ក្រុងញូវយ៉ក : មនុស្សមួយចំនួនតែងយល់ថា ម៉ូដម៉ូតូសម័យឥឡូវហាក់មិនសូវខុសគ្នាប៉ុន្មានទេ ដូច្នេះហើយទើបទីភ្នាក់ងារផ្សាយពាណិជ្ជកម្ម i.d.e.a. បានធ្វើការទាក់ទាញចំណាប់អារម្មណ៍មនុស្សតាមរយៈការរចនាលាបពណ៌ដង ខ្លួនអាក្រាតរបស់នារីជាច្រើននាក់ ដែលផ្គុំគ្នាបានជារូបរាងម៉ូតូធំខុសៗគ្នា។
ជំនាញដែលតម្រូវចាំបាច់សម្រាប់នារីម៉ូដែលអាក្រាតកាយទាំងនោះ គឺសិល្បៈសៀកពត់ខ្លួន និងលំហាត់ប្រាណបែបយោគៈ។ មនុស្សស្រីស្រាតយ៉ាងហោច៧នាក់ត្រូវបានគេយកមកលាបពណ៌ រួចតម្រូវឲ្យពត់ពេនខ្លួនទៅជារាងរង្វង់កង់ម៉ូតូ ឬដេកទ្រេតបះជើងឡើងលើដូចតួម៉ូតូ និងកែបជាដើម ខណៈដែលនារីម្នាក់ទៀតសម្ដែងធ្វើជាអ្នកជិះ។ ប្រសិនបើក្រឡេកមួយភ្លែត អ្នកទស្សនាមុខជាច្រឡំថា នោះជាទិដ្ឋភាពនារីជិះម៉ូតូធំស៊េរីថ្មីពណ៌ឆើតពិតប្រាកដ។
ស្នាដៃ ផ្សព្វផ្សាយពាណិជ្ជកម្មដោយប្រើដងខ្លួននារីអាក្រាតធ្វើជា តួម៉ូតូនោះ ត្រូវបានតាំងបង្ហាញនៅពិព័រណ៍ម៉ូតូអន្តរជាតិ កាលពីខែតុលាកន្លងទៅនេះ។
អ្នកដែលរចនាលាបពណ៌ដងខ្លួន អាក្រាតទាំងនោះគឺសិល្បការិនី ទ្រីណា មើរី។ វិចិត្រកររូបនេះបានប្រើពណ៌ប្លែកៗលាបស្រោចស្រពលើដងខ្លួនអាក្រាត របស់នារីទាំងនោះ។ ការលាបពណ៌ និងការតម្រៀបគ្នាជារាងនារីជិះម៉ូតូធំទាំងនេះត្រូវចំណាយពេលពី ១៣ រហូតដល់ទៅ១៨ម៉ោងឯណោះ៕ PR
ភ្នំពេញ ប៉ុស្តិ៍







