Headlines:

យាយ​ម៉ៅភ្នំ​បូក​គោ​សម្តែង​​ឫទ្ធិ​មិន​ចាញ់​យាយ​ម៉ៅ​នៅ​ពេជ្រ​និល



121116_22a
ភ្ញៀវ​ទេស​ចរ​ជាតិ និង​អន្តរ​ជាតិ នាំ​គ្នា​សំចត​រថយន្ត​ឡើង​អុជ​ធូប​ដាក់​តង្វាយ​ដល់​រូប​សំណាក​លោក​យាយ​ម៉ៅ​នៅ​ភ្នំបូក​គោ​។ រូបថត សហ​ការី

កំពតៈ ជាមួយ​នឹង​ដំណើរ​កម្សាន្ត​ឡើង​រមណីយដ្ឋាន​ភ្នំ​បូក​គោ​ដោយ​ជិះ​សសៀរៗ​តាម ​ជើង​ភ្នំ​លើ​ផ្លូវ​ក្រាល​កៅស៊ូ​រលោង​ស្រិល​ក្រវិក​ក្រវក់​អម​ដោយ​ធម្មជាតិ​ស្រស់​ត្រកាល​​ អាកាស​ធាតុ​ត្រជាក់​ល្ហឹម​ បាន​ចម្ងាយ​ប្រមាណ​ជាង​១៥​គីឡូ​ម៉ែត្រ ភ្លាម​នោះ​ភ្ញៀវ​ទេស​ចរ​គ្រប់​រូប​នឹង​ភ្ញាក់​ខ្លួន​ព្រើត​នៅ​ពេល​ពួក​គេ​ បាន​ឃើញ​រូប​សំណាក​ដ៏​ធំ​មួយ​លេច​ឡើង​កណ្តាល​ព្រៃ​​ផុត​អស់​ព្រឹក្សា លតាវល្លិ។

ចម្ងល់​ចាប់​ផ្តើម​ចោទ​សួរ​ឡើង តើ​រូប​សំណាក​នោះ​ជា​អ្វី​? ពេល​ធ្វើ​ដំណើរ​មួយ​សន្ទុះ​ធំ​ទើប​ទៅ​ដល់​ ពេល​នោះ​គេ​ក៏​បាន​ឃើញ​ហ្វូង​មនុស្ស​អ៊ូ​អរ​ ក្បួន​ម៉ូតូ រថយន្ត និង​យានជំនិះ​ផ្សេង​ៗបាន​ឈប់​ត្រៀប​ត្រា​ដើម្បី​យក​តង្វាយ​ទៅ​ថ្វាយ​រូប​ សំណាក​នោះ​សុំ​សេច​ក្តី​សុខ​គ្រប់​ៗ​គ្នា​។ ពេល​នោះ​ទើប​ដឹង​ថា រូប​សំណាក​ដ៏​ធំ​អស្ចារ្យ​មួយ​នោះ​ជា​រូប​សំណាកលោក​យាយ ម៉ៅ ដែល​គេ​កសាង​ឡើង​សម្រាប់​ជា​ទី​គោរព​បូជា និង​សុំ​សេច​ក្តី​សុខ​ចម្រើន​។

ទោះ ​បី​ជា​ទើប​តែ​សាង​សង់​រួច​រាល់​មែន​ក៏​ប៉ុន្តែ​បារមី​លោក​យាយ​ម៉ៅ នៅ​ភ្នំ​បូក​គោ​នេះ ក៏​មាន​ឫទ្ធិ​មិន​ចាញ់​លោក​យាយ​ម៉ៅ នៅ​តាម​ផ្លូវ​ជាតិ​លេខ​៤ ត្រង់​ជ្រោះ​ពេជ្រ​និល​ដែរ​ ពោល​គឺ​គ្រប់​ភ្ញៀវ​ជាតិ អន្តរជាតិ​ដែល​ធ្វើ​ដំណើរ​ឆ្លង​កាត់​កន្លែង​លោក​យាយា​ម៉ៅ ពួក​គេ​តែង​ឈប់​យាន​ជំនិះ​ដាក់​តង្វាយ និង​អុជធូប​សុំ​សេចក្តី​សុខ​ឥត​ដាច់​ឡើយ​។

