Headlines:

ព្រះ​រាជ​ដំណាក់​ព្រះ​បាទ ស៊ីសុវត្ថិ មុនី​វង្ស​​លើ​ភ្នំ​បូក​គោ​​ទី​ព្រះ​អង្គ​យាង​ចូល​ទិវង្គត​ដោយ​ឈឺ​ព្រះទ័យ?



121123_21a
ភ្ញៀវ​ទេស​ចរ​កម្ពុជា​ដើរ​កាត់​មុខ​ព្រះ​រាជ​ដំណាក់​ព្រះ​បាទ​ស៊ីសុវត្ថិ មុនីវង្ស លើ​ភ្នំ​បូក​គោ​ដែល​ទើប​ជួស​ជុល​​​។ រូប សេត គឹមសឿន

កំពតៈ បន្ទាប់​ពី​ធ្វើ​ដំណើរ​ឡើង​ដល់​កំពូល​ភ្នំ​បូក​គោ​ដើម្បី​ទទួល​យក​នូវ​ចំណី​ អារម្មណ៍​ប្លែក​នៃ​អាកាសធាតុ​ត្រជាក់ និង​ទេសភាព​ដ៏​ស្រស់​ត្រកាល​ប្រៀប​បាន​នឹង​ឋាន​សួគ៌​លើ​ដី​នោះ ភ្ញៀវ​ទេស​ចរ​ទាំង​អស់​នឹង​បាន​ឃើញ​នូវ​សំណង់​អគារ​ចាស់​ៗ​មួយ​ចំនួន​ដែល​ជា ​សំណល់​ប្រវត្តិ​សាស្ត្រ​​ពី​សម័យ​ក្រោម​អាណា​និគម​និយម​បារាំង ហើយ​អគារ​មួយ​ដែល​គេ​មិន​សូវ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង តែ​ពេល​នេះ​ត្រូវ​បាន​គេ​ជួស​ជុល​ឡើង​វិញ​នោះ គឺ​ជា​​ព្រះរាជដំណាក់​របស់​អតីត​ព្រះ​មហា​ក្សត្រ​ខ្មែរ​ព្រះ​អង្គ ស៊ីសុវត្ថិ មុនី​វង្ស ដែល​ទីនោះ​ហើយ​ត្រូវ​បាន​គេ​អះ​អាង​ថា​ជា​ទី​ទ្រង់​សោយ​ទិវង្គត​នោះ​។

ភ្នំ ​បូក​គោ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ទឹក​ដី​ខេត្ដ​កំពត ​មាន​ចម្ងាយ​៤២​គីឡូ​ម៉ែត្រ​ពី​ក្រុង​កំពត​។ ក្រុម​ជន​បរទេស​ បាន​មក​ដល់​ខេត្ត​នេះ​ដំបូង​គេ​នៅ​ឆ្នាំ​១៩១៧ ​លុះ​ក្រោយ​មក​ជន​ជាតិ​បារាំង​ម្នាក់​ឈ្មោះ ​រូ លួស​ បាន​រៀប​ចំ​រមណីយដ្ឋាន​នេះ​ឡើង នា​ថ្ងៃ​ទី១៣ ខែ​មេសា ឆ្នាំ​១៩២២ ក្នុង​រជ្ជ​កាល​ព្រះ​បាទ​ស៊ីសុវត្ថិ​។ ភ្នំ​បូក​គោ​ ត្រូវ​បាន​រៀប​ចំ​ឡើង​សម្រាប់​​ជាទីកន្លែង​សម្រាក​លម្ហែកាយ​របស់​ពួក​អាណា​ និគម​បារាំង​នៅ​លើ​កំពូល​ភ្នំ​ដែល​មាន​កម្ពស់​១០៧៥​ ម៉ែត្រ។ ធាតុ​អាកាស​នៅ​លើ​ភ្នំ​បូក​គោ​មាន​ភាព​ត្រជាក់​បង្គួរ​ ហើយ​បើ​ចង់​ចាប់​ពពក ភ្ញៀវ​ទេសចរ​ទាំង​អស់​អាច​ទៅ​ទីនោះ​បាន​។

