ភ្នំពេញ : នៅក្នុងសង្គមស៊ីវីល័យ យើងសង្កេតឃើញថា ស្ដ្រីដែលមានដើមទ្រូងធំមូលក្លំ សមនឹងរាងកាយ ត្រូវបានចាត់ទុកថាទាក់ទាញបំផុត។
ស្ត្រីគ្រប់រូបតែងប្រាថ្នាចង់បានសុដន់ទាំងគូហាប់ណែន ពុំមានភាពយារធ្លាក់ ហើយនៅពេលដែលត្រូវពាក់អាវយឺត ឬអាវរឹបវាលកជាដើមគាត់ក៏សុខចិត្តពាក់អាវទ្រនាប់មានប៉ុងបន្ថែម ដើម្បីជាការបំភាន់ភ្នែកថាខ្លួនក៏មានសុដន់ធំទ្រលុកទ្រលន់ដែរ។
ជាធម្មតា សុដន់ស្ត្រីមានការលូតលាស់ខ្លាំងពេលកំពុងពេញវ័យ តាមរយៈអ័រម៉ូនស្ត្រី ហើយវាក៏ចាប់ផ្ដើមមានការយារធ្លាក់ ឬថមថយនូវទំហំ ដោយសារការបាត់បង់ជាតិខ្លាញ់ ជាពិសេសក្រោយពេលសម្រាលកូនរួច។ ប៉ុន្តែទន្ទឹមនឹងនោះ ក៏មានស្ត្រីមួយចំនួន ជាពិសេសស្ត្រីជនជាតិអាស៊ី ដែលមានទំហំសុដន់តូចពីកំណើត ឬមានទំហំសុដន់ទាំងគូពុំស្មើគ្នាដោយសារជំងឺមួយចំនួនដូចជាជំងឺ Polland Syndrom ជាដើម។
ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ មានវិធីសាស្ត្រជាច្រើនត្រូវបានបង្កើតឡើង ដើម្បីព្យាបាលកែបញ្ហាដើមទ្រូងតូច យារធ្លាក់នេះ ដែលក្នុងនោះ ការវះកាត់ពង្រីកសុដន់ដោយប្រើប្រាស់ថង់ស៊ីលីកូន (Implant) គឺជាវិធីសាស្ត្រមួយដែលត្រូវបានអ្នកជំនាញចាត់ទុកថាមានប្រសិទ្ធភាព និងសុវត្ថិភាពបំផុត។
ការស្រាវជ្រាវបានបង្ហាញថា ការវះកាត់ពង្រីកសុដន់នៅអឺរ៉ុប មានការរីកចម្រើន និងត្រូវបានអនុវត្តច្រើនជាងគេក្នុងចំណោមការវះកាត់កែសម្ផស្សដទៃទៀត។
ដោយឡែកនៅប្រទេសកម្ពុជាយើង ការពេញនិយមដើមទ្រូងធំ គឺមានទំនោរជន់ជោរក្នុងចំណោមស្ត្រីវ័យក្មេង និងស្ត្រីវ័យកណ្ដាល។ ប៉ុន្តែដោយសារតែការខ្លាចរអានឹងដំណាក់កាលវះកាត់ ទើបស្ត្រីទាំងនោះខិតខំស្វែងរកវិធីសាស្ត្រផ្សេងៗដើម្បីទទួលបាននូវទ្រូងធំ ដូចជាធ្វើការម៉ាស្សា ការបូមពង្រីកទ្រូង ឬការប្រើប្រាស់នូវផលិតផលពង្រីកសុដន់ផ្សេងៗជាដើម។
យើងសង្កេតឃើញមានម្សៅ ឬឡូសិន (Lotion) ពង្រីកទ្រូងជាច្រើននៅលើទីផ្សារសព្វថ្ងៃ ប៉ុន្តែស្ត្រីភាគច្រើនជ្រើសរើសយកផលិតផលប្រើប្រាស់ទៅតាមការឃោសនាផ្សាយពាណិជ្ជកម្ម ដោយពុំបានស្វែងយល់ពីសារធាតុផ្សំ អំពីលក្ខណៈនាំការប្រើប្រាស់ និងផលវិបាកដែលពួកគេអាចប្រឈមក្រោយប្រើប្រាស់ឡើយ។
