ខណៈដែលសាកលភាវូបនីយកម្មកំពុងតែរីកចម្រើន យុវជនសម័យទំនើបខ្លះកំពុងតែភ្លើតភ្លើននិងបំផ្លិចបំផ្លាញទ្រព្យសម្បត្ដិរបស់ឪពុកម្ដាយយ៉ាងពាលាអាវាសែ។ទង្វើអបាយមុខដែលយុវជនគឃ្លើនកំពុងតែប្រព្រឹត្ដនោះ ភាគច្រើនដូចជាការដើរលេងគេចសាលា ស៊ីផឹកលេងវីដេអូហ្គេមនិងល្បែងស៊ីសងព្រមទាំងសេពគប់មិត្ដភក្ដិមិនល្អជាដើម។ ជាងនេះទៅទៀតនោះពួកគេហ៊ានប្រព្រឹត្ដបទឧក្រិដ្ឋនិងប្រើគ្រឿងញៀនដែលជាបន្ទុកដ៏ធ្ងន់ធ្ងររបស់ឪពុកម្ដាយ និងគ្រួសារទាំងមូល។
គួរឲ្យកត់សម្គាល់ថា យុវតីប្រមាណជាង៧០ភាគរយក្នុងចំណោម១២៣៦នាក់និងយុវជន៩១ភាគរយចំណោម១២៥៣នាក់ដែលបានចូលរួមក្នុងការស្ទង់មតិចាប់ពីអាយុ១០ដល់២៤ឆ្នាំបានបង្ហាញថា ពួកគេបានសេពគ្រឿងស្រវឹងតាមមិត្ដភក្ដិអូសទាញ។ នៅក្នុងនោះយុវតី៣,៥ភាគរយនិងយុវជន១៥,២ភាគរយបានប្រើប្រាស់គ្រឿងញៀន។ម្យ៉ាងវិញទៀត យុវជនជាង៤១ភាគរយនិងយុវតីជាង២៣ភាគរយក្នុងចំណោមអ្នកចូលរួមក្នុងការស្ទង់មតិបានឈានដល់ការរួមភេទ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងអប់រំយុវជន និងកីឡាស្ដីអំពីការស្ទង់មតិយុវវ័យដែលងាយប្រឈមនឹងគ្រោះថ្នាក់ខ្ពស់កាលពីឆ្នាំ២០១០។
ទង្វើអបាយមុខរួមមានការសេពគ្រឿងស្រវឹង គ្រឿងញៀន និងរួមភេទសុទ្ធតែត្រូវចំណាយប្រាក់កាក់របស់ក្រុមគ្រួសារដែលយុវជនខ្លះហ៊ានគំរាមកំហែងឪពុកម្ដាយយកប្រាក់មកចាយវាយទៀតផង។
អ្នកមានបទពិសោធចំពោះការប្រើប្រាស់គ្រឿងញៀនផ្ទាល់យុវជនសុភ័ក្រវ័យ២០ឆ្នាំមិនស្ដាយស្រណោះម៉ូតូដែលឪពុកម្ដាយខំទិញសម្រាប់ធ្វើដំណើរទៅសាលារៀនទេបែរជាយកទៅលក់ដើម្បីដើរលេងជាមួយមិត្តភក្តិ ប្រើគ្រឿងញៀនគ្រឿងស្រវឹងនិងចាយខ្ជះខ្ជាយនៅក្នុងក្លិបកម្សាន្តទៅវិញ។
ការសប្បាយភ្លើតភ្លើនរហូតដល់ភ្លេចខ្លួនឯងថាកំពុងប្រព្រឹត្ដអ្វីដែលប្រាសចាកនឹងសីលធម៌សង្គមបានរុញច្រានឲ្យសុភ័ក្រ ហ៊ានធ្វើអ្វីៗគ្រប់យ៉ាងឲ្យតែបានលុយមកទិញគ្រឿងញៀនដែលពេលខ្លះសុភ័ក្រ បានលួចលុយឪពុកម្ដាយនិងលក់វត្ថុមានតម្លៃក្នុងផ្ទះទៀតផងដោយគ្រាន់តែដោះសាថា៖ «ថ្វីដ្បិតតែឪពុកម្ដាយខំប្រដែរប្រដៅយ៉ាងណាក៏ដោយ ខ្ញុំមិនខ្ចីខ្វល់ដែរពីព្រោះខ្ញុំគ្រប់គ្រងខ្លួនឯងមិនបាន»។
មិនថាតែយុវជនរូបនេះទេដែលសប្បាយក្នុងការបំផ្លិចបំផ្លាញទ្រព្យសម្បត្ដិគ្រួសារ សូម្បីតែយុវតីវ័យ២១ឆ្នាំ កញ្ញាស្រីលីនដែលបានឈប់រៀនតាំងពីថា្នក់ទី១១តែងតែដើរលេងជាមួយមិត្ដភក្ដិគេចសាលារៀននិងចាយវាយប្រាក់ដែលឪពុកម្ដាយផ្ដល់ឲ្យទៅដើរច្រៀងខារ៉ាអូខេផឹកស្រានិងចូលក្លិបយ៉ាងព្រងើយទៅវិញ។
កញ្ញាទទួលស្គាល់ថា៖ «ខ្ញុំដឹងថាវាមិនល្អទេ ប៉ុន្ដែធ្វើម៉េចបើវាផ្ដល់ការសប្បាយឲ្យខ្ញុំនិងធ្វើឲ្យខ្ញុំហ៊ឺហាទាន់សម័យទៀត»។
កូនៗមួយចំនួនដែលកំពុងតែសប្បាយមិនគិតពីអនាគតរបស់ខ្លួនប្រហែលជាមិនបានដឹងពីការលំបាករបស់ឪពុកម្ដាយទេមើលទៅថាតើទឹកចិត្ដរបស់ពួកគាត់ព្រួយបារម្ភចំពោះរូបខ្លួនដល់កម្រិតណា?
