Headlines:

សង្ឃ​អភ័ព្វ​ដុះ​ដុំ​សាច់​ក្នុង​ពោះ​អង្វរ​សុំ​ការ​សង្គ្រោះ



121113_21a
ព្រះ​ភិក្ខុ សុខ តុញ បាន​ធ្លាក់ព្រះកាយ​​ឈឺ​ស្គម​ស្គាំង​នៅ​ពេល​ដែល​ព្រះ​​អង្គ​មាន​ជំងឺ​ដុះ​ដុំ​សាច់​នៅ​ក្នុង​ពោះ​​ ហើយ​នៅ​ពេល​នេះ​កំពុង​ត្រូវ​ការ​វះ​កាត់​​បន្ទាន់។ រូប​ថត សេត គឹមសឿន

កំពង់ចាម: ព្រះ​ភិក្ខុ​សង្ឃ​មួយ​អង្គ​ដែល​ទ្រាំ​រស់​នឹង​ជំងឺ​ដុះ​ដុំ​សាច់​ក្នុង​ពោះ ​ ឬ​ហៅ​ថា អណ្តើក អស់​រយៈ​ពេល​ប្រមាណ​២០​ឆ្នាំ​មក​នោះ នៅ​ពេល​នេះ​ព្រះ​អង្គ​កំពុង​​ប្រវេ​ប្រវា​សុំ​រក​ការ​ជួយ​សង្គ្រោះ​ ខណៈ​ដែល​សាច់​ក្នុង​ដុំ​ពោះ​របស់​ព្រះ​អង្គ​កាន់​រីក​ធំ​ទៅ​ៗ ស្ទើរ​ផ្ទុះ ហើយ​ត្រូវ​បាន​គ្រូ​ពេទ្យ​បង្ហើប​ប្រាប់​សាច់​ញាតិ​ថា បើ​មិន​ធ្វើ​ការ​វះ​កាត់​ភ្លាម​ៗ​នៅ​ពេល​នេះ​ទេ ប្រហែល​មួយ​ឆ្នាំ​ក្រោយ​ព្រះ​អង្គ​នឹង​គ្មាន​ព្រះ​ជន្ម​លើ​ភព​ផែន​ដី​នេះ​ ទៀត​ទេ​។

ព្រះ​អង្គ​សុខ តុញ មាន​វ័យ​២៣​ព្រះវស្សា សព្វ​ថ្ងៃ​ព្រះ​អង្គ​ជា​សង្ឃ​កំពុង​គង់​នៅ​វត្ត​សុខារាម ហៅ​វត្ត ទ្រមូង ស្ថិត​នៅ​ក្នុង​ភូមិ​ជាំ​ទោក ឃុំ​រូង ស្រុក​មេមត់ ខេត្ត​កំពង់ចាម ហើយ​ព្រះ​អង្គ​នឹង​ធ្វើ​ដំណើរ​មក​រាជធានី​ភ្នំពេញ​ ដើម្បី​ស្វែង​រក​ការ​វះ​កាត់​នៅ​សប្តាហ៍​ក្រោយ​នេះ​។

ព្រះ​ភិក្ខុ សុខ តុញ បាន​មាន​សង្ឃ​ដីកា​ថា៖ «អាត្មា​កើត​ជំងឺ​នេះ តាំង​ពី​អាត្មា​នៅ​តូច​មក​ម្ល៉េះ ប៉ុន្តែ​វា​មិន​ដែល​ធ្វើ​ទុក្ខ​យើង​ទេ ទើប​តែ​ក្នុង​អំឡុង​ពេល​អាត្មា​មក​បួស​ជា​នេន​ក្នុង​វត្ត​នេះ ទើប​វា​ចាប់​ផ្តើម​ធ្វើ​ទុក​ខ្លាំង។ វា​ចាប់​ផ្តើម​ចុក​ពោះ​រាល់​ថ្ងៃ​»។ ព្រះ​អង្គ​បាន​បន្ត​ថា៖​ «​ដោយ​សារ​បញ្ហា​នេះ អាត្មា​ក៏​បាន​ទៅ​ពិនិត្យ​មើល ពេទ្យ​គេ​ថា អាត្មា​ដុះ​ដុំ​សាច់​ក្នុង​ពោះ ឬ​គេ​ហៅ​ថា អណ្តើក​។ អាត្មា​អស់​សង្ឃឹម​ណាស់​នៅ​ពេល​ពេទ្យ​ប្រាប់​ថា ជំងឺ​អាត្មា​មិន​អាច​ព្យាបាល​បាន​ទេ​»។

