សំឡេងហ៊ោកញ្ជ្រៀវខ្ញៀវខ្ញារ ដៃកាន់លុយក្ដាប់យ៉ាងណែនស្រែកមិនសំចៃជាកម្លាំងចិត្ដដល់កីឡាករដែលខ្លួនគាំទ្រថា៖ «វ៉ៃទៅ វ៉ៃទៅ!!! ហ៊ានភ្នាល់ទេ យកខៀវដប់ស៊ីប្រាំៗ»នេះជាការប្រកូកប្រកាសភ្នាល់គ្នាតាមតៀមកាហ្វេផ្សេងៗ ដែលអមដោយរូបភាពពីកញ្ចក់ទូរទស្សន៍នៃការប្រកួតប្រដាល់។
ជាការពិតណាស់ ការប្រកួតប្រដាល់ ជាប្រភេទកីឡាមួយដែលប្រជាពលរដ្ឋខ្មែរមានការនិយមខ្ពស់ ជាពិសេសសម្រាប់មនុស្សវ័យកណ្តាលឡើងទៅ។ យើងសង្កេតឃើញថា មិនថាអ្នកនិយមនៅតាមទីប្រជុំជន ឬចុងកាត់មាត់ញកណាទេ ឲ្យតែមានការប្រកួតប្រដាល់តាមកញ្ចក់ទូរទស្សន៍ម្តងៗ ប្រជាជនក្មេងចាស់ ប្រុសស្រីមួយចំនួន តែងតែជុំគ្នាអង្គុយត្រៀបត្រាទស្សនាដោយមិនប៉ព្រិចភ្នែក។ ជាងនេះទៅទៀតបុគ្គលមួយចំនួនដែលចូលចិត្តប្រព្រឹត្តល្បែងស៊ីសង តែងតែឆ្លៀតកេះបបួលគ្នាភ្នាល់យ៉ាងរំភើយ ដោយមិនបានគិតថានេះជាទីសាធារណៈដែលអាចជាគំរូដ៏អាក្រក់សម្រាប់អ្នកនៅជុំវិញខ្លួននោះទេ។
យុវជនម្នាក់ឈ្មោះកាត់ថា ស.ណ បានប្រាប់ថា៖ «ដំបូងខ្ញុំចេះតែមើលទេ ប៉ុន្តែលុះឃើញគេភ្នាល់គ្នាគួរឲ្យសប្បាយហើយមានគេមកបបួលញយៗដងពេក ក៏ហ៊ានភ្នាល់នឹងគេដែរទៅ»។
តាមរយៈសម្តីខាងលើនេះ យើងអាចសង្កេតឃើញថា បំណិននៃការភ្នាល់ប្រដាល់គឺចេះចាំតាមគ្នា គ្មានគម្ពីរណាបង្រៀនទេនេះគឺជាទង្វើដោយប្រយោលដែលចេះពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ហើយប្រសិនបើទង្វើខាងលើ នៅតែបន្តរីករាលដាលទៀតសង្គមជាតិទាំងមូល ជាពិសេសក្មេងៗជំនាន់ក្រោយ ប្រាកដជាយល់ថា នេះជារឿងត្រឹមត្រូវនាពេលប្រកួតប្រដាល់ម្តងៗ។
កញ្ញា ចាន់ ផល្គុណ ជានិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រាប់ថា៖ «វាស្ទើរតែក្លាយជាកេរដំណែលរបស់តៀមកាហ្វេទៅហើយខ្ញុំក៏គ្មានអ្វីភ្ញាក់ផ្អើលទេចំពោះទិដ្ឋភាពដែលដុះស្លែបែបនេះដែរ»។
បើតាមការមើលឃើញជាក់ស្តែងនាពេលបច្ចុប្បន្ន អ្នកដែលប្រព្រឹត្តិបែបនេះ ភាគច្រើនគឺអ្នកដែលប្រកបរបររត់ម៉ូតូឌុប សំណង់ និងអ៊ំៗចាស់ៗជាដើម។ បើនិយាយពីជីវិតប្រចាំថ្ងៃ ពួកគាត់ភាគច្រើនស្ថិតនៅក្នុងជីវភាពមិនបរិបូណ៌ទេប៉ុន្តែគាត់បែរជាយកប្រាក់ញើសឈាមដែលខំប្រឹងធ្វើការសស្រាក់ក្រោមកម្ដៅថ្ងៃ មកផ្សងព្រេងក្នុងល្បែងភ្នាល់ទៅវិញ ដោយគ្មានបានពិចារណាអំពីតម្រូវការក្នុងគ្រួសារ ជាពិសេសកូនៗដែលរង់ចាំចំណូលដែលគាត់រកបាននៅឯផ្ទះ។
យុវសិស្ស សុខផេង វ័យ១៥ឆ្នាំ បានឲ្យដឹងពីស្ថានភាពគ្រួសារខ្លួនថា៖ «ប៉ា! គាត់ចូលចិត្តលេងល្បែងណាស់។ បើបានវក់មើលប្រដាល់ហើយ ម៉ាក់ឲ្យធ្វើអីក៏គាត់មិនធ្វើដែរ ហើយតែងតែមកយកលុយពីម៉ាក់ ទៅចាក់ប្រដាល់។ពេលខ្លះគាត់ឈ្លោះគ្នាទៀតផងពេលណាម៉ាក់មិនឲ្យលុយទៅចាក់ប្រដាល់»។
មិនមែនត្រឹមតែការភ្នាល់ប្រដាល់ដែលជាឥទ្ធិពលអាក្រក់ទេ ល្បែងស៊ីសងផ្សេងទៀតក៏ជាគំរូមិនល្អសម្រាប់ក្មេងជំនាន់ក្រោយដែរដូចជា ភ្នាល់បាល់ បៀអាប៉ោង និងជល់មាន់ ជាដើម។ ជាងនេះទៅទៀតគ្រូបង្រៀនដែលដើរតួនាទីជាអ្នកអប់រំនៅជុំវិញខ្លួនប្រសិនបើពួកគាត់ មានចេតនា ឬអចេតនាក្តីក្នុងការបង្ហាញពីគំរូអវិជ្ជមានដល់សិស្សនោះសិស្សនឹងចងចាំ ហើយប្រព្រឹត្តតាមទង្វើរបស់គ្រូជាក់ជាមិនខាន។
