ក្រុងញូវយ៉ក : លោកតា រ៉េ បេនដា ដែលអតីត ជាអ្នកជីវវិទ្យាចូលនិវត្តន៍មួយរូបមកពីទីក្រុងសាន់ ហ្វ្រាន់ស៊ីស្កូ។ លោកបានចំណាយពេល ៥០ ឆ្នាំចុងក្រោយរបស់លោកក្នុងការដើរប្រមែប្រមូលឆ្អឹងសត្វរាប់ពាន់ បំណែកមកទុក។ ឆ្អឹងសត្វដែលលោកបានប្រមូលនោះគេអាចប៉ាន់ប្រមាណថា វា មានចំនួនឆ្អឹងលលាដ៍ក្បាលប្រហែលជា ៧ពាន់ និងគ្រោងឆ្អឹងដងខ្លួន និង ឆ្អឹងជំនីរមួយចំនួនទៀតប្រមាណជា២០០បំណែក។ លោកបានប្រមូលឆ្អឹងទាំងនេះដោយខ្លួនឯង និងបានលាងសម្អាតឬបេះសាច់ចេញដោយខ្លួនឯងផងដែរ។
លោក បេនដា បាននិយាយថា៖ «ខ្ញុំហាក់ដូចជាមានភាពរីករាយនឹងការបេះសម្អាតយកសាច់ចេញពី បំណែកនៃឆ្អឹងលលាដ៍ក្បាល និងឆ្អឹងថ្គាមតែម្តង»។
អតីតអ្នកជីវវិទ្យា មានវ័យ ៨៤ ឆ្នាំរូបនេះបានបន្តថា៖ «ការរស់នៅជាមួយឆ្អឹងលលាដ៍ក្បាលនិងឆ្អឹងផ្សេងៗទៀតនោះដូចជាមិនបានបង្កឲ្យខ្ញុំមានអារម្មណ៍មិនល្អអ្វីផង»។
លោក មានកំណើតនៅទីក្រុងសាន់ ហ្វ្រាន់ស៊ីស្កូ ស្ថិតនៅក្នុងស្រុករីចមិន និងចាប់ផ្តើមប្រមូលនូវឆ្អឹងសត្វផ្សេងៗគ្នាទាំងនេះតាំងពីលោកនៅ រៀនសាលាវិទ្យាល័យមកម្ល៉េះ។
គេសង្កេតឃើញរៀងរាល់ឆ្នាំលោក តែងតែប្រមែប្រមូលបន្ថែមនូវបំណែកឆ្អឹងសត្វទាំងឡាយតាមសួនសត្វ ក្នុងស្រុកនានាតាមសារមន្ទីរនិងកន្លែងកុងស៊ីកាប់សត្វមួយចំនួន តាមដងផ្លូវនៅបណ្ដាប្រទេសជាច្រើន រួមទាំងអូស្រ្តាលី អាហ្វ្រិក និងម៉ិកស៊ិក។
ប្រសិនជាយើងមើលទៅផ្ទះរបស់គាត់ដូចជាពិភពនៃឆ្អឹងខ្មោចសត្វ ដែលមានចំនួនធំធេងជាងសារមន្ទីរទៅទៀត៕ PR
ភ្នំពេញ ប៉ុស្តិ៍







