
ក្រុងញូវយ៉ក : ក្រុមហ៊ុន Deo Perfume Candy កំពុងតែណែនាំនូវស្ករគ្រាប់បំបាត់ក្លិនខ្លួនម្យ៉ាង ដោយវាបានបញ្ចេញក្លិនមកក្រអូបស្រាយជាមួយនឹងក្លិនផ្កាកុលាបមក ពីប្រទេសប៊ុលហ្គារី។
អ្នកស្រាវជ្រាវរបស់ជប៉ុនបានរកឃើញនូវ ជាតិគីមីឈ្មោះថា Geraniol ដែលនៅពេលមនុស្សទទួលទានសារធាតុនេះទៅ វាអាចបញ្ចេញនូវក្លិនក្រអូបតាមរយៈញើសចេញពីស្បែក។
សារធាតុ Geraniol នេះត្រូវបានក្រុមហ៊ុន Beneo យកទៅផលិតជាស្ករគ្រាប់ ដើម្បីឲ្យអ្នកទទួលទានមានក្លិនញើសក្រអូបសាយដូចទឹកអប់។ វានឹងបង្កើតឲ្យមាននូវក្លិនបែបធម្មជាតិដែលអាចរក្សាភាពក្រអូប ដូចផ្កាកុលាបបានយូររាប់ម៉ោង។ ក្រុមហ៊ុនបានណែនាំឲ្យមនុស្សទម្ងន់ចាប់ពី៦៥គីឡូក្រាមទៅបៀមវា មួយគ្រាប់ ដើម្បីទទួលបានក្លិនខ្លួនក្រអូបឈ្ងុយឈ្ងប់ប៉ុណ្ណោះ។
យោង តាម វីម ឌ្រាយ អ្នកចាត់ការទីផ្សាររបស់ក្រុមហ៊ុន BENEO បាននិយាយថា ផលិតផលស្ករគ្រាប់ Deo Perfume Candy មានប្រសិទ្ធភាពដូចការទទួលទានខ្ទឹមសដែរ។
លោកបន្តថា៖ «អ្នកដែលចូលចិត្តញ៉ាំខ្ទឹមស តែងតែបែកញើសធុំក្លិនអាក្រក់។ ដូច្នេះពួកគេគួរតែទទួលទានស្ករគ្រាប់យើងដើម្បីបន្សាបក្លិនញើស នោះ»។
នៅទីផ្សារអាមេរិក ស្ករគ្រាប់កែក្លិនញើសឲ្យក្រអូបនេះមានតម្លៃមួយកញ្ចប់ប្រមាណជា១០ដុល្លារ៕ PR
ភ្នំពេញ ប៉ុស្តិ៍