លោក​ព្រឹទ្ធាចារ្យ សំ ឈន ជា​អ្នក​ទទួល​មើល​ការ​ខុស​ត្រូវ​នៅ​ទីនោះ​បាន​មាន​ប្រសាសន៍​ថា ស្ទើរ​គ្រប់​ភ្ញៀវ​ទេសចរ​ដែល​មក​ទស្សនា​កម្សាន្ត​នៅ​លើ​ទី​រមណីយដ្ឋាន​ភ្នំ ​បូក​គោ​នេះ ពួក​គេ​តែង​ឈប់​សំចត​រថ​យន្ត​ដើម្បី​ធ្វើ​ភារវ​កិច្ច​គោរព​ និង​អុជ​ធូប​ថ្វាយ​ដល់​រូប​សំណាក​លោក​យាយ​ម៉ៅ​ ព្រោះ​ពួក​គេ​ជឿ​លើ​បារមី​របស់​លោក​យាយ​ដែល​តែង​ជួយ និង​ផ្តល់​សេច​ក្តី​សុខ​ដល់​កូន​ចៅ​របស់​លោក​យាយ​នោះ​។

លោក​ព្រឹទ្ធា​ ចារ្យ​មាន​ប្រសាសន៍​ថា៖​«​ភ្ញៀវ​ដែល​ពួក​គាត់​ឡើង​មក​លេង​លើ​ភ្នំ​បូក​គោ​ នេះ ពួក​គាត់​មិន​ដែល​រំលង​ពី​ការ​ចូល​អុជ​ធូប​ថ្វាយ​លោក​យាយ​ទេ។ បារមី​លោក​យាយ​ ម៉ៅ នៅ​លើ​ភ្នំ​បូក​គោ​នេះ ពិត​ជា​ពូកែ​ស័ក្តិ​សិទ្ធិ​ខ្លាំង​ណាស់ រាល់​ការ​បែរ​បន់​រមែង​បាន​សម្រេច​»។ លោក​បាន​បន្ត​ថា៖​«​ភ្ញៀវ​ទាំង​អស់​ក្រៅ​ពី​បែបន់​ប្រាថ្នា​ផ្សេង​ៗ ពួក​គាត់​មាន​ជំនឿ​ថា លោក​យាយ​ម៉ៅ នឹង​ជួយ​ឃុំ​គ្រង​ការ​ឡើង​លេង​កម្សាន្ត​លើ​ភ្នំ​នេះ កុំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ផ្សេង​ៗ​កើត​ឡើង ហើយ​បើ​មាន​ក៏​ជួយ​ឲ្យ​រួច​ផុត​ជីវិត​ដែរ​»។

រូប​សំណាក​លោក​យាយ​ម៉ៅ​លើ​ ភ្នំ​បូក​គោ ត្រូវ​បាន​កសាង​ឡើង​នៅ​ចម្ងាយ​ប្រមាណ​១៩​គីឡូ​ម៉ែត្រ​ពី​ជើង​ភ្នំ ហើយ​នៅ​សល់​តែ​១៤​គីឡូ​ម៉ែត្រ​ប៉ុណ្ណោះ​នឹង​ឡើង​ដល់​កំពូល​ភ្នំ​តែ​ម្តង​។ រូប​សំណាក់​នេះ​ទើប​តែ​កសាង​ឡើង​នាពេល​បច្ចុប្បន្ន​នេះ​ទេ កាល​ពី​សម័យ​បារាំង និង​សង្គម​រាស្ត្រ​និយម​មិន​​មាន​រូប​សំណាក​លោក​យាយ​ម៉ៅ ឬ​ក៏​រូប​សំណាក​គោរព​ណា​ផ្សេង​ទេ​។