នៅ​ពេល​ពេទ្យ​ប្រាប់​បែប​នេះ ព្រះ​អង្គ​ក៏​ស្វែង​រក​ការ​ព្យាបាល​តាម​បែប​គ្រូ​ខ្មែរ​បុរាណ​វិញ ហើយ​គ្រូ​ខ្មែរ​តែង​ព្យាយាម​ព្យាបាល​ព្រះ​អង្គ​ដោយ​ការ​ប្រើ​ដុំ​ធូប​ដុត​លើ ​រាង​កាយ​ធ្វើ​ឲ្យ​ព្រះ​អង្គ​ក្តៅ​រលាក​ញ័រ​សាច់ រលួយ​ស្បែក​សាច់ ហេតុ​តែ​ចង់​ជា​សះ​ស្បើយ​ព្រះ​អង្គ​ក៏​ចេះ​តែ​ទ្រាំ​ពី​គ្រូ​ខ្មែរ​មួយ​ទៅ​ គ្រូ​មួយ ហើយ​បច្ចុ​ប្បន្ន​ព្រះ​អង្គ​រលួយ​មាន​ស្លាក​ស្នាម​ពេញ​សាច់​ទាំង​ពោះ ខ្នង ខ្លួន និង​ក។

ដើម្បី​ជាក់​ច្បាស់​កាល​ពី​សប្តាហ៍​មុន​នេះ​ព្រះ​អង្គ​បាន ​មក​ពិនិត្យ​ជា​ថ្មី​ម្តង​ទៀត​​នៅ​រាជ​ធានី​ភ្នំពេញ ពេទ្យ​បាន​ឆ្លុះ​អេកូ​ហើយ​ប្រាប់​ថា ព្រះ​អង្គ​ពិត​ជា​កើត​ជំងឺ​អណ្តើក​មែន ហើយ​ព្រះ​អង្គ​ក៏​មាន​សង្ឃឹម​ឡើង​វិញ​នៅ​ពេល​ដែល​ពេទ្យ​ប្រាប់​ថា ជំងឺ​នេះ​នឹង​ជា​សះ​ស្បើយ​ក្រោយ​វះ​កាត់​ តែ​ក្តី​សង្ឃឹម​នោះ ក៏​បាន​រលាយ​ទៅ​វិញ​ដូច​អំបិល​ត្រូវ​ទឹក នៅ​ពេល​ដែល​ការ​វះ​កាត់​មាន​តម្លៃ​ខ្ពស់​ ខណៈ​ព្រះ​អង្គ​គ្មាន​លទ្ធភាព​ទាល់​តែ​សោះ​នោះ​។

ព្រះ​សង្ឃ​ដែល​កើត​នៅ​ ក្នុង​ត្រកូល​អ្នក​ក្តី​ក្រ​អង្គ​នេះ​បាន​បន្ត​ថា៖​«តាម​តម្លៃ​នៃ​ការ​វះ​ កាត់​ហ្នឹង ពេទ្យ​ប្រាប់​ថា ប្រហែល​ចន្លោះ​ជាង​១​ពាន់​ទៅ​២ពាន់​ដុល្លារ​។ ពេទ្យ​ប្រាប់​ថា សាច់​នោះ​កាន់​តែ​ដុះ​ធំ​ទៅ​ៗ ហើយ​ពេទ្យ​បាន​ប្រាប់​ថា កុំ​ឲ្យ​អាត្មា​ដួល ឬ​មាន​គេ​រត់​បុក បើ​ដូច្នោះ​វា​នឹង​បែក បើ​បែក​ហើយ​អាត្មា​នឹង​ស្លាប់​ភ្លាម​ៗ​តែ​ម្តង​»។ សង្ឃ​អង្គ​នេះ​បាន​បញ្ជាក់​ថា៖​«​ឥឡូវ​នេះ វា​ធ្វើ​ទុក្ខ​ខ្លាំង​ណាស់ ធ្វើ​ឲ្យ​អាត្មា​ឆាន់​លែង​កើត ឆាប់​ហត់ សឹង​មិន​លក់ ហើយ​បើ​វា​ចុក​គឺ​អាត្មា​កម្រើក​ខ្លួន​លែង​រួច​តែ​ម្តង​»។

