
កោះបាលីៈ នេះជាមោទនភាពថ្មីមួយទៀតរបស់ប្រជាជនឥណ្ឌូនេស៊ីដែលបានរៀបចំនូវ ព្រឹត្តិការប្រណាំងរទេះក្របីប្រចាំឆ្នាំ Bali Buffalo Racing មានលក្ខណៈសស្រាក់សស្រាំបំផុតនៅឯកោះបាលី។
ចំពោះសត្វក្របីដែល ចូលរួមប្រកួតនោះត្រូវបានម្ចាស់របស់វាបានតុបតែងមានមកុដពាក់លើ ក្បាលយ៉ាងស្អាតទៅតាមលំនាំបែបផែននៃភូមិដ្ឋាននិមួយៗរបស់ប្រជាជននៅលើកោះបាលីនៃប្រទេសឥណ្ឌូនេស៊ី។
ព្រឹត្តិការណ៍នេះត្រូវ ប្រជាជនឥណ្ឌូនេស៊ីដាក់ឈ្មោះថា«ម៉ាកេពុង»ដែលធ្វើនៅតំបន់ជេប្រាណា ស្ថិតនៅលើកោះបាលីមានក្របីចំនួន២៤៩គូចូលរួមប្រកួត។
រ៉ូប៊ឺតាស ពូឌីយ៉ានតូ វ័យ៤១ឆ្នាំមកពីសូរ៉ាបាយ៉ានិយាយថា៖«ការប្រកួតនេះបានចាប់ផ្តើមនា ពេលទំនេរពីការបង្កបង្កើនផលរបស់ប្រជាកសិករ ដោយគេប្រារព្ធឡើងក្នុងគោលបំណងអបអរសាទរដល់ភោគផលខ្លួនបន្ទាប់ ពីបានប្រមូលផលមកនោះ»។
ចំពោះក្របីដែលត្រូវយកមកប្រកួតនោះ តម្រូវឲ្យមានការជ្រើសរើសសម្រិតសម្រាំងយ៉ាងល្អនិងមានការតុបតែង លើស្នែងនិងក្បាលវាបានយ៉ាងស្អាតទៀតផងមុននឹងចូលប្រកួត។ ចំណែកការប្រកួតមានចម្ងាយ២គីឡូម៉ែត្រ។ គេឃើញថារទេះក្របីដែលចូលប្រណាំងនោះអាចរត់បានល្បឿន៤៨គីឡូ ម៉ែត្រក្នុងមួយម៉ោងខណៈម្ចាស់វាមានការប្រយ័ត្នប្រយែងបំផុតក្នុង ការបញ្ជា។
គេបានប្រារព្ធវាពីរលើកក្នុងមួយឆ្នាំនៅខែកក្កដា និងខែតុលាមានសត្វក្របីចូលរួមរាប់ពាន់។ គេបានបែងចែកសត្វក្របីចូលរួមប្រកួតនេះជាពីរក្រុមគឺក្រុមមកពី តំបន់ខាងកើត និងខាងលិចដោយគេបានប្រើពណ៌ទង់ជាតិគឺ ពណ៌បៃតងត្រូវគេប្រើសម្រាប់ក្រុមនៅខាងលិច ខណៈពណ៌ក្រហមប្រើនៅតំបន់ខាងកើត។
រទេះដែលប្រើសត្វក្របី ឬគោអូសទាញនេះដើមឡើយមានវត្តមានបណ្តាប្រទេសមួយចំនួនដូចជា រុស្ស៊ី និងកាហ្សាក់ស្ថានប្រមាណជា២០០០ឆ្នាំមុនគ្រឹះសករាជមកម្ល៉េះ។ យានជំនិះនេះត្រូវបានប្រើប្រាស់នៅអឺរ៉ុបចិន និងឥណ្ឌាជាដើម ក្នុងគោលបំណងសឹកចម្បាំង ធ្វើដំណើរ ដឹកទ្រព្យសម្បត្តិ និងប្រកួតផងដែរ៕ PR
ភ្នំពេញ ប៉ុស្តិ៍