ជាមួយ​ គ្នា​នោះ ព្រះ​មហា​ក្សត្រ​ខ្មែរ​ជំនាន់​នោះ ក៏​បាន​កសាង​ព្រះ​រាជ​ដំណាក់ វត្ត​អារាម កន្លែង​កម្សាន្ត និង​ទីគោរព​បូជា​មួយ​ចំនួន​ផ្សេង​ៗ​ទៀត​ផង​ដែរ​។

តាម​រយៈ​គេហ​ទំព័រ​ ស្រែ​ខ្មុក បាន​ឲ្យ​ដឹង​ថា ភ្នំ​បូក​គោ នា​អតីត​កាល​គឺ​ប្រាកដ​ណាស់​ជា​ឋាន​សួគ៌​មួយ​របស់​ស្រុក​ខ្មែរ សម្បត្តិ​នៃ​ផែន​ដី​សុវណ្ណភូមិ ជា​ទី​ដែល​ព្រះ​បាទ​ស៊ីសុវត្ថិ មុនីវង្ស ទ្រង់​គង់​ប្រថាប់​សម្រាក​ព្រះ​កាយ​រហូត​ដល់​ទ្រង់​យាង​ចូល​ទិវង្គត ដោយ​សារ​តែ​ទ្រង់​ឈឺ​ចាប់ និង​តូច​ព្រះ​ទ័យ​ ដែល​ប្រទេស​សៀម​កាល​នោះ (បច្ចុប្បន្ន​ថៃ) តែង​តែ​ទន្ទ្រាន​ម្ដង​ហើយ​ម្ដង​ទៀត ឈ្លាន​ពាន​ និង​ដណ្ដើម​យក​ទឹក​ដី​កម្ពុជ​ប្រទេស ដោយ​មាន​ប្រទេស​ជប៉ុន ជា​អ្នក​គាំទ្រ​ពី​ក្រោយ​។

តាម​ចំណារ​ប្រវត្តិសាស្ត្រ​បាន​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​១៩៣៩ សង្រ្គាម​លោក​លើក​ទី​២ បាន​ផ្ទុះ​ឡើង។ ប្រទេស​សៀម​ដែល​មាន​វិវាទ​ជាមួយ​ប្រទេស​បារាំង ត្រូវ​បាន​ទទួល​ការ​គាំ​ទ្រ​ពី​ប្រទេស​ជប៉ុន​ ហើយ​នៅ​ទី​បំផុត​សៀម​ដែល​មាន​ជប៉ុន​នៅ​ពី​ក្រោយ​បាន​គាប​សង្កត់​ទៅ​លើ​ ប្រទេស​បារាំង ដណ្ដើម​យក​នូវ​ខេត្ដ​បាត់ដំបង និង​ទឹក​ដី​​ខ្មែរ​មួយ​ចំនួន​ទៀត​ស្ថិត​នៅ​ត្រង់​ចន្លោះ​ជួរ​ភ្នំ​ដង​រែក និង​ខ្សែ​ស្រប​ក្រាដ​(​ខ្សែ​ស្រប​លើ​ផែន​ទី​)ទី​១៥។

តាម​រយៈ​គេហ​ទំព័រ ​នោះ​បាន​បន្ត​ថា ដោយ​ឈឺ​ព្រះ​ទ័យនឹង​ការ​រំលោភ​ពី​សំណាក់​សៀម​នេះ ព្រះ​រាជ​សុខភាព​ត្រូវ​ទ្រុឌ​ទ្រោម​យ៉ាង​ឆាប់​រហ័ស ហើយ​ព្រះ​បាទ ស៊ីសុវត្ថិ មុនីវង្ស ទ្រង់​​ក៏​បាន​សោយ​ទិវង្គត​នៅ​រាត្រី​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​១៩៤១ នៅ​បូកគោ​នេះ​ឯង​​ក្នុង​ព្រះជន្មាយុ ៦៦​វស្សា ក្រោយ​ពេល​ព្រះ​អង្គ​សោយរាជ្យ​ក្នុង​ក្រុង​កម្ពុជា​ធិបតី​បាន​១៤​ឆ្នាំ។

