ភ្នំពេញៈ ព្រះភិក្ខុសង្ឃវ័យក្មេងមួយអង្គដែលទ្រាំរស់នឹងជំងឺដុះដុំសាច់ ក្នុងពោះ ឬហៅថាអណ្តើក អស់រយៈពេលប្រមាណ២០ឆ្នាំមក ហើយព្រះអង្គប្រវេប្រវាសុំរកការជួយសង្គ្រោះ ខណៈដែលសាច់ក្នុងដុំពោះរបស់ព្រះអង្គកាន់រីកធំទៅៗស្ទើរផ្ទុះ នោះ នៅពេលនេះព្រះបានទទួលការវះកាត់រួចរាល់ហើយកាលពីថ្ងៃទី២១ ខែវិច្ឆិកា ក្រោមជំនួយសប្បុរសជនតាមរយៈកាសែត ភ្នំពេញ ប៉ុស្តិ៍ ហើយសាច់នៅក្នុងដុំពោះនោះមានទម្ងន់រហូតដល់ជិត៣គីឡូក្រាម។
ព្រះ អង្គសុខ តុញ មានវ័យ២៣ព្រះវស្សា គង់នៅវត្តសុខារាម ហៅវត្ត ត្រមូង ស្ថិតក្នុងភូមិជាំទោក ឃុំរោង ស្រុកមេមត់ ខេត្តកំពង់ចាម។ ព្រះអង្គបានធ្វើដំណើរមករាជធានីភ្នំពេញ ដើម្បីស្វែងរកការវះកាត់នៅភ្នំពេញកាលពីមួយសប្តាហ៍មុន ហើយពេលនេះព្រះអង្គបានទទួលការវះកាត់រួចរាល់ហើយនៅមន្ទីរពេទ្យ កាល់ម៉ែត ប៉ុន្តែស្ថានភាពជំងឺកំពុងស្ថិតក្រោមការតាមដាននៅឡើយ។
នៅ មុនពេលវះកាត់ ព្រះភិក្ខុ សុខ តុញ មានសង្ឃដីកាថា៖«អាត្មាកើតជំងឺនេះ តាំងពីអាត្មានៅតូចមកម្ល៉េះ ប៉ុន្តែវាមិនដែលធ្វើទុក្ខទេ ទើបតែក្នុងអំឡុងពេលអាត្មាមកបួសជានេនក្នុងវត្តនេះ ទើបវាចាប់ផ្តើមធ្វើទុក្ខខ្លាំង។ វាចាប់ផ្តើមចុកពោះរាល់ថ្ងៃ»។ ព្រះអង្គបន្តថា៖«ដោយសារបញ្ហានេះ អាត្មាក៏បានទៅពិនិត្យមើល ពេទ្យគេថា អាត្មាដុះដុំសាច់ក្នុងពោះ ឬគេហៅថា អណ្តើក។ អាត្មាអស់សង្ឃឹមណាស់នៅពេលពេទ្យប្រាប់ថា ជំងឺអាត្មាមិនអាចព្យាបាលបានទេ»។
ក្រោយផ្តល់បទសម្ភាសជាមួយនឹង ភ្នំពេញ ប៉ុស្តិ៍ ពីក្តីទុក្ខព្រួយនេះ មុនពេលទទួលការវះកាត់ ព្រះអង្គក៏ទទួលបានការអាណិតសូរជាច្រើនពីជនរួមជាតិទាំងក្នុង និងក្រៅប្រទេស ហើយនៅក្នុងនោះមានសប្បុរសជាច្រើនបានបរិច្ចាគថវិកាផ្ទាល់ខ្លួន ដើម្បីជួយព្រះអង្គក្នុងការវះកាត់យកដុំសាច់ដ៏ធំនោះចេញ។ ដូច្នេះបានជាព្រះអង្គមានលទ្ធភាពអាចទទួលការវះកាត់បាននៅ មន្ទីរពេទ្យកាល់ម៉ែតកាលពីថ្ងៃទី២១ ខែវិច្ឆិកា កន្លងទៅនេះដោយជោគជ័យ ទោះបីជានៅពេលនេះ ព្រះអង្គនៅមិនទាន់រួចផុតពីក្តីបារម្ភក៏ដោយ។
