ភ្នំពេញ : យើងធ្វើដំណើរទៅតាមផ្លូវជាតិលេខ២ឆ្ពោះទៅជិតដល់ទន្លេបាទី នៅខាងឆ្វេងដៃនោះ យើងនឹងឃើញកសិដ្ឋានមួយដែលមានរបងព័ទ្ធយ៉ាងវែង ខណៈដែលសម្រែកខ្ញៀវខ្ញារនៃសត្វមាន់ និងក្លិនចំណីសត្វបានរសាត់តាមខ្យល់។ កសិដ្ឋាននោះមានឈ្មោះថា សូម៉ាហ្វាមដែលមានផ្ទៃដីប្រមាណជា៣០០ហិកតាបម្រើលើការដាំដុះ ដំណាំ និងសត្វ។ ក្រៅពីការចិញ្ចឹមបសុសត្វត្រី និងសត្វពាហនៈ កសិដ្ឋាននេះក៏ទទួលនូវម្លប់ពីរុក្ខជាតិដទៃដូចជាដំណាំ ខ្មុរ ដូងក្រអូប ស្វាយ ក្រូចឆ្មារ បន្លែ ស្រូវពូជ និងផ្កាអ័រគីដេដ៏ច្រើនពណ៌ជាដើម។
កសិដ្ឋានសូម៉ាហ្វាមមានវាលស្រែដ៏ធំស្ថិតនៅស្រុកគិរីវង់ ដែលមានផ្ទៃដីប្រហែលជា៣៥៩ហិកតា។ លោក សឿង សាំងអេម ប្រធានគ្រប់គ្រងកសិដ្ឋាន បានឲ្យដឹងថា ដំបូងឡើយ ទីនេះជាតំបន់ដាច់ស្រយាលដូច្នេះវត្តមានរបស់កសិដ្ឋានមានគោល បំណងពង្រីកវិស័យកសិកម្ម ដើម្បីឲ្យប្រជាជននៅទីនោះមានការងារធ្វើ និងបានយល់ដឹងពីបច្ចេកទេសដាំដុះច្បាស់លាស់។ ម៉្យាងវិញទៀត កសិដ្ឋានសូម៉ាហ្វាមក៏មានទទួលនិសិ្សតជំនាញផ្នែកនេះចុះមកស្រាវជ្រាវផ្ទាល់ផងដែរ។
ប្រធានគ្រប់គ្រងកសិដ្ឋានរូបនេះ បានឲ្យដឹងទៀតថា៖ «គោលដៅសំខាន់របស់កសិដ្ឋានទៅថ្ងៃអនាគតគឺយើងចង់តែប្រើបច្ចេកវិទ្យាមួយគឺយើងដាក់ជីធម្មជាតិដែលយើងផលិតដោយខ្លួនឯងទៅលើ គ្រប់ដំណាំ»។
កសិដ្ឋានដែលកកើតឡើងតាំងពី១៩៩៥ បច្ចុប្បន្នបានប្រមូលកសិករ និងអ្នកបច្ចេកទេសដែលចេញមកពីសាលាកសិកម្មឲ្យមកបម្រើការងារ នៅទីនេះ។
លោកបានបន្តទៀតថា កសិដ្ឋានរបស់លោកមានទិសដៅធំបំផុតគឺទីមួយការចិញ្ចឹមត្រី និងសត្វដែលមានគោមាន៦ប្រភេទ គឺប្រភេទហូស្ទេន ប្រាម៉ាន់ត្រចៀកវែង ប្រាម៉ាន់ក្រហម ប្រាម៉ាន់ត្រចៀកខ្លី កំផែងសែន និង ដ្រហ្វម៉ាស្ទើរ។ ចំណែកឯមាន់វិញគឺមានប្រភេទសម្រាប់យកស៊ុត និងមាន់បីសាសន៍។ រីឯទី២គឺដំណាំដែលកសិដ្ឋានផ្ដោតខ្លាំងជាងគេលើដូង ជាពិសេសគឺដូងក្រអូបតែម្ដង ដោយសារតម្រូវការខ្ពស់ពីអតិថិជន។
លោក បញ្ជាក់ទៀតថា ចំណុចសំខាន់របស់កសិដ្ឋានគឺការប្រើប្រាស់ជីធម្មជាតិ និងចំណីមិនលាយឡំជាតិគីមីដែលយើងផ្តល់ទៅឲ្យសត្វ និងរុក្ខជាតិ។
លោក សឿង សាំងអេម និយាយថា៖ «លក្ខណពិសេសរបស់ខ្ញុំក្នុងការដាំបន្លែ គឺពួកខ្ញុំសុទ្ធតែជាអ្នកបច្ចេកទេសដែលចេញពីសាលាកសិកម្មក្នុង ស្រុក និងក្រៅស្រុក ហើយគោលការណ៍នៅក្នុងកសិដ្ឋាននេះគឺតម្រូវឲ្យប្រើប្រាស់ជីធម្មជាតិ អ៊ីចឹងហើយទិន្ឋផលរបស់ខ្ញុំនេះគឺមានការទទួលស្គាល់ខ្ពស់ ហើយគុណភាពក៏ល្អ ជាពិសេសគឺការប្រើប្រាស់ជីធម្មជាតិ»។
ជី ដែលប្រើប្រាស់នៅក្នុងកសិដ្ឋាននេះគឺផលិតដោយអ្នកបច្ចេកទេសទីនោះ ផ្ទាល់ ដោយធ្វើការកែច្នៃផលិតផល និងកាកសំណល់មានស្រាប់ក្នុងកសិដ្ឋាន ដើម្បីធ្វើជីធម្មជាតិនេះ។ កាកសំណល់ទាំងនោះរួមមានលាមកមាន់ គោ និងកាកសំណល់រុក្ខជាតិដែលត្រូវបានយកមកផ្សំចូលគ្នាដើម្បីធ្វើ ជាជីកំប៉ុស។
ក្រៅពីចរាចរណ៍លក់ក្នុងស្រុក និងគម្រោងនាំចេញភោគផលទៅក្រៅប្រទេស លោកបញ្ជាក់ថា៖ «ពោលផលិតផលកសិដ្ឋានរបស់យើងគឺផែ្អកលើគុណភាព និងការយកចិត្តទុកដាក់លើសុខភាពអ្នកប្រើប្រាស់»៕
ភ្នំពេញ ប៉ុស្តិ៍