ជាទូទៅ សឹងតែគ្រប់សារធាតុពង្រីកដើមទ្រូង គឺមានធាតុផ្សំសំខាន់សម្រាប់ធ្វើឲ្យស្បែកសើម និងសម្រាប់ធ្វើឲ្យកោសិកានៃក្រពេញដោះលូតលាស់។
ដើម្បីទទួលបានស្បែកសើម និងបំបាត់ស្នាមជ្រីវជ្រួញលើសុដន់ ផលិតផលត្រូវមានសារធាតុដែលផ្សំចេញពីរុក្ខជាតិដូចជា Aloe Vera, Anti Oxydant ដោយរួមផ្សំនឹងជាតិ Retinin-A ដែលជាសារធាតុម៉្យាងជួយកាត់បន្ថយនូវភាពជ្រីវជ្រួញ និងជួសជុលកោសិកាចាស់បាន។ អាស៊ីត Acid Hyaluronic ក៏ជាធាតុផ្សំ ដែលមានគុណប្រយោជន៍យ៉ាងធំធេង សម្រាប់បង្កើតនូវប្រព័ន្ធស្រទាប់ស្បែកកូឡាហ្សែន និងបង្កើតនូវសំណើមក្រោមស្បែករបស់យើងដែរ។
សារធាតុសំខាន់មួយសម្រាប់បង្កើតការលូតលាស់កោសិកាក្រពេញដោះរបស់ស្ត្រីគឺ Phyto-Oestrogenen ដែលចម្រាញ់ចេញពីរុក្ខជាតិ និងមានលក្ខណៈដូចអ័រម៉ូនស្ត្រីដែលបញ្ចេញដោយក្រពេញដៃស្បូនអ៊ីចឹងដែរ។ កាលណាជ្រាបចូលក្នុងក្រពេញដោះ វាបណ្ដាលឲ្យកោសិកាបង្កើតចំនួន និងលូតលាស់ទំហំ ដែលធ្វើឲ្យសុដន់របស់ស្ត្រីមានសភាពតឹងណែន។
ប៉ុន្តែចំណុចមួយដែលគួរឲ្យចាប់អារម្មណ៍ត្រង់ថា ជំងឺមហារីកសុដន់គឺរួមផ្សំដោយកត្តាជាច្រើនដែលក្នុងនោះ អ័រម៉ូន Oestrogenen ក៏ដើរតួនាទីសំខាន់ក្នុងការបង្កើតឲ្យមានបញ្ហានេះដែរ។
ដូច្នេះការប្រើប្រាស់ Oestrogenen គួរតែមានការប្រុងប្រយ័ត្នខ្ពស់។ ចំណែកឯលទ្ធផលនៃការប្រើប្រាស់សារធាតុពង្រីកសុដន់នោះ គឺមិនច្បាស់លាស់ហើយវាអាចហុចផលបណ្ដោះអាសន្នប៉ុណ្ណោះ។
ដើម្បីទទួលបានលទ្ធផលល្អ និងសុវត្ថិភាព សូមធ្វើការពិភាក្សាជាមួយវេជ្ជបណ្ឌិតជំនាញអំពីវិធីសាស្ត្រណាមួយដែលសមស្របនឹងបញ្ហារបស់អ្នកផ្ទាល់។
សម្រាប់ការផ្ដល់ប្រឹក្សាស្ដីពីបញ្ហាសម្ផស្សនានា លោកអ្នកអាចទាក់ទងគ្លីនិក Pearl Medical Center តាមលេខទូរស័ព្ទ ០៨៨ ៣៣ ៧៧ ៧៧៧ និងវេបសាយwww.pearlmedicalcenter.net៕
ភ្នំពេញ ប៉ុស្តិ៍