តាមរយៈការស្រង់មតិពីយុវជនចំនួន២១នាក់មកពីសាលាផ្សេងៗគ្នាក្នុងរាជធានី និងខេត្ត បានឲ្យដឹងថាយុវជនចំនួន១១នាក់ដែលធ្លាប់បានឃើញដោយផ្ទាល់ពីទង្វើរបស់លោកគ្រូលេងល្បែងស៊ីសងរួមមានល្បែងភ្នាល់បាល់ទាត់បាល់ទះប្រដាល់លេងបៀនិងប្រជល់មាន់ឬចាក់ទឹកភ្លៀងជាដើម។
បទពិសោធផ្ទាល់ក្នុងនាមជាអ្នកនិពន្ធ ក៏ធ្លាប់បានឃើញនូវការប្រព្រឹត្រល្បែងស៊ីសងទាំងនៅក្នុងនិងក្រៅសាលារបស់គ្រូបង្រៀនមួយចំនួនផងដែរ។ មតិរបស់អ្នកទាំងនោះបានបញ្ជាក់ថាពេលខ្លះគ្រូយកបុងបាល់មកវិភាគក្នុងថ្នាក់នៅពេលចេញលេងហើយថែមទាំងសួរយោបល់ពីសិស្សថាតើគួរជ្រើសរើសយកក្រុមមួយណាដែលស្ដែងជាទង្វើមួយមិនល្អនិងជះឥទ្ធិពលដល់សិស្សទៀតផង។
ជាអគ្គនាយកសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ លោកប៉ិច បូឡែន ក៏បានបង្ហាញពីការមិនពេញចិត្តចំពោះអាកប្បកិរិយាដែលជាគំរូមិនល្អចំពោះសិស្សានុសិស្សថា៖ «ទង្វើបែបនេះគឺជាការលើកទឹកចិត្តទៅដល់សិស្ស មិនថាដោយប្រយោល ឬផ្ទាល់ទេ វានឹងជះឥទ្ធិពលអាក្រក់ទៅដល់សិស្សទៅថ្ងៃអនាគត។ ប្រសិនបើមានករណីនេះកើតឡើងក្នុងសាលារបស់ខ្ញុំ សាលានឹងចាត់វិធានការព្រមាន និងឈានទៅដល់ការបញ្ឈប់កិច្ចសន្យារការងារតែម្ដង»។
សាលានិយាយពីវិន័យ សង្គមនិយាយពីច្បាប់ហេតុដូចនេះហើយ ចំពោះអ្នកដែលប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់នឹងត្រូវផ្ដន្ទាទោសតាមច្បាប់ជាក់ជាមិនខាន។
លោក ទូច ជីវ៉ា ជាប្រធានគម្រោងទាក់ទងនឹងកុមារនៃអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា បានឲ្យដឹងថា៖«នេះជាប្រភេទបទល្មើសមជ្ឈិម ហើយស្ថានទម្ងន់ទោសក៏មិនសូវធ្ងន់ប៉ុន្មានទេ ប៉ុន្តែវាអាចប្រឈមនឹងការជាប់ពន្ធនាគារ និងពិន័យជាប្រាក់ថែមទៀតផង»។
បើយោងតាម «ច្បាប់ស្តីពីការបង្រ្កាបល្បែងស៊ីសង» ក្នុងជំពូកទី៣ ស្តីអំពីទោសបញ្ញត្តិ មាត្រា៤ បានចែងថា៖ «ជនណាលេងល្បែងស៊ីសង ជននោះត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីចំនួនមួយម៉ឺនរៀល (១០០០០) រហូតដល់ប្រាំម៉ឺនរៀល (៥០០០០) ឬដាក់គុកពីមួយសប្តាហ៍ដល់មួយខែ»។
លោក ទូច ជីវ៉ា បានឲ្យដឹងទៀតថា៖ «ស្ថានទម្ងន់ទោស គឺធ្ងន់ជាងបុគ្គលទៅទៀត ប្រសិនបើកន្លែងនោះគ្មានការអនុញ្ញាតពីរាជរដ្ឋាភិបាល។រីឯការនាំឬអនុញ្ញាតឲ្យក្មេងចូលក្នុងវង់ល្បែងវិញស្ថានទម្ងន់ទោសនឹងត្រូវគុណទ្វេដង»។
សរុបមកយើងបានដឹងហើយថា រាល់ការប្រព្រឹត្តល្បែងស៊ីសងទាំងអស់ សុទ្ធតែជាអំពើខុសច្បាប់ ហើយវាប៉ះពាល់ដល់អ្នកនៅជុំវិញខ្លួននិងសង្គម។ ដូច្នេះឪពុកម្តាយនិងគ្រូបង្រៀនដែលមានតួនាទីជាគំរូល្អដល់កូនៗនិងសិស្សគួរតែពិចារណាឡើងវិញនូវទង្វើមិនសមរម្យរបស់ខ្លួនដែលខ្លួនបានប្រព្រឹត្តដោយចេតនា ឬអចេតនាក្ដី៕
ភ្នំពេញ ប៉ុស្តិ៍








