បាងកក : បន្ទាប់ពីក្រុមហ៊ុនផលិតបច្ចេកវិទ្យា និងគ្រឿងអេឡិចត្រូនិក LG និង Sony បានអភិវឌ្ឍនូវបច្ចេកវិទ្យាខ្លួនដល់ការបង្កើតទូរទស្សន៍ខ្នាតធំ ដាក់លក់នៅលើទីផ្សារមក ក្រុមហ៊ុន Samsung ក៏បានបង្ហាញចេញនូវបច្ចេកវិទ្យាដ៏ពិសេសរបស់ខ្លួន និងមានទំហំធំគេបំផុតលើលោកជាប្រភេទUHDTV ទំហំ ៨៥ អ៊ីញផងដែរ។
ទូរទស្សន៍ ខ្នាតយក្សនេះនឹងត្រូវគេយកមកដាក់បង្ហាញនៅឯមណ្ឌលពាណិជ្ជកម្ម Consumer Electronics Show នៅក្នុងទីក្រុងឡូសអេនជឺលេស សហរដ្ឋអាមេរិក នៅខែមករាឆ្នាំ២០១៣ខាងមុខនេះ។
ទោះបីជា ក្រុមហ៊ុននៅពុំទាន់បានបង្ហាញនូវសមាសភាពលម្អិតណាមួយពីបច្ចេកវិទ្យានេះក្តីក៏គេបានដឹងថា វាជាទូរទស្សន៍ផលិតសម្រាប់លក់ដែលមានទំហំកញ្ចក់ធំជាងគេបំផុតគឺ ៨៥អ៊ីញ។
ទូរទស្សន៍ប្រភេទ UHDTV របស់ Samsung នេះមានកញ្ចក់មុខប្រវែង២,១ម៉ែត្រដែលជាទំហំធំជាងគេបំផុតក្នុង ចំណោមទូរទស្សន៍ដទៃទៀតនៅលើទីផ្សារ ខណៈផលិតផលទូរទស្សន៍របស់ក្រុមហ៊ុន LGទំហំ ៨៤ អ៊ីញបានលក់នៅអាមេរិកកាលពីតុលាកន្លងទៅនេះរួចមកហើយ។ ក្រុមហ៊ុន Sony និងToshiba ក៏មានផលិតផលទូរទស្សន៍ទំហំ៨៤ អ៊ីញលក់ដូចគ្នាដែរ។
ទូរទស្សន៍ប្រភេទ UHDTV ដែលមានប្រវែងជាងពីរម៉ែត្រនេះ គុណភាពល្អ និងប្រកបដោយបច្ចេកទេសខ្ពស់។ វាមានពណ៌ស នៅផ្នែកខាងខ្នងដោយមានសមត្ថភាពអាចបើកបានទាំងទូរទស្សន៍ និងវីដេអូបានល្អប្រកបដោយគុណភាពខ្ពស់។
ប៉ុន្តែការទាមទារ រូបភាពច្បាស់ល្អពេក បានធ្វើឲ្យទូរទស្សន៍នេះមានប្រព័ន្ធចាប់រូបភាពមិនស៊ីនឹងគុណភាព រូបភាពដែលផ្ដល់ចេញពីស្ថានីយទូរទស្សន៍ទេ។ វាទាមទារការភ្ជាប់ឧបករណ៍បំប្លែងរូបភាព។ អ្វីដែលសំខាន់គឺថា អតិថិជនត្រូវរង់ចាំរហូតដល់ឆ្នាំ២០១៣ ទើបអាចជាវទូរទស្សន៍យក្សនេះបាន៕ PR
ភ្នំពេញ ប៉ុស្តិ៍






