ភ្នំពេញៈ បច្ចុប្បន្ននេះក្រុមក្មេងៗយ៉ាងច្រើនកុះករបាននាំគ្នាទៅទី កន្លែងកម្សាន្តឌ្រីមលែនឌ៍ នៅពេលល្ងាចៗដែលស្ថិតនៅក្នុងរាជធានីភ្នំពេញ។ ប្រសិនបើយើងចូលទៅដល់ទីនោះភ្លាម យើងនឹងបានឮសូរសំឡេងស្រែកហ៊ោកញ្ជ្រៀវយ៉ាងអឺងកងពេញអាកាសវេហាស៍ នៅកន្លែងកម្សាន្តនីមួយៗ។
ទីកម្សាន្តដែលមានការទាក់ទាញ និងការពេញនិយមពីសំណាក់គូស្នេហ៍យុវវ័យនាពេលបច្ចុប្បន្ននេះគឺផ្ទះខ្មោច។
លោក Hien Rensei វ័យ៣៣ឆ្នាំ ជាអ្នកគ្រប់គ្រងនៅផ្ទះខ្មោចនោះ និងដៃគូជាតិជប៉ុនវ័យ៨០ឆ្នាំ ដែលមិនប្រាប់ឈ្មោះនោះ ក៏មានចំណាប់អារម្មណ៍លើទិដ្ឋភាពផ្ទះខោ្មចដែរ។ លោក Hien Rensei និយាយថា៖«ដៃគូខ្ញុំគាត់ធ្លាប់បានឃើញតែផ្ទះខ្មោចបែបបុរាណនៅ ជប៉ុន ដែលគេបានប្រើស្ទីលបន្ទាប់ពីសម័យសង្រ្គាមលោកលើកទី២មកតែ ប៉ុណ្ណោះ យើងមិនប្រើស្ទីលចាស់នោះឡើយ ហើយយើងក៏គួរតែធ្វើវាឲ្យមានលក្ខណៈប្លែកពីកន្លែងផ្សេងៗដែរ»។
លក្ខណពិសេសនៅ ផ្ទះខ្មោចនេះ គឺមានបុគ្គលិកបម្រើការងារប្រមាណជា ១០នាក់ ដោយក្នុងចំណោមពួកគេទាំងអស់នោះមានក្រុមមនុស្សតឿ មនុស្សពិការដៃជើងពិតៗគ្រប់សណ្ឋាន មកសម្តែងជាខ្មោចលងស្រស់ៗតែម្តង។
ពេលចូលដល់បរិវេណផ្ទះ ខ្មោចនេះដំបូង យើងនឹងបានជួបជាមួយមនុស្សស្រីអ្នកសុំទាន ដែលមានមាឌតូចម្នាក់ស្លៀកពាក់ខោអាវពណ៌ស លាបមុខពណ៌ខ្មៅកំពុងតែធ្វើពុតយោលកូនក្នុងអង្រឹង។ មិនយូរប៉ុន្មានក៏មានខ្មោចស្លៀកឈុតស លោតចេញមកបន្លាចពីជ្រុងម្ខាង ដោយសំឡេងគួរឲ្យរន្ធត់មែនទែន ជាមួយនឹងការប្រើញញួរ ពូថៅ កាប់ជើងលើអ្នកទស្សនាភ្លាមតែម្តង។ បន្ថែមពីនោះ បានឃើញក្រុមខ្មោចបឺតជញ្ជក់ឈាម ចេញមកលងបន្លាចជាបន្តបន្ទាប់ ដោយមានសភាពទឹកមុខស្លេកស្លាំដូចមនុស្សស្លាប់មែនទែនអ៊ីចឹង។
ចំណែក ស្រ្តី ហម ស៊ីវន វ័យ២៨ឆ្នាំមានកម្ពស់១,២៧ម៉ែត្រ ដើរតួជាព្រាយខាំស៊ីសាច់មនុស្សដែលពេលខ្លះគេអាចយល់ច្រឡំថាជា កូនក្មេងលុះត្រាឮសំឡេងទើបដឹងថានាងជាមនុស្សចាស់។
មុនពេល ដែលហម ស៊ីវន ចាប់ផ្តើមមានមុខរបរនៅផ្ទះខ្មោចនេះ នាងមានការលំបាកច្រើនក្នុងការរកការងារធ្វើនៅកន្លែងផ្សេងៗ ហើយនាងក៏ធ្លាប់ធ្វើជាកម្មការិនីរោងចក្រដែរពីមុនមក។
នាងប្រាប់ពីស្ថានភាពខ្លួនពីមុនថា៖ «ពួកគេប្រើនាងខ្ញុំឲ្យយួររបស់ធ្ងន់ៗហួសពីមាឌខ្ញុំទៅទៀត ហើយពួកគេឲ្យប្រាក់ខែនាងខ្ញុំតែត្រឹម ៤០ ទៅ ៦៥ ដុល្លារប៉ុណ្ណោះ ខណៈខ្ញុំមានសភាពនឿយហត់យ៉ាងខ្លាំងនោះ»។
តែ ពេលនាងបានមកបម្រើការងារនៅទីកន្លែងកម្សាន្ត ឌ្រីមលែនឌ៍ក្នុងផ្ទះខ្មោចនេះ នាងទទួលបានប្រាក់ខែ៩០ដុល្លារពេលចូលដំបូង លុះដល់ចប់បីខែមកនឹងបានប្រាក់ខែ ១១០ ដុល្លារ។
ចំពោះបុគ្គលិកបម្រើការងារនៅទីនេះក៏ត្រូវបានគេផ្តល់អាហារពេលល្ងាចមុននឹងចូលបំពេញការងារដែរ។
នៅ ពេលចោទសួរថាវាមិនមានផលប៉ះពាល់ទេឬ ដែលយកក្រុមមនុស្សពិការនានាមកធ្វើការងារនោះ? លោកប្រធានគ្រប់គ្រងផ្ទះខ្មោចនិយាយថា នេះជាការផ្តល់ការងារឲ្យពួកគេដើម្បីដោះស្រាយផលលំបាករបស់ពួក គេទៀតផង។
លោកបន្ថែមថា៖ «មានមនុស្សខ្លះនិយាយថាវាអាចជារឿងបែបអសីលធម៌ជាពិសេសនោះ គឺទស្សនៈរបស់បរទេសភាគខាងលិច តែនៅស្រុកខ្មែរវិញយើងគិតថា វាជាការជួយរំលែកភាពលំបាកដល់ក្រុមជនពិការ»៕ PR
ភ្នំពេញ ប៉ុស្តិ៍