លោក សាន ម៉ានុត ដែលជាអ្នកមើលការខុសត្រូវជូនព្រះអង្គមកវះកាត់នៅភ្នំពេញបាន ឲ្យដឹងថា រូបលោក ក៏ដូចជាគ្រួសារព្រះអង្គ សុខ តុញ ផ្ទាល់មានការបារម្ភ និងរន្ធត់ចិត្តយ៉ាងខ្លាំងនៅពេលដែលដុំសាច់ដុះក្នុងពោះព្រះអង្គ មានទំហំធំជាងការរំពឹងទុក និងទំហំធំខុសពីការឆ្លុះអេកូនោះ។
លោក ម៉ានុត បន្តថា៖«ព្រះអង្គបានទទួលការវះកាត់កាលពីម្សិលមិញ(ថ្ងៃទី២១ ខែវិច្ឆិកា) ដោយពេទ្យធ្វើការវះកាត់រយៈពេល៤ម៉ោង ពីម៉ោង៨ និង២៥នាទីព្រឹក រហូតដល់ម៉ោង១២ និង៤០នាទីថ្ងៃត្រង់»។ លោកនិយាយទាំងព្រឺសម្បុរថា៖«ខ្ញុំ និងគ្រួសារលោក មានការភ្ញាក់ផ្អើលណាស់ នៅពេលដុំសាច់ដែលកាត់ចេញមកធំពេកទម្ងន់រហូតដល់២,៧គីឡូក្រាម ឯណោះ ហើយវានៅជាប់នឹងស្បែកពោះ ដូច្នេះពេទ្យបានចំណាយពេលយ៉ាងយូរដើម្បីវះចៀរសាច់នោះចេញ»។
ដោយ ប្រើពេលវះកាត់យ៉ាងយូរបែបនេះ ទើបតម្រូវការនៃការប្រើឈាមបានកើនឡើងទ្វេដងប្រមាណជាង៦ប្លោក ហើយព្រះអង្គបានសន្លប់បាត់ស្មារតីរហូតដល់ម៉ោង៧និង៣០នាទីយប់ ទើបដឹងព្រះកាយ។ ជាមួយនឹងកាយវិការខ្សោយគ្មានកម្លាំង និងឈឺផ្សាមុខរបួសនោះ ព្រះភិក្ខុ សុខ តុញ ក៏មានសង្ឃដីកាមួយៗធ្វើមាត់ម្ហបៗចេញតែខ្យល់ថា ព្រះអង្គសូមចម្រើនពរដល់សប្បុរសជនគ្រប់គ្នាដែលបានជួយព្រះអង្គ បានថវិកាសម្រាប់ធ្វើការវះកាត់នេះ។
លោក សាន ម៉ានុត បានបញ្ជាក់ថា ក្រោយពេលកាសែត ភ្នំពេញ ប៉ុស្តិ៍ សម្ភាសព្រះអង្គពីការអង្វរសុំការជួយសង្គ្រោះដើម្បីធ្វើការវះ កាត់នោះ មានសប្បុរជនជាច្រើនបានជួយរំលែកទុកព្រះអង្គដោយមានអ្នកខ្លះជួយ ជាថវិកាតិចច្រើនតាមសទ្ធា ហើយពួកគាត់បានយកមកប្រគល់ឲ្យព្រះអង្គដោយផ្ទាល់ដៃតែម្តង។ លោកបានឲ្យដឹងថា មកទល់នឹងពេលព្រះអង្គវះកាត់រួចនេះ ព្រះអង្គបានទទួលជំនួយថវិកាពីបណ្តាសប្បុរជននានាសរុបជាទឹក ប្រាក់រៀលខ្មែរនោះមានចំនួន ៤ ០៥៨ ០០០ រៀល(បួនលានប្រាំម៉ឺនប្រាំបីពាន់រៀល) ។
លោកបញ្ជាក់ថា បើកុំតែបានសប្បុរសជន ជួយសង្គ្រោះមិនដឹងជាព្រះអង្គជួបទុក្ខប៉ុនណាទេ ព្រោះញោមព្រះអង្គ(ឪពុកម្តាយ)សូម្បីតែជិះរថយន្តមកពីខេត្តក៏ គ្មានប្រាក់ឲ្យគេដែរ។ លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ដែល បានចំណាយពេលវេលា និងថវិកាជួយព្រះអង្គ សុខ តុញ ឲ្យរួចចាកទុក្ខនេះ៕
ភ្នំពេញ ប៉ុស្តិ៍