ក្រុម​ហ៊ុន​សុខា​ដែល​ទទួល​សម្បទាន អភិវឌ្ឍន៍​រមណីយដ្ឋាន​ភ្នំ​បូក​គោ​នេះ បាន​កសាង​រូប​សំណាក​លោក​យាយ​ម៉ៅ បែរ​មុខ​ទៅ​រក​សមុទ្រ​ និង​តំបន់​កំពុង​អភិវឌ្ឍ​នោះ ត្រូវ​បាន​គេ​ជឿ​ថា ជា​និមិត្ត​រូប​នៃ​ភាព​អស្ចារ្យ ហើយ​បារមី​លោក​យាយ​ ម៉ៅ នឹង​ជួយ​ថែរក្សា​ការពារ ផ្តល់​សេច​ក្តី​សុខ និង​ភាព​រីក​ចម្រើន​សម្រាប់​ការ​អភិវឌ្ឍ​ថ្មី​លើ​ភ្នំ​បូក​គោ​នេះ​។

តាម​ ឯក​សារ​របស់​លោក ខៀវ ចាន់ ស្មៀន​សាលា​សង្កាត់​កោះ​កាពិ​កាល​ពី​មុន​ឲ្យ​ដឹង​ថា យាយ​ម៉ៅ​ជា​នាម​នៃ​វត្ថុ​ស័ក្តិសិទ្ធិ​មួយ ដែល​ប្រជាពលរដ្ឋ​នៅ​តាម​មាត់​សមុទ្រ ​និង​កោះ​នានា​​គោរព​បូជា​ស្ទើរ​គ្រប់​គ្នា ។

ប្រវត្តិ​លោក​យាយ​ម៉ៅ
តាម ឯកសារ​លោក ខៀវ ចាន់ អាយុ​៤៥​ឆ្នាំ ជា​ស្មៀន​សាលា​សង្កាត់​កោះ​កាពិ ដែល​លោក​ដឹង​រឿង​ប្រវត្តិ​យាយ​ម៉ៅ តាម​ព្រឹទ្ធា​ចារ្យ​ជំនាន់​មុន​ៗ​ដែរ​នោះ​បាន​លើ​កយក​ប្រវត្តិ​នោះ​មក​និទាន ដូច​ខាង​ក្រោម​។

ក្នុង​កាល​ដែល​កន្លង​យូរ​ហើយ ពុំ​ដឹង​ជា​សតវត្សរ៍ ទី ប៉ុន្មាន និង​ពុំ​ដឹង​ជា​ក្នុង​រជ្ជកាល​នៃ​ព្រះ​មហាក្សត្រិយ៍​អង្គ​ណា មាន​មន្ត្រី​ស័ក្តិ​ធំ​ម្នាក់​នាម​ពុំ​ប្រាកដ បាន​កាន់​កាប់​រាជការ​ជា​នាយ​តំបន់​នៅ​តាម​ឆ្នេរ​សមុទ្រ​ចាប់​តាំង​ពី​រាម​ រហូត​ទៅ​ទល់​នឹង​ព្រំដែន​សៀម​។ មន្ត្រី​នេះ​បាន​តាំង​តំបន់​ធ្វើ​ការ​នៅ​កោះ​មូល ព្រោះ​កោះ​នេះ​នៅ​ជិត​ទល់ដែន​សៀម ហើយ​មាន​លំហ​សមុទ្រ​ដ៏​ធំ អាច​មើល​ឃើញ​ទូក សំពៅ​ចេញ​ចូល​បាន​ដោយ​ងាយ​ក្នុង​កិច្ច​ការពារ​ព្រំដែន ។