រាជ ​ដំណាក់​មួយ​ដែល​អ្នក​ឡើង​ទស្សនា​គ្រប់​គ្នា​តែង​ឃើញ ហើយ​បច្ចុប្បន្ន​ត្រូវ​បាន​ជួស​ជុល​ឡើង​វិញ​នោះ ត្រូវ​បាន​គេ​ដឹង​ថា ជា​ព្រះ​រាជ​ដំណាក់​ព្រះ​អតីត​មហាក្សត្រ​ខ្មែរ​ព្រះ​បាទ ស៊ីសុវត្ថិ មុនីវង្ស ដែល​ព្រះ​អង្គ​កសាង​ឡើង​សម្រាប់​ជា​ទី​លម្ហែ​កាយ។ ​នោះ​ហើយ ដែល​គេ​ដឹង​ថា ជា​កន្លែង​ដែល​ព្រះ​យាង​ចូល​ទិវង្គតនោះ​។

តាម​រយៈ​គេហ​ ទំព័រ​នោះ​បាន​ឲ្យ​ដឹង​ថា រាជ​ដំណាក់​ព្រះ​អង្គ​ ដោយ​សារ​កាល​នោះ​ប្រទេស​កម្ពុជា​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​អាណា​និគម ​បារាំង ដូច្នេះ​ព្រះ​រាជ​ដំណាក់​នោះ​បាន​ដាក់​ឈ្មោះ​ជា​ភាសា​បារាំង​ធំ​ៗ​ថា «RESIDENCE DE S.M. MONIVONG»  ដែល​មាន​ន័យ​ជា​ភាសា​ខ្មែរ​ថា «ព្រះ​រាជ​តំណាក់ ព្រះ​ករុណា មុនីវង្ស»។

ស្រែ​ខ្មុក បាន​បញ្ជាក់​ថា៖​«​ព្រះ​រាជ​ដំណាក់​នេះ​ហើយ​ បើ​តាម​ការ​ស្មាន​គឺ​ជា​ស្ថាន​ដែល​ព្រះ​អង្គ​[ស៊ីសុវត្ថិ មុនី​វង្ស​] បាន​យាង​ចូល​ទិវង្គត​ នៅ​លើ​កំពូល​ភ្នំ​នៃ​ស្ថាន​សួគ៌​កម្ពុជា​នេះ។ ក្រោយ​មក​រាជការ​បាន​កែ​ប្រែ​ទៅ​ជា​អគារ​សាលា​ក្រុង​បូក​គោ បន្ទាប់​ពី​ទ្រង់​សោយ​ទិវង្គត​ទៅ»​។

ដោយ​ឡែក​ពាក់​ព័ន្ធ​នឹង​ប្រវត្តិ​ រាជ​ដំណាក់​ ព្រះ​ករុណា​ព្រះ​បាទ ស៊ីសុវត្ថិ មុនី​វង្ស និង​ការ​យាង​ចូល​សោយ​ទិវង្គត​របស់​ព្រះ​អង្គ​ដោយ​សារ​ការ​ឈឺ​ចាប់​នឹង​ការ​ ឈ្លាន​ពាន​របស់​សៀម​ដូច​ការ​លើក​ឡើង​ខាង​លើ​នោះ លោក រស់ ចន្ត្រា​បុត្រ បណ្ឌិត​ប្រវត្តិ​សាស្ត្រ​កម្ពុជា​​ បាន​សម្តែង​ការ​មិន​យល់​ស្រប​នឹង​ការ​លើក​ឡើង​ខាង​លើ​ឡើយ​ ដោយ​លោក​បញ្ជាក់​ថា ព្រះ​អង្គ ស៊ីសុវត្ថិ មុនី​វង្ស មិន​បាន​សោយទិវង្គត​ដោយ​សារ​ការ​ឈឺ​ចិត្ត​នឹង​សៀម​ឈ្លាន​ពាន​ទឹក​ដី​នោះ​ឡើយ​ ពោល​គឺ​ដោយ​ជរាព្យាធិ​ប៉ុណ្ណោះ​។

