ក្រុងញូវយ៉ក : លោក អេន ឌ្រូ ហ្វារ៉ូហ្គៀ មកពីកោះម៉ាល់តា បានបង្កើតនូវកំណត់ត្រាប្រវត្តិសាស្រ្តថ្មីមួយលើពិភពលោកឲ្យ ប្រទេសជាតិខ្លួនមួយតាមរយៈការបង្កើតរថភ្លើងមួយខ្សែធ្វើពីស្ករ សូកូឡា។ រថភ្លើងមួយខ្សែធ្វើពីស្ករសូកូឡានោះមានប្រវែង៣៤ម៉ែត្រ។
វា ត្រូវបានគេយកមកដាក់បង្ហាញនៅឯទីក្រុងមួយរបស់ប្រទេសបែលហ្ស៊ិក នៃកម្មវិធីមួយឈ្មោះ «Brussels Chocolate Week»។ ចំណែកស្ករសូកូឡាដែលត្រូវយកមកសូន្យធ្វើជារថភ្លើងនោះត្រូវទទួល បានការឧបត្ថម្ភពីក្រុមហ៊ុន Belcolade នៅប្រទេសបែលហ្ស៊ិកដោយវាត្រូវចំណាយអស់ចំនួន១២៥០គីឡូក្រាមឯណោះ។ លោក អេន ឌ្រូ ហ្វារ៉ូហ្គៀបានចំណាយពេល៧៨៤ម៉ោងក្នុងការសូន នូវរថភ្លើងមួយខ្សែដែលមានប្រវែង៣៤ម៉ែត្រនោះបាន។ លោកនឹកឃើញគំនិតនេះ ឡើងពេលលោកបានធ្វើដំណើរតាមរថភ្លើងមកទស្សនាប្រទេសបែលហ្ស៊ិកតាំងពីឆ្នាំមុនមកម្ល៉េះ។
លោក បាននិយាយថា៖ «ខ្ញុំមានគំនិតនេះព្រោះខ្ញុំគិតថា ការច្នៃប្រឌិតដោយប្រើស្ករសូកូឡាធ្វើរថភ្លើង គឺជាចម្លាក់មួយដែលអាចធ្វើបានល្អឥតខ្ចោះ»។
បន្ទាប់ពីក្រុម ការងាររបស់កំណត់ត្រាហ្គីនណេសមកវាស់វែង និងពិនិត្យវារួចមក គេក៏បានប្រកាសភ្លាមៗដែរថា វាជារថភ្លើងធ្វើពីស្ករសូកូឡាវែងជាងគេលើលោក និងជាចម្លាក់ស្ករសូកូឡាដែលធំបំផុតផងដែរ៕ PR
ភ្នំពេញ ប៉ុស្តិ៍






