
ភ្នំពេញ : ជម្រាបសួរមិត្តអ្នកអាន ភ្នំពេញ ប៉ុស្ដិ៍ជាទីមេត្រី! ថ្ងៃនេះនាងខ្ញុំនាំលោកអ្នកទៅភ្លក្សអាហារ Traveling Fish ដែលជាមុខម្ហូបច្នៃប្រឌិតដោយម្ចាស់ហាង Ebony Tree ផ្ទាល់តែម្ដង។
គ្រឿង ផ្សំ : ផ្ទីពណ៌ស្វាយ ដំឡូងបារាំង ត្រីសាល់ម៉ុន ស្ទឹក Parsley ទឹក Sauce (ទឹកជ្រលក់) ឆ្អឹងត្រីសាល់ម៉ុន ខ្ទឹមបារាំង ផ្សិតចំបើង ស្ពៃបូកគោ ស្ពៃក្ដោប អំបិល ខ្ទឹមស ប៊័រប្រៃ និងស្រាស។
វិធី ចម្អិនទឹក Sauce : ដំបូងយកឆ្អឹងត្រីសាល់ម៉ុន ខ្ទឹមបារាំង ខ្ទឹមស ផ្សិតចំបើង ស្ពៃបូកគោ និងស្ពៃក្ដោប ដាក់ចូលគ្នាក្នុងឆ្នាំង ដោយបន្ថែមទឹកចូល រួចរម្ងាស់វារយៈពេល៤០នាទី។ ក្រោយពីរម្ងាស់ហើយ ត្រូវយកវាទៅកិនឲ្យម៉ត់ដោយប្រើម៉ាស៊ីនទឹកក្រឡុក រួចបន្ថែមអំបិល និងស្រាសចូលបន្តិច។
វិធីចម្អិនត្រី : យកត្រីសាល់ម៉ុនទៅលាងទឹកដោយថ្មម ដើម្បីកុំឲ្យបែកសាច់ត្រី។ យកត្រីទៅចៀនមួយភ្លែត ដោយរោយអំបិល និងស្លឹក Parsley ក្រៀមបន្តិច និងទុកឲ្យត្រីនោះឆ្អិនប្រមាណត្រឹម២០ភាគរយប៉ុណ្ណោះ។ ដំឡូងបារាំងដែលចិតរួចហើយ ត្រូវយកទៅបំពងឲ្យឆ្អិន។ ស្លឹកផ្ទីត្រូវយកទៅឆាជាមួយប៊័ររសជាតិប្រៃ។
នៅពេលដែលរៀប ដាក់ចាន ដំបូងត្រូវយកទឹកខ្មេះខ្មៅលាយជាមួយទឹកឃ្មុំ រួចពាសនៅបាតចាន មុននឹងដាក់ផ្ទីឆា ដំឡូងបារាំង និងសាច់ត្រីពីលើ។ ដោយស្លឹក Parsley ស្រស់ រួចស្រូបទឹក Sauce នោះជាការស្រេច។
ប្រសិនបើលោកអ្នកចង់ភ្លក្ស Traveling Fish នេះផ្ទាល់ សូមអញ្ជើញទៅកាន់ភោជនីយដ្ឋាន Ebony Tree ផ្ទះលេខ ២៩ ផ្លូវ២៩ សង្កាត់ទន្លេបាសាក់ រាជធានីភ្នំពេញ ឬទំនាក់ទំនងទូរស័ព្ទលេខ ០១២ ៥៨១ ២៩១។
ភោជនីយដ្ឋាន និងសាលាបង្រៀនធ្វើម្ហូប ដែលចង់ចែករំលែកវិធីចម្អិនម្ហូបរបស់ខ្លួនជាមួយប្រិយមិត្ត ភ្នំពេញ ប៉ុស្ដិ៍ សូមទាក់ទងមកកាន់លេខ ០៧៧ ៧១៧ ៧១៥ និង ០១៦ ៩៣ ១៣ ១៣៕
ភ្នំពេញ ប៉ុស្តិ៍