ជាក់ស្ដែងអ្នកស្រី សាវុនវ័យ៥១ឆ្នាំជាអាជីវករម្នាក់ក្នុងរាជធានីភ្នំពេញកាលពីឆ្នាំ២០១០ដាច់ចិត្ដប្រកាសកាត់កាល់កូនប្រុសច្បងដែលធ្លាប់តែបីបាច់ថ្នាក់ថ្នមតាំងពីបាតជើងក្រហមរងាលនៅចំពោះមុខអាជ្ញាធរប៉ូលិសដោយសារតែអ្នកស្រីអស់លទ្ធភាពគ្រប់គ្រងរាល់សកម្មភាពបំផ្លិចបំផ្លាញរបស់កូនទៀត។
គ្មានឪពុកម្ដាយណាចង់ធ្វើបែបនេះដាក់កូនទេ ប្រសិនបើកូនស្ដាប់ដំបូន្មានរបស់គាត់នោះ។ យ៉ាងណាមិញអ្នកស្រីនៅតែឆ្លៀតជួយផ្ដល់លុយកាក់ដល់កូនគាត់ជានិច្ច។
រីឯយុវជន ស៊ីរ៉ាណូ វ័យ១៩ឆ្នាំ ជានិស្សិតឆ្នាំទី២នៃវិទ្យាស្ថានភាសាបរទេសនិងវិទ្យាស្ថានហិរញ្ញវត្ថុនិងសេដ្ឋកិច្ចបានឲ្យដឹងពីបទពិសោធរបស់ខ្លួនថាលោកសោកស្ដាយណាស់នៅពេលដែលដើរលេងជាមួយមិត្ដភក្ដិរហូតដល់ភ្លេចការសិក្សា។ ទម្រាំតែអាចដកខ្លួនពីអំពើឧបាយមុខនេះបានលោកត្រូវអរគុណដល់មជ្ឈមណ្ឌលអភិវឌ្ឍន៍មនុស្សនៅលើពិភពលោក(OPERACY) ដែលបានបង្រៀនពីភាគជោគជ័យតាមរយៈអំណាច និងការដឹកនាំផ្ទាល់ខ្លួន។
យុវជន ស៊ីរ៉ាណូ បានផ្ដែរផ្ដាំថា៖ «ខ្ញុំសង្ឃឹមថាអ្នករាល់គ្នានឹងចំណាយទ្រព្យរបស់ក្រុមគ្រួសារក្នុងផ្លូវល្អ ហើយសូមកុំធ្វើតាមគំរូអាក្រក់របស់ខ្ញុំ។សូមព្យាយាមរៀនសូត្រនិងយកពេលវេលាមកធ្វើអ្វីឲ្យមានប្រយោជន៍ដល់ខ្លួនឯងគ្រួសារនិងសង្គមវិញ»។
ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ លោកគឹមហៃជាអ្នកគ្រប់គ្រងមជ្ឈមណ្ឌលនៃអង្គការខាណា (Khana) បានផ្តល់ដំបូន្មានថាយុវជនត្រូវតែចៀសឲ្យឆ្ងាយពីបញ្ហាចាប់រំលោភមានផ្ទៃពោះវ័យក្មេងក្រុមជើងកាង និងបទឧក្រិដ្ឋផ្សេងៗ។បើមានបញ្ហាអ្វីមួយកើតឡើងត្រូវចេះពិភាក្សាជាមួយក្រុមគ្រួសារ លោកគ្រូអ្នកគ្រូ ឬអ្នកជំនាញសេវាគាំពារដែលអ្នកទុកចិត្ត។
លោក គឹមហៃ បានលើកឡើងទៀតថា៖ «ឪពុកម្តាយ ត្រូវចំណាយពេលជាមួយកូនជាជាងគ្រាន់តែឲ្យលុយនិងផ្គត់ផ្គង់ខាងផ្នែកសម្ភារ។ ម្យ៉ាងវិញទៀត រាជរដ្ឋាភិបាលនិងភ្នាក់ងារសុខភាពគប្បីផ្សព្វផ្សាយពីសុខភាពរបស់យុវជនការផ្ដល់ប្រឹក្សានិងជំនាញ»។
លោកថោងកែវប៊ុនណាតជាមន្រ្តីការិយាល័យផែនការនៃមន្ទីរអប់រំយុវជននិងកីឡារាជធានីបានបញ្ជាក់ថា៖ «យុវជនដែលបានដើរផ្លូវខុសសូមលះបង់ចោលទៅ ហើយក្រឡេកមើលគំរូល្អរបស់យុវជនដទៃនៅក្នុងសង្គមវិញ។សូមចំណាយពេលដែលមានតម្លៃមកជួយអភិវឌ្ឍប្រទេសតាមរយៈការងារស្ម័គ្រចិត្តឬក៏ព្យាយាមរៀនសូត្រជាជាងធ្វើអំពើអាក្រក់ដែលសង្គមស្អប់ខ្ពើម»៕
ភ្នំពេញ ប៉ុស្តិ៍