លោក​នាយ​តំបន់​ នេះ​មាន​ភរិយា​ឈ្មោះ ម៉ៅ ។ លោក​ស្រី ម៉ៅ ជា​នារី​មាន​សន្តាន​ចិត្ត​ប្រាកដ​និយម និយាយ​ម៉ាត់​ណា​ម៉ាត់​ហ្នឹង ហើយ​រឹង​រូសផង។ ប្រជា​ពលរដ្ឋ​ទាំង​ប្រុស ស្រី ចាស់ ក្មេង តែង​ខ្លប​ខ្លាច​អំណាច​លោក​ស្រី​ជាង​លោក​ប្រុស​ទៅ​ទៀត។ ក្រៅ​ពី​នេះ លោក​ស្រី​មាន​បុគ្គលិក​លក្ខណៈ​មួយ​ទៀត គឺ​កំណាញ់​គ្រឿង​កាម​គុណ។ ស្វាមី​របស់​លោក​ស្រី​ បាន​ប្ដេជ្ញា​ចិត្ត​ជា​ដាច់​ខាត ថា​មិន​ឲ្យ​មាន​ស្រី​ដទៃ​ណា​មក​លាយឡំ​មួយ​ជា​ពីរ​ឡើយ ។

ចំណែក​លោក​ប្រុស​ វិញ មាន​អធ្យាស្រ័យ​ផ្ទុយ​ស្រឡះ​អំពី​គំនិត​លោក​ស្រី គឺ​លោក​មាន​ប្រជា​ប្រិយ​ភាព មាន​ការ​រាប់អាន​រាស្ត្រ​ប្រជា មិន​ប្រកាន់​ឋានៈ​អ្នក​មាន ឬ​អ្នក​ក្រ​ឡើយ ហើយ​ក្រៅ​អំពី​នេះ​លោក​ក៏​ពុំ​ប្រកាន់​ថា ក្នុង​ជាតិ​នេះ​រូប​គាត់​ត្រូវ​មាន​ប្រពន្ធ​តែ​មួយ​នោះ​ទេ ដូច្នេះ​ហើយ​បាន​ជា​លោក​ហ៊ាន​ក្បត់​ចិត្ត​លោក​ស្រី ម៉ៅ ដោយ​បាន​ទៅ​រួម​រ័ក​នឹង​ស្រី​ម្នាក់​​ទៀត ឈ្មោះ​នាង ប៉ែន ។ នាង ប៉ែន មាន​រូប​សម្បត្តិ​ឆើតឆាយ​ជាង​លោក​ស្រី ម៉ៅ ហើយ​វ័យ​ក៏​នៅ​ក្មេង​ផង ធ្វើ​ឲ្យ​លោក​នាយ​តំបន់​ងប់​ចិត្ត​លែង​ខ្លាច​លោក​ស្រី​ ម៉ៅ ជា​ភរិយា ហើយ​ថែម​ទាំង​ពុំ​សូវ​បាន​នែប​និត្យ​នឹង​លោក​ស្រី​ទៀត ។

ដោយ​កម្លាំង​កាម តណ្ហា​វា​ដុត​រោល បាន​ធ្វើ​ឲ្យ​លោក​ស្រី​ក្ដៅ​ក្រហាយ​ចិត្ត​ដូច​គេ​យក​រងើក​ភ្លើង​ទៅ​បង្កប់​ ក្នុង​ដើម​ទ្រូង។ លោក​ស្រី​បាន​ដាក់​កំហិត​ថា បើ​លោក​ប្រុស​មិន​លះបង់​នាង ប៉ែន ចោល​ទេ លោក​ស្រី​នឹង​ធ្វើ​អត្តឃាត​ដោយ​វិធី​ណា​មួយ​ពុំ​ខាន។ ពាក្យ​ប៉ុណ្ណេះ​គួរ​តែ​លោក​ប្រុស​ស្ដាប់​បាន ហើយ​ប្រញាប់​ប្រញាល់​ដោះស្រាយ​ជា​បន្ទាន់ ព្រោះ​ធ្លាប់​ដឹង​ចិត្ត​លោក​ស្រី​ស្រាប់ ប៉ុន្តែ​ដោយ​ស្នេហា​វា​បាំង​ កម្លាំង​កាម​វា​បិទ​ធ្វើ​ឲ្យ​សម្តី​លោក​ស្រី​រសាត់​តាម​ខ្យល់ ពុំ​ចូល​ត្រចៀក​លោក​ប្រុស​សោះ មួយ​លើក​ដដែល ពីរ​លើក​ព្រងើយ បី​លើក​លើស​ដើម ។

ឱ ! កម្លាំង​ស្នេហា រោគ​កាមគុណ តើ​វា​បង្ខំ​ចិត្ត​លោក​ស្រី​ឲ្យ​លោត​ដល់​កម្រិត​ណា ? ពាក្យ​ប្ដេជ្ញា​របស់​លោក​ស្រី​មាន​ប្រសិទ្ធភាព​ឬ​ទេ ?!

