ក្រុងបាងកកៈ គេឃើញមានក្បួនទូកមានរូបរាងដូចជាសត្វហង្សហែលលេងលើផ្ទៃទឹក ពណ៌មាសភ្លឺចិញ្ចាចចញ្ចែងស្រដៀងគ្នានឹងព្រះរាជពិធីបុណ្យអុំទូក សំពះព្រះខែរបស់ប្រទេសកម្ពុជាដែរ។ ថៃបានរៀបចំនៅតាមដងទន្លេចៅប្រាយ៉ាលើទឹកដីក្រុងបាងកកកាលពី ថ្ងៃសុក្រកន្លងមក។ ក្បូនទូកនេះមានប្រវត្តិជាពិធីបុណ្យមួយអាយុកាល៧០០ឆ្នាំមកហើយ របស់ថៃដោយមានកីឡាករអុំទូកចំនួន២ពាន់នាក់ចូលរួម។
ក្បូនទូក មានលក្ខណៈតាមគន្លងបុណ្យរបស់ក្សត្រនេះបានបង្ហាញខ្លួនជាថ្មីមួយ បន្ទាប់ពីដំណើរការអាក់ខាននារយៈពេល៥ឆ្នាំចុងក្រោយនេះ។ ពិធីបុណ្យនោះមានព្រះអង្គម្ចាស់មហាវ៉ាជីរ៉ា ឡុងកន ជាប្រធាននៃក្បូនដង្ហែនោះដើម្បីបង្ហាញពីការដឹងគុណដល់ព្រះ គង្គាបានផ្តល់ធនធានទឹកសម្រាប់ប្រជាជនថៃ។
បើតាមប្រវត្តិនៃ ពិធីបុណ្យនេះ ព្រះគង្គាត្រូវបានប្រជាជនថៃចាត់ទុកថាជាវត្ថុដ៏ពិសិដ្ឋមួយមាន តម្លៃណាស់សម្រាប់ជីវិត។
លោក កញ្ចាណា កាមសុងស៊ី វ័យ៥៩ឆ្នាំជាមន្ត្រីបដិសណ្ឋារកិច្ច ដែលបានចូលទស្សនាពិធីនោះដែរបាននិយាយថា៖«ទឹកភ្នែកស្រក់ចេញពី នេត្រារបស់ខ្ញុំពេលបានឃើញទិដ្ឋភាពបុណ្យនេះព្រោះវាជាពិធីបុណ្យ មួយមានភាពចម្លែកខុសពីធម្មតា»។
តាមក្បូនចាស់តពីបរមបុរាណមកគេឃើញមានទូកចំនួន៥២ដែលគេយកមកតុបតែងវាជារាង សត្វផ្សេងៗ មានពណ៌មាសក្រហមឆ្អិនឆ្អៅដោយបានបំពាក់កម្រងផ្កាម្លិះក្រោម អធិបតីស្តេចភូមីបុលអាឌុលយ៉ាដេត តាំងពីឆ្នាំ១៩៦០មក។
កាលពីឆ្នាំ ២០០៧គេក៏បានឃើញពិធីមួយនេះ បានប្រារព្ធនាពេលបុណ្យចម្រើនព្រះជន្មខួប៨០ឆ្នាំរបស់ស្តេចថៃ ដែរ។ តែពិធីបុណ្យកាលពីថ្ងៃសុក្រកន្លងមកនាឆ្នាំនេះ គ្មានវត្តមានស្តេច ភូមិបុលទេ ដោយព្រះអង្គបានសម្រាកព្យាបាលជំងឺនៅឯមន្ទីរពេទ្យចាប់តាំងពីខែ កញ្ញា ឆ្នាំ២០០៩។
កាលពីឆ្នាំទៅប្រទេសថៃបានរងគ្រោះនូវទឹក ជំនន់ ដ៏អាក្រក់មួយនារយៈពេលពាក់កណ្តាលសតវត្សរ៍ចុងក្រោយ ដោយទឹកបានឡើងជន់លិចភូមិដ្ឋានផ្ទះសម្បែងប្រជាជនដោយបង្ខំចិត្ត មិនអាចរៀបចំពិធីបុណ្យនេះបាន។
ក្បូនទូកនេះត្រូវគេបណ្តែតរយៈ ពេលមួយម៉ោងនៅលើផ្ទៃទន្លេដោយមានកីឡាករអុំទូកចូលរួមចំនួន២២០០ នាក់មានស្លៀកឈុតជាទាហានជើងទឹករបស់ថៃហើយមានសំឡេងស្រែកច្រៀង យ៉ាងកងរំពងផងដែរ។
សូផានី ចាន់ឃុន វ័យ៥៩ឆ្នាំបាននិយាយថា៖ «ទោះបីជាមានព្រះភិរុណធ្លាក់ ឬព្រះសូរិយាបញ្ចេញពន្លឺខ្លាំងក្តីក៏ខ្ញុំតែងមកមើលពិធីនេះ គ្រប់ពេល។ ការចូលរួមនៅពិធីបុណ្យនេះ ពិតជាមានមោទនភាពណាស់ដែលបានកើតជាជាតិថៃ»៕ PR
ភ្នំពេញ ប៉ុស្តិ៍






