ភ្នំពេញ : ក្លិនមាត់មិនសូវល្អគឺជាបញ្ហាធំមួយសម្រាប់ការរស់នៅប្រចាំថ្ងៃ របស់មនុស្សទូទៅ និងជាបញ្ហាធំដែលរំខាន់ដល់ការទំនាក់ទំនងគ្នាទៅវិញទៅមក។ សម្រាប់បញ្ហាក្លិនដង្ហើមអាក្រក់នេះ មនុស្សភាគច្រើនតែងតែគិតថា វាចេញមកពីក្រពះ ប៉ុន្តែអ្នកជំនាញបានអះអាងថា ភាគច្រើនគឺវាបណ្តាលមកពីបញ្ហាផ្សេងទៀតដែលយើងមិនបានដឹង ឬនឹកស្មានមិនដល់។
លោកវេជ្ជបណ្ឌិត អារ៉ូដ ខាតហ្ស៍ (Harold Katz) អគ្គនាយកនៅគ្លីនិកសុខភាពផ្លូវដង្ហើម TheraBreath រដ្ឋកាលីហ្វ័រនីញ៉ា បានថ្លែងប្រាប់ភ្នំពេញ ប៉ុស្ដិ៍ កាលពីថ្មីៗនេះថា ក្លិនដកដង្ហើបមិនល្អគឺមានបញ្ហាច្រើន ដូចជាបណ្តាលមកពីបាក់តេរីនៅក្នុងអណ្តាតប្រេះ ដែលបាក់តេរីនេះបង្កើតជាតិគីមីធ្វើឲ្យមានក្លិនខ្លាំងនាំឲ្យ មនុស្សមានក្លិនដង្ហើមមិនសូវល្អ។
លោកក៏បានឲ្យដឹងទៀតថា កត្តាចំណីអាហារក៏បណ្តាលឲ្យមានក្លិនមិនល្អដែរ ដូចជា ការញ៉ាំខ្ទឹមស ខ្ទឹមបារាំង ផ្លែទុរេន ឈីស ទឹកដោះគោ និងស្ករ ជាដើម ពីព្រោះចំណីទាំងអស់នេះវាបង្កើតជាបាក់តេរីជាច្រើន។
អ្នកជំនាញ សុខភាពផ្លូវដង្ហើមរូបនេះបន្តថា៖ «ដូច្នេះហើយ មនុស្សជាច្រើនបាននិយាយថា ខ្ញុំអត់ញ៉ាំខ្ទឹមបារាំងទេ ខ្ញុំដុះធ្មេញ និងខ្ពុលមាត់ ហើយហេតុអ្វីក៏ខ្ញុំនៅតែមានក្លិនដង្ហើមមិនល្អទៀត? ហេតុផលកើតឡើងជុំវិញអាស៊ីដូចជា ហុងកុង ម៉ាឡេស៊ី ថៃ តៃវ៉ាន់ គឺមនុស្សភាគច្រើនមិនបានយល់ថា ថ្នាំជាច្រើនជាដើមចមនៃបញ្ហាក្លិនដង្ហើមមិនល្អ ពីព្រោះថា វាអាចធ្វើឲ្យមាត់ស្ងួតហើយបណ្តាលឲ្យមានក្លិនអាក្រក់កើតឡើង»។
ទន្ទឹមនឹងនោះបញ្ហាអញ្ចាញធ្មេញមានឈាមក៏អាចធ្វើឲ្យមាត់មាន ក្លិនអាក្រក់ផង។ ថ្វីត្បិតមាត់មិនល្អមិនជាប៉ះពាល់ដល់សុខភាពរាងកាយ ប៉ុន្តែវាអាចបណ្តាលឲ្យមនុស្សបាត់បង់ជំនឿចិត្តពេលធ្វើការទំនាក់ ទំនងជាមួយអ្នកដទៃ។ អ្នកដែលភ័យខ្លាចអ្នកដទៃរិះគន់ថាមានក្លិនមាត់មិនល្អនោះ ពួកគេតែងយកដៃមកបាំងមាត់ និងព្យាយាមទំពារស្ករកៅស៊ូ ប៉ុន្តែជាក់ស្ដែងស្ករកៅស៊ូមិនអាចបំបាត់ក្លិនមាត់បានទេ ព្រោះជាតិស្ករដែលផ្ទុកនៅក្នុងនោះនៅតែបង្កឲ្យមានក្លិនមាត់ដដែល។
លោកវេជ្ជបណ្ឌិតបានណែនាំថា មនុស្សគ្រប់រូបគួរឧស្សាហ៍ទៅពិនិត្យសុខភាពមាត់ធ្មេញ ហើយនៅក្នុងមន្ទីរពេទ្យរំចង់ ប្រទេសកម្ពុជាក៏មានម៉ាស៊ីនសម្រាប់ពិនិត្យបញ្ហាក្លិនមាត់អាក្រក់ នេះដែរ។
ដើម្បីកាត់បន្ថយក្លិនមាត់ លោកបានលើកឡើងថា៖ «ទី១ត្រូវទទួលទានទឹកឲ្យបានច្រើន និងត្រូវប្រាកដថាមាត់របស់អ្នកមិនស្ងួត។ ទី២ត្រូវចៀសវាងពីស្ករ ពីព្រោះវាចញ្ចឹមមេរោគ។ ទី៣ត្រូវប្រយ័ត្នគ្រឿងស្រវឹងធ្វើឲ្យមាត់ស្ងួត។ ទី៤ត្រូវសម្អាតអណ្តាតឲ្យស្អាត»។
មនុស្សភាគច្រើនមិនដឹងថា ខ្លួនមានក្លិនមាត់មិនល្អនោះទេ ដូច្នេះហើយពួកគេក៏អាចធ្វើតេស្តដោយខ្លួនឯងនៅផ្ទះ គឺយកអណ្តាតលិទ្ធខ្នងដៃ ហើយទុកឲ្យស្ងួតបន្តិចទើបហិតម្តងទៀត នោះនឹងអាចដឹងថា មាត់របស់ខ្លួនមានក្លិនល្អ ឬអត់។ ម្យ៉ាងទៀតប្រសិនបើអណ្តាតពណ៌ផ្កាឈូក បានន័យថាគ្មានក្លិនអាក្រក់ទេ ប៉ុន្តែបើអណ្តាតរបស់អ្នកមានពណ៌ស និងលឿងបានន័យថាមាត់របស់អ្នកមានបញ្ហាអាក្រក់ហើយ៕
ភ្នំពេញ ប៉ុស្តិ៍








