ក្រុងឡុងដ៍ : ជារឿយៗលោកអ្នកតែងមានការភាន់ច្រឡំពណ៌រថយន្តរបស់ខ្លួននៅពេលចតនៅឯចំណតផ្សារទំនើបៗនានា។
ប្រសិន បើលោកអ្នកអាចបន្ថែមពណ៌ចម្លែកខុសគេដល់រថយន្តរបស់អ្នកនោះ វាមិនកាន់តែប្រសើរសម្រាប់ផ្ដល់ភាពលេចធ្លោ និងធ្វើឲ្យលោកអ្នកមិនពិបាកខំប្រឹងសម្លឹងរកមើលយានយន្តរបស់ខ្លួន នោះ?
ស្លាកសញ្ញា McLaren ដែលប្រជាជននៅអាស៊ីមិនសូវបានស្គាល់នោះ គឺជារថយន្តរបស់អង់គ្លេស ដែលត្រូវបានគេចាត់ចូលក្នុងក្រុមយានប្រណាំងល្បឿនលឿននោះ។
ជាទូទៅ ក្រុមហ៊ុនអង់គ្លេសក៏ផលិតរថយន្តម៉ាក McLaren MP4-12C នេះលក់រាយក្នុងតម្លៃមួយគ្រឿង ជិត២៩ម៉ឺនដុល្លារជាមួយនឹងជម្រើសពណ៌ធម្មតាដូចជា ខៀវ ខ្មៅ ប្រាក់ ឬ សជាដើម។
ដោយឡែកស៊េរី McLaren MP4-12C បានក្លាយជារថយន្តមួយប្រភេទ ដែលមានល្បឿនលឿនជាងគេបំផុតនៅលើលោក ជាមួយនឹងការរចនាចម្រុះពណ៌លើតួរថយន្ត ខណៈដែលតម្លៃនៃការតុបតែងពណ៌នេះក៏មិនថោកដែរ គឺចាប់ពីជាង ១៤ម៉ឺនដុល្លារក្នុង១គ្រឿង ពោលគឺទាំងតម្លៃច្នៃពណ៌ និងតម្លៃរថយន្តប្រណាំងនេះសរុបគ្នាអាចក្បែរកន្លះលានដុល្លារ ឯណោះ។
ដោយឡែកនៅពេលធ្វើសិក្ខាសាលានៅឯក្រុមហ៊ុនផលិតរថយន្ត មួយ នៅប្រទេសអាល្លឺម៉ង់ក្រុមអ្នកបច្ចេកទេសបាននិយាយថា វាជាគំនិតមួយដែលពួកយើងមានបំណងចង់ធ្វើឲ្យរថយន្តល្បឿនលឿននេះ មានលក្ខណៈកាន់តែវិសេសវិសាល ពោលគឺវាជាការច្របាច់បញ្ចូលគ្នានៃបច្ចេកវិទ្យា និងសិល្បៈ។
រថយន្ត McLaren MP4-12C នេះបានយកលំនាំតាមគំរូរថយន្តម៉ាក BMW Art Cars នាទសវត្សរ៍ឆ្នាំ១៩៧០ របស់ក្រុមហ៊ុន Hamann Motorsport។
ដូច្នេះហើយ McLaren ក៏បានផលិតរថយន្តដែលមានពណ៌ពិសេសបែបចម្រុះ មានតម្លៃជាង ៤២២១០៩ ដុល្លារផងដែរ។
វា ជារថយន្តមួយដែលប្រើកម្លាំងម៉ាស៊ីនប្រភេទជា V8 និងមានធុងទឹកពីរចំណុះ ៣,៨លីត្រ។ ក្រុមហ៊ុន McLaren ក៏បានអភិវឌ្ឍវាឲ្យទៅជារថយន្តប្រណាំងផងដែរ ដើម្បីប្រកួតប្រជែងជាមួយរថយន្តម៉ាក Ferrari របស់អ៊ីតាលី ដែលជារថយន្តប្រណាំងជាប់ចំណាត់ថ្នាក់លេខមួយលើពិភពលោកខាងល្បឿន លឿននោះ។ McLaren MP4-12C អាចរត់ក្នុងល្បឿនចម្ងាយចាប់ពី ១០០ គីឡូម៉ែត្រក្នុងមួយម៉ោងឡើងទៅ ខណៈល្បឿនលឿនបំផុតនោះបានដល់ទៅ ៣៣០ គីឡូម៉ែត្រក្នុងមួយម៉ោងឯណោះ៕ PR
ភ្នំពេញ ប៉ុស្តិ៍