មែន! មនុស្ស​បម្រើ​នឹក​ឆ្ងល់​គ្រប់​គ្នា ថា​តើ​លោក​ស្រី​សម្រាន្ត​អី​ក៏​យូរ​ម្ល៉េះ! ម៉ោង ៦-៧ ហើយ​នៅ​មិន​ទាន់​ក្រោក ទើប​ចាត់​គ្នា​ឲ្យ​ទៅ​លប​មើល។ ពេល​នោះ​ការ​ងឿង​ឆ្ងល់​កាន់​តែ​ទ្វេ​ឡើង ព្រោះ​ពុំ​ឃើញ​រូប​លោក​ស្រី​នៅ​សម្រាន្ត​សោះ​ឡើយ។ សភាព​ជ្រួល​ច្របល់​ក៏​កើត​មាន​ឡើង ទាំង​លោក​នាយ​តំបន់ ទាំង​អ្នក​រាជ​ការ​​ក្រោម​បង្គាប់ ព្រម​ទាំង​អ្នក​បម្រើ​ប្រុស​ស្រី រត់​ខ្វែង​ជើង អ្នក​ខ្លះ​រក​មើល​សព្វ​កៀន​កោះ​ក្នុង​ផ្ទះ ខ្លះ​មើល​តាម​ដើម​ឈើ​ក្រែង​លោក​ស្រី​ចង​ក ខ្លះ​ដើរ​មើល​តាម​មាត់​ទឹក ប៉ុន្តែ​នៅ​តែ​ពុំ​ឃើញ​ទៀត ទើប​ចាត់​គ្នា​ឲ្យ​ទៅ​រក​ទី​ឆ្ងាយ​ៗ ក្រែង​លោក​ស្រី​និរទេស​ខ្លួន ខ្លះ​ទៅ​ជ្រោយ​គយ (ឡាំងដាំ) ខ្លះ​ទៅ​កោះ​កាពិ ខ្លះ​ទៅ​ពាម​ក្រសោប និង​ខ្លះ​ទៀត​ទៅ​កោះកុង ...។

ពុទ្ធោ នៅ​ព្រឹក​នៃ​ថ្ងៃ​បន្ទាប់ គេ​ឃើញ​សព​លោក​ស្រី​អណ្ដែត​ទឹក​ស្ពីង​នៅ​ជាយ​កោះ​មូល ប៉ែក​ខាង​ទិស​ពាយព្យ ហើយ​នៅ​លើ​រូប​កាយ​សព​ពុំ​មាន​ស្នាម​ជាំ​ដំ​អ្វី ទើប​នាំ​គ្នា​សន្និដ្ឋាន​ថា​លោក​ស្រី​ប្រាកដ​ជា​លោត​ទឹក​សម្លាប់​ខ្លួន។ ក្រោយ​​ស្រង់​សព​យក​មក​លើ​គោក​ហើយ លោក​នាយ​តំបន់​និង​សហការី បាន​ចាត់ចែង​ធ្វើ​រោង​តម្កល់​សព និង​រៀប​ធ្វើ​បុណ្យ​តាម​ប្រពៃណី​យ៉ាង​អ៊ឹកធឹក។ បន្ទាប់​មក លោក​នាយ​តំបន់​ក៏​លើក​នាង​ប៉ែន​ឲ្យ​ឡើង​ជា​ភរិយា​ពេញ​ទី ហើយ​ត្រូវ​បាន​គេ​ហៅ​ថា​លោក​ស្រីៗ ជាប់​រហូត​ទៅ ។