លោក​បណ្ឌិត​ប្រវត្តិ​សាស្ត្រ​បាន​ មាន​ប្រសាសន៍​ថា៖​«​ខ្ញុំ​មិន​ដែល​បាន​ឮ​ទេ រឿង​ថា ព្រះ​អង្គ​ឈឺ​ចិត្ត​រឿង​សៀម​នោះ តែ​ពេល​នោះ​ប្រទេស​កម្ពុជា​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​បារាំង បារាំង​មាន​បំណង​យក​វៀតណាម​ ឡាវ កម្ពុជា​ ដាក់​ក្រោម​អាណា​និគម​របស់​គេ​តែ​មួយ ដូច្នេះ​គ្មាន​រឿង​អី​ដែល​ថៃ​ត្រូវ​មក​ឈ្លាន​ពាន​ខ្មែរ​ទេ មាន​តែ​សៀម​ទៅ​វិញ​ទេ​ដែល​ត្រូវ​ខ្លាច​បារាំង​នោះ​»។

លោក​បាន​ឲ្យ​ដឹង​ បន្ថែម​ថា ក្រោយ​បារាំង​មក​ដាក់​អាណា​និគម​ ពួក​គេ​​បាន​កសាង​ភ្នំ​បូក​គោ​សម្រាប់​ជា​ការ​កម្សាន្ត​សប្បាយ ក្នុង​នោះ​បារាំង​ក៏​បាន​សង់​រាជ​ដំណាក់​មួយ​សម្រាប់​មហា​ក្សត្រ​ខ្មែរ​ដែរ ​ តែ​រឿង​ថា ព្រះ​អង្គ​បាន​សោយ​ទិវង្គត​ដោយ​សារ​ភាព​ឈឺ​ចាប់​នៅ​ទីនោះ លោក​បញ្ជាក់​ថា គ្មាន​ឯក​សារ​ណា​បញ្ជាក់​ឡើយ​។

យ៉ាង​ណា​មិញ ព្រះ​រាជ​ដំណាក់​ដែល​មាន​រចនា​ប័ទ្ម​បែប​បារាំង​របស់​ព្រះ​អង្គ ស៊ីសុវត្ថិ មុនី​វង្ស នោះ បាន​ទទួល​រង​ការ​ខូច​ខាត​យ៉ាង​ដំណំ​នៅ​សម័យ​ក្រោយ​មក ហើយ​ត្រូវ​បាន​គេ​ទុក​ចោល​អស់​រយៈ​ពេល​យ៉ាង​យូរ ទើប​តែ​បច្ចុប្បន្ន​នេះ​ប៉ុណ្ណោះ​ដែល​ព្រះ​រាជ​ដំណាក់​នេះ​ ត្រូវ​បាន​ក្រុម​ហ៊ុន​អភិវឌ្ឍន៍​សុខា ធ្វើ​ការ​ជួស​ជុល​ឡើង​វិញ៕

This content has been locked. You can no longer post any comments.
Show/hide comments
...
During 1939-1945 is second world war, f French lost Japan then Indichine is under Japan, Japan order Frenh to make Tokyo agreement by cutting Battambang, Siemreap, Stungtreng to Siamese. ..why Ruos Chtra Botr don't know about this. ..PhD copy
Kher on November 26, 2012 Report
vote down vote up Votes: 0
...
សួស្តី​ !
រឿង​ដែលថា ការ​យាង​ចូល​សោយ​ទិវង្គត​របស់​ព្រះ​អង្គ​ សីសុវត្តិ​ មុនីវង្ស​ដោយ​សារ​ការ​ឈឺ​ចាប់​នឹង​ការ​ឈ្លាន​ពាន​របស់​សៀម កាល​កម្ពុជា​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​បារាំងនោះ អ្នកទាំងអស់គ្នា​ អាចយោងតាមសៀវភៅមានចំណងជើងថា​​(អានុស្សាវរីយ៍ដ៏ផ្អែមល្ហែម)​​​ ដែលបានសរសេរដោយ ព្រះបាទ នរោត្តម សីហនុ។​​ សៀវភៅនេះ មាននៅបណ្ណាល័យ ហ៊ុន​ សែន​នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ​ រឺនៅបណ្ណាគារនានា។

អរគុណ។

Sunshine on November 24, 2012 Report
vote down vote up Votes: 0
busy