ភ្នំពេញ : ក្រោយបំពេញការងារហត់នឿយមួយសប្តាហ៍នោះ នាថ្ងៃឈប់សម្រាកថ្ងៃសៅរ៍អាទិត្យ អ្នកខ្លះជ្រើសយកការលម្ហែឆ្នេរសមុទ្រ ខ្លះទៀតនិយមទស្សនាសួនសត្វ ប្រាសាទបុរាណដែលនៅជិតៗរាជធានី ភ្នំពេញជាដើម។ ក្នុងនោះរមណីយដ្ឋានទេសចរណ៍ «ភូមិត្នោត ភូមិឋានសុខភាព» ដែលគេទើបតែបង្កើតថ្មីស្ថិតនៅភូមិរាយដប ឃុំសៀមរាប ស្រុកកណ្តាលស្ទឹងនោះ ក៏គោលដៅពេញនិយមទាក់ទាញភ្ញៀវទៅសម្រាកកម្សាន្តលម្ហែកាយផងដែរ ។
រមណីយដ្ឋានភូមិត្នោត មានចម្ងាយប្រមាណតែ២៦គីឡូម៉ែត្រប៉ុណ្ណោះ ពីទីក្រុងភ្នំពេញ។ បើយើងចង់ធ្វើដំណើរទៅទីនោះ យើងគ្រាន់តែចំណាយពេលប្រមាណ៤០នាទីឆ្លងស្ពានស្ទឹងមានជ័យ រួចបត់ចូលតាមផ្លូវជើងឯក កាត់ស្ពានព្រែកជ្រៃ ឆ្ពោះទៅផ្លូវជាតិលេខពីរ ដល់ទឹកដីឃុំសៀមរាប រួចក្រឡេកមើលខាងឆ្វេងដៃនឹងឃើញស្លាកសរសេរថា «ភូមិត្នោត ភូមិឋានសុខសាន្ត» រួចបត់ចូលទៅតាមខ្លោងទ្វារ វត្តវិហារកំបោរចម្ងាយជាងពីរគីឡូម៉ែត្រនឹងបានឃើញស្លាកមួយទៀត ដែល គេសរសេរថា «ភូមិត្នោត»។
មិនខុសពីឈ្មោះរបស់វាទេ រមណីយដ្ឋានភូមិត្នោតនេះស្ថិតនៅកណ្តាលវាលស្រែព័ទ្ធជុំវិញដែល រំលេចទៅដោយដើមត្នោត និងរុក្ខជាតិតូចធំពណ៌ខៀវស្រងាត់ ដែលត្រូវបានគេថែរក្សា ដើម្បីតុបតែងជាមួយសំណង់ធ្វើពីឫស្សី និងដើមត្នោត ជាសម្បត្តិធម្មជាតិរបស់ខ្មែរ។ ការតុបតែងដ៏ត្រជាក់ភ្នែកដូច្នេះ បានធ្វើឲ្យទីនេះ ក្លាយទៅជាទីកន្លែងទាក់ទាញក្រៃលែង រួមទាំងមានរសជាតិម្ហូបខ្មែរ មាន់ដុត និងសម្លកកូរត្នោតផងដែរ។
លោក ឈឹម យឿន អ្នកគ្រប់គ្រងរមណីយដ្ឋានភូមិត្នោត ភូមិឋានសុខភាពនេះ បានឲ្យដឹងថា រមណីយដ្ឋានភូមិត្នោត ភូមិឋានសុខភាព ត្រូវបានផ្តួចផ្តើមដោយលោកស្រី ពុំ ឆវី អតីតកូនកសិករ នៅភូមិរាយដបនេះ ដែលសព្វថ្ងៃគាត់ជាមន្ត្រីចូលនិវត្តន៍រស់នៅភ្នំពេញ។
លោកបន្ត ថា៖ «រមណីយដ្ឋានបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិរយៈពេលពីរឆ្នាំហើយ។ វាធ្លាប់ជាទីទួលខ្ពស់មួយមិនលិចទឹក មានផ្ទៃដីជាងពីរហិកតា មានដើមត្នោត១០០ ដើម និងរុក្ខជាតិតូចធំរាប់សិបដើម។ យើងថែរក្សា និងបានបន្តដាំដុះបន្តក្រោយពីមានការកែប្រែទីនេះឲ្យក្លាយជា រមណីយដ្ឋាន»។
អ្នកគ្រប់គ្រងវ័យ៥៤ឆ្នាំរូបនេះបានបង្ហើបឲ្យ ដឹងទៀតថា៖ «គម្រោងក្នុងការអភិវឌ្ឍកែច្នៃតំបន់រមណីយដ្ឋានទេសចរណ៍នេះ លើគម្រោងដីចំនួន៦ហិកតា ប៉ុន្តែពេលនេះទើបតែធ្វើការកែច្នៃពង្រីកបានចំនួន២ហិកតាទេ ។ ប៉ុន្តែលោកបានអះអាងទៀតថា ពេលនេះថៅកែកំពុងសិក្សាគម្រោងពង្រីក ដើម្បីបំពេញតម្រូវការភ្ញៀវ ខណៈដែលសព្វថ្ងៃរមណីយដ្ឋាននេះទទួលបានភ្ញៀវចូលមកកម្សាន្ត យ៉ាងច្រើនកុះករនោះ»។
លោក ឈឹម យឿន បានប្រាប់ថា៖«នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យភ្ញៀវមកលេងទីនេះមិនដែលក្រោមពី៤០០នាក់ទៅ ៥០០នាក់ទេ ហើយភ្ញៀវនោះមានចម្រុះជាតិសាស្រ្ត ពិសេសអ្នកនៅភ្នំពេញ»។
