ក្រុង ឡុងដ៍ : ប្រសិនបើយុវវ័យមួយចំនួនដែលមិនទាន់មានវ័យគ្រប់អាយុសម្រាប់បើកបរ ឬមានចិត្តអន្ទះសាមិនចង់រង់ចាំដល់វ័យ១៨ឆ្នាំនោះ ពេលនេះពួកគេអាចមានដំណោះស្រាយថ្មីមួយគឺការបើកបររថយន្តដែល មានលក្ខណសម្បត្តិ និងល្បឿនមិនលើសទោចក្រយានយន្តធម្មតា។
យើង សុំណែនាំរថយន្តប្រភេទថ្មីម៉ាក Aixam Coupe S ដែលមានទម្ងន់ស្រាលអាចឲ្យយុវវ័យបើកបរលេងកម្សាន្តបាន ខណៈតម្លៃមិនជាថោកប៉ុន្មានឡើយគឺ ១៥ ៨៨៧ ដុល្លារឯណោះ។
វាជា ប្រភេទរថយន្តប្រើម៉ាស៊ីនគូប៊ូតាកម្លាំង ៤០០ cc ស៊ីប្រេងម៉ាស៊ូត និងផ្នែកខាងក្នុងក៏បំពាក់ឧបករណ៍ចាក់តន្ត្រីថាសចម្រៀងផងដែរ។
ប្រភេទ រថយន្តនេះមានសណ្ឋានឆ្នូតពីរនៅផ្នែកក្បាលរថយន្ត និងមានទម្ងន់តិចជាង៣៥០គីឡូក្រាមទៅទៀត។ វាអាចបង្កើនល្បឿនក្នុងការបើកបរមិនលើសពី៤៥ គីឡូម៉ែត្រក្នុងមួយម៉ោងទេ។
ចំពោះការប្រើប្រាស់ថាមពលវិញ គឺវាស៊ីប្រេងម៉ាស៊ូតចំណុះមួយលីត្រ សម្រាប់ការរត់បានចម្ងាយ ៣៣,៧ គីឡូម៉ែត្រ។
វា ជារថយន្តមួយប្រភេទមានសុវត្ថិភាពល្អសម្រាប់អ្នកបើកបរជាយុវវ័យ ដែលវានឹងត្រូវគេដាក់បង្ហាញនៅអង់គ្លេសនាថ្ងៃទី២៤ ខែវិច្ឆិកា ជាមួយផលិតផលម៉ូតូទំនើបៗដទៃទៀត ឯមជ្ឈមណ្ឌលពិព័រណ៍ជាតិនៃទីក្រុងប៊ឺមីងហេមបន្ទាប់ពីបានដាក់ បង្ហាញនៅប៉ារីសកាលពីខែកញ្ញា និងតុលាមកនោះ។
លោក ចាស្ទីន ប៊ន អ្នកគ្រប់គ្រងនៃក្រុមហ៊ុនរថយន្ត Aixam ប្រចាំនៅអង់គ្លេសបាននិយាយថា៖ «វានឹងក្លាយជាការផ្តល់ជូននូវប្រភេទរថយន្តប្រកបដោយសុវត្ថិភាព សម្រាប់យុវវ័យនាពេលបើកបរ»។
ទោះយ៉ាងនេះក្ដី រថយន្ត Aixam Coupe S នេះមិនទំនងជាទាក់ចិត្តយុវវ័យនៅអឺរ៉ុបប៉ុន្មានឡើយ ខណៈដែលវាមិនអាចបង្កើនល្បឿនលឿនពេលបើកបរ។ ម៉្យាងវិញទៀត បើនិយាយពីតម្លៃវិញ Aixam Coupe S នេះថ្លៃជាងរថយន្តដ៏ល្បីរបស់អាមរិកស៊េរីឆ្នាំ២០១៣ ទៅទៀត ដោយរថយន្ត Ford Fiesta វាមានតម្លៃថោកជាង គឺប្រមាណជា១៥ ៥៦៥ដុល្លារអាមេរិក៕PR
ភ្នំពេញ ប៉ុស្តិ៍