ក្នុង​សភាព​ ស្លេក​ស្លាំង រាង​ស្គម​ស្គាំង មុខ​អស់​សង្ឃឹម ព្រះ​សង្ឃ​អង្គ សុខ តុញ បាន​មាន​ថេរ​ដីកា​ថា៖​«នៅ​ពេល​នេះ​អាត្មា​អស់​សង្ឃឹម​តែ​ម្តង ញោម​(ឪពុក​ម្តាយ​) អាត្មា សុទ្ធ​តែ​មាន​ជីវ​ភាព​លំបាក បង​ប្អូន​ក៏​យ៉ាប់ អាត្មា​ចង់​វះ​កាត់​តែ​គ្មាន​ប្រាក់ មិន​ដឹង​ជា​ត្រូវ​ពឹង​អ្នក​ណា​ទេ។ ឥឡូវ​នេះ​ដុំ​សាច់​ហ្នឹង​វា​ចាប់​ផ្តើម​រីក​កាន់​តែ​ធំ រឹង អាត្មា​បារម្ភ​ណាស់​។ អាត្មា​សំណូម​ពរ​ថា សុំ​ឲ្យ​បង​ៗ ញោម​ទាំង​អស់​ជួយ​អាត្មា​ផង​ អាត្មា​ខ្វះ​ខាត​ខ្លាំង​ណាស់ គ្មាន​លទ្ធ​ភាព​មើល​ខ្លួន​ទេ​»។ ព្រះ​អង្គ​បញ្ជាក់​ថា៖«​អាត្មា​អត់​ទាន់​ហ៊ាន​កំណត់​ថា​នឹង​ទៅ​វះ​ថ្ងៃ​ណា​ទេ ព្រោះ​អត់​មាន​លុយ​»។

លោក សាន ម៉ានុត ដែល​ជា​អ្នក​ភ្នំពេញ​ជួយ​ស្វះ​ស្វែង​រក​អ្នក​ជួយ​ព្រះ​សង្ឃ​អង្គ​នេះ និង​គ្រោង​នាំ​លោក​មក​ទទួល​ការ​វះ​កាត់​នោះ បាន​ឲ្យ​ដឹង​ថា កាល​ពី​រដូវ​ភ្ជុំ​បិណ្ឌ លោក​បាន​ទៅ​លេង​នៅ​វត្ត​នោះ ក៏​បាន​ជួប​នឹង​ព្រះ​សង្ឃ​អង្គ​នេះ ឃើញ​លោក​មាន​សភាព​ស្លេក​ស្លាំង​ខ្លាំង ពេល​សួរ​នាំ​ទើប​ដឹង​ថា លោក​មាន​ជំងឺ​អណ្តើក ហើយ​លោក​ក៏​បាន​ជួយ​នាំ​លោក​មក​ពិនិត្យ​នៅ​ភ្នំពេញ ដោយ​ពេទ្យ​បាន​ប្រាប់​ថា សង្ឃ​អង្គ តុញ ត្រូវ​តែ​ធ្វើ​ការ​វះ​កាត់​នៅ​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​នេះ បើ​មិន​ដូច្នេះ​ទេ ដុំ​សាច់​នោះ​នឹង​ធ្លាយ​បែក​ជាក់​ជា​មិន​ខាន​។

លោក ម៉ានុត បាន​និយាយ​ថា៖​«​ពេទ្យ​បាន​លួច​ប្រាប់​ខ្ញុំ​ថា លោក​តុញ​មាន​ពេល​មិន​យូរ​ទេ បើ​មិន​ធ្វើ​ការ​វះ​កាត់​ភ្លាម​ៗ​នោះ។ ដូច្នេះ​ខ្ញុំ​គ្រោង​នឹង​នាំ​លោក​មក​ភ្នំពេញ​វះ​កាត់​តែ​លោក​អត់​លុយ ហើយ​ឥឡូវ​ខ្ញុំ​ក៏​គ្មាន​លទ្ធភាព​ដែរ តែ​ខ្ញុំ​ក៏​ស្វះ​ស្វែង​រក​អ្នក​ជួយ​លោក​ដែរ គឺ​ខ្ញុំ​បាន​ផ្សព្វ​ផ្សាយ​តាម​ហ្វេស​ប៊ុក ហើយ​ពេល​នេះ​ក៏​មាន​អ្នក​ចូល​រួម​ចំណែក​តិច​តួច​ខ្លះ​ដែរ ហើយ​ក៏​សូម​អរគុណ​ពួក​គាត់​ដែរ​»។

ដោយ​មុខ​ស្ងួត​និយាយ​មួយ​ៗ​លោក​ ម៉ានុត បាន​និយាយ​ថា៖​​ «​សូម​បង​ប្អូន​ទាំង​អស់​គ្នា​ជួយ​លោក​ផង​ ព្រះ​អង្គ​ពិត​ជា​ត្រូវ​ការ​ការ​ជួយ​ដ៏​ចាំ​បាច់​បំផុត​ »៕

បើ​លោក​ចង់​ជួយ​ព្រះ​សង្ឃ​អង្គ​នេះ​សូម​ទាក់​ទង (855) 12 52 56 94

This content has been locked. You can no longer post any comments.
Show/hide comments
busy