យោងតាម សម្ដីរបស់លោក នៅរៀងរាល់ថ្ងៃអាទិត្យនៅខាងមុខនេះ ភូមិត្នោតមានផ្សារតូចមួយនៅចាំស្វាគមន៍ភ្ញៀវទេសចរ ដែលនៅផ្សារនោះមាន លក់បន្លែ ត្រីសាច់ និង វត្ថុអនុស្សាវរីយ៍ កែច្នៃចេញពីវត្ថុធាតុដើមធម្មជាតិ ច្រើនសម្រាប់ភ្ញៀវទេសចរ ហើយអ្នកដែលត្រូវបានអនុញ្ញាតឲ្យយករបស់នោះមកលក់ទៀតសោធសុទ្ធតែជា កុមារកំព្រានិងស្ត្រីមេម៉ាយនៅក្នុងភូមិឃុំនេះ ដែលទទួលបានការបណ្តុះបណ្តាលលើជំនាញកែច្នៃ និងរៀបចម្លាក់ ដោយអង្គការក្រៅរដ្ឋាភិបាល «ដើម្បីវិបុលភាព»។
ជាមួយការ លើកឡើងឲ្យដឹងនេះ លោក ឈឹម យឿន បានរៀបរាប់ឲ្យដឹងពីការតុបតែង និងសោភណភាពនៅខាងក្នុងរមណីយដ្ឋានថា ចូលផុតខ្លោងទ្វារភូមិត្នោតបន្តិចនៅខាងស្តាំដៃមានស្រះទឹកមួយ ត្រូវបានគេសង់ជាតូបសម្រាប់ជាកន្លែងអង្គុយលម្ហែកាយ។ នៅខាងឆ្វេងដៃវិញមានសង់អាងហែលទឹកបែបអឺរ៉ុបមួយ ដែលមានទឹកថ្លាសម្រាប់ភ្ញៀវហែលលេងកម្សាន្ត។ នៅខាងលិច អាងហែលទឹកនោះមានភោជនីយដ្ឋាន យ៉ាងធំមួយនៅខាងមុខភោជនីយដ្ឋាន មានសង់រូបសំណាកបុរសពាក់មួកស្លឹកត្នោត ស្ពាយអង្រុត និងស្ត្រីទូលផ្លែឈើមួយល្អីយ៉ាងពេញរង់ចាំស្វាគមន៍ភ្ញៀវទេសចរ ដែលចូលទៅពិសាអាហារទីនោះ។ ចំណែកនៅខាងក្នុងភោជនីយដ្ឋានវិញ ទាំងតុ កៅអី សាឡុងអង្គុយសម្រាប់ភ្ញៀវ ទទួលទាន និងសម្ភារតុបតែង ផ្សេងៗទៀតសុទ្ធសឹងធ្វើពីដើមត្នោតសុទ្ធសាធ។ ម្ហូបអាហារនៅទីនេះមានតម្លៃថោកសមរម្យមានចំនួន៤០មុខ ដែលអាហារពិសេសប្រចាំហាង នោះគឺមាន់ដុត និងសម្លកកូរត្នោត។ អ្វីដែលពិសេសនោះគឺ ស្ករត្នោត និងទឹកត្នោត ដែលផលិតដោយដៃអ្នកធ្វើការនៅទីនេះ ទាញចេញពីដើមត្នោតនៅក្នុងរមណីយដ្ឋាននេះសុទ្ធសាធ និងគ្មានជាតិគីមី។
លោក យឿង បានឲ្យដឹងបន្តថា នៅខាងលិចភោជនីយដ្ឋាន នោះមានរោងរម្ងាស់ស្ករត្នោតតូចមួយដែលទឹកត្នោតទាំងនោះត្រូវបានគេ ឡើងត្រងយកពីដើមត្នោតនៅទីនេះ។ ខាងជើងទល់មុខភោជនីយដ្ឋានមានកន្លែងកម្សាន្ត សម្រាប់កុមារ ទីលានកីឡា បណ្ណាល័យ ហាងកាហ្វេ និងសំណង់បម្រើការកម្សាន្តសប្បាយផ្សេងៗជាច្រើនទៀត។ នៅចំកណ្តាល ផ្លូវចូលមានសង់រូបសំណាកបុរសម្នាក់ស្លៀកខោខ្លី ញក់មួក ស្លឹកត្នោត ដៃម្ខាងកាន់កាំបិតត្នោត និងដៃម្ខាងទៀតកាន់ដងរែកបំពង់ទឹកត្នោត បង្ហាញពីមុខរបរដូនតាដ៏ចំណាស់មួយនេះមិនបាត់បង់ឡើយ។ នៅបរិវេណខាងលិចមានសង់ផ្ទះឫស្សីប្រក់ស្លឹកត្នោតជាពីរជួរ មួយជួរមានផ្ទះ ដោយមានការតុបតែងតាមបែបធម្មជាតិ លម្អទៅដោយសួនច្បារ អាងហែល ពោងទឹក និង សម្បុកចាបរយីងរយោងនៅពីមុខផ្ទះដែលប្រកបទៅដោយ ផាសុកភាព មើលទៅគួរឲ្យចង់ស្នាក់នៅក្រៃលែង។
លោក ឈឹម យឿន បានបញ្ជាក់ថា៖ «រមណីយដ្ឋានភូមិត្នោត ភូមិឋានសុខភាព នេះក្រៅពីស្វែងរកចំណូលពីសេវាកម្មនេះនោះ គឺការបង្កើតឡើងនេះក្នុងន័យ រួមចំណែកថែរក្សាកេរមរតកដូនតា ពិសេសគឺធម្មជាតិរុក្ខជាតិដើមត្នោត និងរុក្ខជាតិឫស្សីតែងម្ដង»៕
ភ្នំពេញ ប៉ុស្តិ៍