រំលង​អំពី​មរណកាល​នៃ​ លោក​ស្រី ម៉ៅ បាន ៣-៤ ខែ អ្នក​ស្រុក​នៅ​តំបន់​នេះ​ចេះ​តែ​មាន​ជំងឺ បន្តិច​អ្នក​នេះ​ឈឺ បន្តិច​អ្នក​នោះ​ឈឺ ប្រុស​ក៏​មាន ស្រី​ក៏​មាន ចាស់​ក៏​មាន ក្មេង​ក៏​មាន ហើយ​ពុំ​មាន​គ្រូ​ហ្ម​ណា​មើល​ជា ទោះបី​បន់ស្រន់​អារក្ខ អ្នកតា ឬ​សែន​ព្រេន​ថ្វាយ​អ្វីៗ ក៏​ពុំ​ជា​ដែរ ខ្លះ​ក៏​បាត់បង់​ជីវិត ខ្លះ​ក៏​នៅ​ទុរន​ទុរា​ស្ទើរ​ស្លាប់​ស្ទើរ​រស់ ។

ហេតុ ​តែ​សំណាង​មាន អាយុ​មិន​ទាន់​អស់​មិន​ស្លាប់ ស្រាប់​តែ​មាន​ស្រី​ម្នាក់​យំ​គក់​ទ្រូង គក់​ស្មា ហើយ​ស្រែក​សួរ​អ្នក​កំដ​រជំងឺ​​ថា ស្គាល់​យើង​ទេ! យើង​ជា​នរណា! យើង​ស្លាប់​ដោយ​សារ​អ្វី! អ្នក​ទាំង​អស់​គ្នា​ស្រឡាំងកាំង ក្នុង​ភាព​សន្និដ្ឋាន​ថា​ច្បាស់​ជា​ខ្មោច​ចូល ហើយ​ក៏​បន្លឺ​ឡើង​ថា យើង​ខ្ញុំ​ពុំ​ស្គាល់​ទេ សូម​មេត្តា​ប្រាប់​យើង​ខ្ញុំ​ផង លោក​ជា​អ្នក​ណា ? លោក​ស្លាប់​ដោយ​សារ​អ្វី ? រូប​នោះ​ឆ្លើយ​ថា​ យើង​ជា​លោក​ស្រី ម៉ៅ យើង​ស្លាប់​ដោយ​ឈឺ​ចិត្ត​នឹង​ប្ដី​មាន​សហាយ បើ​ចង់​ជា ត្រូវ​រក​របស់​មក​ថ្វាយ​យើង ។

គ្រួសារ​អ្នក​ជំងឺ​​ត្រេកអរ​ណាស់ នាំ​គ្នា​សួរ​អំពី​របស់​ដែល​ត្រូវ​ថ្វាយ តើ​របស់​អ្វី​ទៅ ? មាន​ស្ងោរ​ ក្បាល​ជ្រូក​ អាការ​សាហាវ(​ស្រា)​ កន្ទន់​បាក់​ក​(​ចេក)​ ភិរី​(ភ្លេង) ឬ​ក៏​ស្រោម​(​អាវ​)​នោះ​? អ្នក​ទាំងអស់​គ្នា​ដេញ​ដោល​សួរ​អំពី​របស់​ដែល​ខ្មោច​បិសាច តែង​ត្រូវ​ការ ប៉ុន្តែ​រូប​នោះ​ចេះ​តែ​បដិសេធ​ដាច់​អហង្ការ យូរ​ណាស់​ទើប​ឆ្លើយ​ទាំង​អឹម​អៀន​ថា​ រក​គ្រឿង​កាម​១​គូ មក​ថ្វាយ​យើង ទើប​យើង​ឲ្យ​ជា​។ អ្នក​ទាំងអស់​គ្នា​នៅ​តែ​ស្ដាប់​ពុំ​ទាន់​យល់​ច្បាស់ ក៏​នាំ​គ្នា​សួរ​បញ្ជាក់​ទើប​រូប​នោះ​ឆ្លើយ​ទាំង​កំហឹង​ថា​រក​លិង្គ​ឲ្យ​យើង ​១​គូ ព្រោះ​យើង​ខ្វះ​គ្រឿង​នេះ​យូរ​ហើយ ថា​តែ​ប៉ុណ្ណោះ​ក៏​ចេញ​ពី​រូប​បាត់​ទៅ ហើយ​ទាំង​រូប​ទាំង​ស្នំ អត់​ទ្រាំ​ពុំ​បាន​ក៏​នាំ​គ្នា​សើច​គឹល​ឡើង ។

អ្នក​ទាំងអស់​គ្នា​ឈប់​ សង្ស័យ ហើយ​ក៏​ចាត់ចែង​យក​ឈើ​មក​ធ្វើ​ជា​លិង្គ​១​គូ​ដាក់​ថ្វាយ ឯ​អ្នក​ជំងឺ​ក៏​បាន​ជា​សះ​ស្បើយ​តែ​រៀង​ខ្លួន។ មុន​ដំបូង​គេ​ពុំ​ទាន់​កំណត់​កន្លែង​ដែល​ត្រូវ​ដាក់​ថ្វាយ​ទេ គឺ​គេ​យក​លិង្គ​តង្វាយ​ទៅ​ដាក់​ក្រោម​ដើម​ឈើ​ធំ ឬ នៅ​លើ​ដុំ​ថ្ម ហើយ​អុជ​ធូប​និយាយ​ទៅ លុះ​យូរ​ៗ​ទៅ ទើប​គេ​នាំ​គ្នា​សង់​ជា​អាស្រម​​។ ទី​១ គេ​សង់​នៅ​កោះ​មូល​ខាង​ទិស​ពាយព្យ ត្រង់​កន្លែង​ដែល​ឃើញ​សព​អណ្ដែត​ជា​ដំបូង បន្ទាប់​​មក​នៅ​កោះ​កាពិ រួច​នៅ​តាម​មាត់​សមុទ្រ និង​កោះ​នានា ។

ចំណែក​ អ្នក​និយម​ជឿ​វិញ មិន​គ្រាន់​តែ​អ្នក​មាន​ជំងឺ​ប៉ុណ្ណោះ​ទេ ទោះបី​អ្នក​ធ្វើ​ដំណើរ​ដោយ​ទូក សំពៅ តាម​សមុទ្រ​ដែល​ភ័យ​ខ្លាច​អំពី​ព្យុះ​ខ្យល់ ​និង​គ្រោះ​កាច​ផ្សេង​ៗ​ទៀត​ក៏​តែង​សំបូង​សង្រូង​បន់​ស្រន់​លោក​ស្រី ម៉ៅ សុំ​សេចក្ដី​សុខ​គ្រប់​គ្នា ។

ចាប់​តាំង​ពី​ពេល​នោះ​មក ប្រជាពលរដ្ឋ​នៅ​តាម​មាត់​សមុទ្រ និង​តាម​កោះ​នានា​តាំង​ពី​ភូមិ​រាម​រហូត​ដល់​ព្រំ​ប្រទល់​ដែន​សៀម តែង​គោរព​បូជា​លោក​ស្រី ម៉ៅ គ្រប់​គ្នា ព្រោះ​កាល​នៅ​រស់​នៅ​ឡើយ លោក​ស្រី​មាន​អានុភាព​លើ​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ លុះ​អនិច្ចកម្ម​ទៅ​ហើយ ក៏​វិញ្ញាណក្ខន្ធ​លោក​ស្រី​នៅ​មាន​ឥទ្ធិពល​ខ្លាំង​ក្លា​លើ​ដំបន់​នេះ​ទៀត ។ ព្រាយ​បិសាច​អារក្ខ អ្នកតា​ឯ​ទៀត​ៗ ក៏​ខ្លប​ខ្លាច​អំណាច​លោក​ស្រី​ទាំងអស់ ដូច្នេះ​ហើយ​បាន​ជា​អ្នក​ស្រុក​នៅ​តំបន់​នេះ បើ​មាន​ជំងឺ ឬ​បន់ស្រន់​ពី​រឿង​អ្វី គេ​ពុំ​ដែល​បន់​វត្ថុ​ស័ក្តិសិទ្ធិ​ណា​ក្រៅ​ពី​លោក​ស្រី ម៉ៅ ឡើយ ហើយ​ចំណេរ​យូរ​ៗ​ទៅ ពាក្យ​ថា​លោក​ស្រី ម៉ៅ ក៏​ក្លាយ​មក​ជា យាយ​ម៉ៅ រហូត​ដល់​សព្វ​ថ្ងៃ ។

រីឯ​សំណែន​ដែល​គេ​សែន​ថ្វាយ​វិញ នៅ​គ្រប់​អាស្រម​ទាំងអស់​ឃើញ​មាន​សុទ្ធ​តែ​រូប​លិង្គ​ជា​គំនរ​ដែល​គេ​ធ្វើ​ អំពី​ស៊ីម៉ងក៍​មាន អំពី​ឈើ​ក៏​មាន ប៉ុន្តែ​ភាគ​ច្រើន​គឺ​ឈើ ដែល​មាន​ខ្លះ​ត្រូវ​បាន​លាប​ពណ៌​ជា​លម្អ​ផង លុះ​មាន​ច្រើន​ទៅ បណ្ដាល​ឲ្យ​កណ្ដៀរ​ស៊ី​លិង្គ​ឈើ​ទាំង​នោះ ដូច្នេះ​ហើយ​បាន​ជា​នៅ​ឆ្នាំ ១៩៦៦ បរិស័ទ បាន​នាំ​គ្នា​ធ្វើ​ពិធី​មួយ សុំ​រើ​យក​តង្វាយ​លិង្គ​ឈើ​ចាស់ ៗ ទៅ​ដុត​ចោល​ម្ដង ហើយ​សាង​រូប​លិង្គ​ថ្មី​ថ្វាយ​ជំនួស​វិញ ។

ក្រៅ​អំពី​ រូប​លិង្គ​ដូច​បាន​ពោល​ខាង​លើ​នេះ ឃើញ​មាន​តង្វាយ​ដទៃ​ទៀត​គឺ​ឡង់​ (​ឆត្រ​តូច​ៗ) និង​តេងឡាង​(​គោម​ធ្វើ​ពី​ក្រដាស​ក្រហម​)​ខ្លះ​ដែរ ទំនង​ជា​អ្នក​និយម​ចិន​គេ​ដាក់​ថ្វាយ ជា​ពិសេស​តាម​របៀប​អ្នកតា​ចិន ។

តាម ព័ត៌មាន​មួយ​ផ្នែក​ទៀត​ថា លោក​ស្រី ប៉ែន ជា​ភរិយា​ចុង​នៃ​លោក​នាយ​តំបន់​ក៏​ស្លាប់​ទៅ​កើត​ជា​ព្រាយ​​បិសាច​ដែរ ដូច្នេះ​បាន​ជា​នៅ​កោះ​មូល​មាន​អាស្រម​២ គឺ​អាស្រម​១​នៅ​ជ្រុង​ខាង​ទិស​ពាយព្យ​នៃ​កោះ ជា​អាស្រម​របស់​យាយ​ម៉ៅ និង​អាស្រម​១ ទៀត នៅ​ជ្រុង​ខាង​ទិស​ទក្សិណ​នៃ​កោះ ជា​អាស្រម​របស់​យាយ​ប៉ែន ប៉ុន្តែ​យាយ​ប៉ែន​នេះ​ពុំ​សូវ​មាន​គេ​ស្គាល់ និង​ពុំ​មាន​អ្នក​ណា​បន់ស្រន់​អ្វី​ទេ៕

This content has been locked. You can no longer post any comments.
Show/hide comments
busy