ខ្មែរមិនត្រឹមតែមានប្រវត្ដិសាស្ដ្រដ៏ល្អផូរផង់ដែលអាចកសាងប្រាសាទធំៗ ចម្លាក់រចនានិងសិល្បៈបុរាណប៉ុណ្ណោះទេ ប៉ុន្ដែខ្មែរក៏មានសិល្បៈក្បាច់គុនដ៏ចំណាស់សម្រាប់ជាកេរមរតកដល់កូនខ្មែរជំនាន់ក្រោយផងដែរ។
កន្លងមកក្បាច់គុនបុរាណខ្មែរមួយប្រភេទដែលប្រជាពលរដ្ឋតែងតែស្គាល់នោះគឺប្រដាល់សេរីបុរាណខ្មែរ។ ការផ្សព្វផ្សាយនិងលើកស្ទួយចំពោះប្រដាល់ខ្មែរត្រូវបានធ្វើតាមបណ្ដាស្ថានីយទូរទស្សន៍នានា។ យ៉ាងណាមិញ ពេលថ្មីៗនេះល្បុក្កតោ និងក្រមខមជាក្បាច់គុនបុរាណខ្មែរ ដែលកំពុងតែរីកចម្រើនផងដែរ។
ការរៀនក្បាច់គុនខ្មែរពិតជាអាចផ្ដល់សារៈសំខាន់ទាំងសុខភាព និងសមត្ថភាពការពារខ្លួនទៀតផង។ ម្យ៉ាងវិញទៀតការហាត់ក្បាច់គុនខ្មែរមិនខុសពីហាត់កីឡាដែលទាមទារឲ្យមានគំនិតចេះពិចារណា និងព្យាយាមអំណត់។នេះបើយោងតាមប្រសាសន៍របស់លោកគ្រូតាក្រមាមាស សាន គឹមស៊ាន វ័យ៦៧ឆ្នាំជាគ្រូបង្ហាត់នៅបណ្ឌិត្យសភាល្បុក្កតោកម្ពុជា។
តាមរយៈបទសម្ភាសលោកគ្រូក្បាច់គុនល្បុក្កតោនិងលោកគ្រូយុទ្ធក្រមខមបានឲ្យដឹងថាការពន្យល់ន័យរបស់ក្បាច់គុនទាំងពីរមានលក្ខណៈខុសគ្នាបន្តិចបន្ដួចហើយការបង្ហាត់បង្រៀនសិស្សក៏មិនខុសគ្នាជាដុំកំភួនអីដែរ។
យោងតាមសៀវភៅវចនានុក្រមរបស់សម្តេចសង្ឃរាជជួនណាតលោកគ្រូតាសានគឹមស៊ានបានពន្យល់ថា៖ «ល្បុក្កតោជាដំបងខ្លីមួយប្រភេទសម្រាប់កាន់អបផ្ទាប់នឹងកំភួនដៃជាគ្រឿងការពាររងដំបងវែងឬបុកចុះការពារខ្លួន»។
លោក បានបន្ដថាបច្ចុប្បន្ននេះចំនួនអ្នករៀនក្បាច់គុនល្បុក្កតោមានការកើនឡើង ប៉ុន្ដែវានៅមានកម្រិតនៅឡើយ ពីព្រោះយុវជនខ្មែរនៅមិនទាន់ចាប់អារម្មណ៍ខ្លាំងនោះទេ។ យ៉ាងណាមិញ វាបែរជាទទួលបានការចាប់អារម្មណ៍ពីសំណាក់ជនបរទេសទៅវិញ។
ជាក់ស្ដែង លោកAndrea Carethអាយុ២៦ឆ្នាំជាជនជាតិអ៊ីតាលីបានឲ្យដឹងថា៖ «ខ្ញុំធ្លាប់បានហាត់រៀនក្បាច់គុនកុងហ៊្វូបីឆ្នាំមុននឹងហាត់ក្បាច់គុនបុរាណខ្មែរនៅទីនេះ។កាលនោះ ខ្ញុំបានឃើញក្បាច់គុនខ្មែរនៅក្នុងវីដេអូវាធ្វើឲ្យខ្ញុំចាប់អារម្មណ៍ជាខ្លាំងពីព្រោះវាពិតជាចម្លែកនិងថ្មីចំពោះរូបខ្ញុំ។ ខ្ញុំមកកម្ពុជាដើម្បីហាត់ក្បាច់គុនដោយសារតែក្បាច់គុនខ្មែរមានតិចនិកល្អៗក្នុងការប្រយុទ្ធព្រមទាំងធ្វើឲ្យរាងកាយនិងចិត្តគំនិតមានដំណើរការល្អ»។
លោក បានបន្ដប្រកបដោយអំនួតថា៖ «បន្ទាប់ពីទទួលបានក្រមាខ្មៅខ្ញុំនឹងត្រឡប់ទៅស្រុកកំណើតវិញ ហើយនឹងធ្វើជាគ្រូបង្រៀនក្បាច់គុនបុរាណខ្មែរនៅទីនោះព្រមទាំងផ្សព្វផ្សាយដល់ប្រជាជាតិរបស់ខ្ញុំដែរ។ខ្ញុំគិតថាវាពិតជាមានភាពទាក់ទាញចំពោះប្រជាជនអ៊ីតាលីពីព្រោះវាពិតជាថ្មីសម្រាប់យើង»។
វាជាជោគជ័យនិងមោទនភាពមួយសម្រាប់ប្រទេសកម្ពុជាដែលក្បាច់គុនបុរាណខ្មែរយើងទទួលបានលេខមួយនៅក្នុងការប្រកួតបង្ហាញពីទិវាកីឡាយុទ្ធសិល្ប៍អន្តរជាតិHong Bang លើទី៣នៅទីក្រុងហូជីមិញ (Hong Bang International Martial Arts Festival) ដែលមាន២៥ប្រទេសចូលរួមកាលពីខែកក្កដា ឆ្នាំ២០១២កន្លងទៅនេះ។
ស្រដៀងគ្នាដែរ លោកយូ ជឿននរៈសិង្ហអាយុ២៥ឆ្នាំជាគ្រូបង្ហាត់នៅសមាគមយុទ្ធក្រមខម បានលើកឡើងថា៖ «យើងជាខ្មែរ ដូច្នេះយើងប្រាកដជាចង់ឲ្យកូនខ្មែរជំនាន់ក្រោយបានរៀននិងយល់ដឹងអំពីមរតកខ្មែរព្រមទាំងរក្សាសម្បត្ដិដូនតាផងដែរ»។
លោក ជឿននរៈសិង្ហបានបញ្ជាក់ថា ខមជាឈ្មោះខ្មែរដើមដែលមានតាំងពីព្រេងនាយមករីឯយុទ្ធក្រមខមមកពីពាក្យ«រណវិជ្ជា» ដែលជាក្បួនចម្បាំងរបស់ទ័ពហៅថាក្បួនវិជ័យសង្គ្រាម។
យ៉ាងណាមិញ លោកគ្រូគុនទាំងពីរ បានអះអាងថា ក្បាច់គុនសម័យឥឡូវមិនមែនហាត់ដើម្បីច្បាំងអីទេវាជាកីឡាពង្រឹងសុខភាព និងការពារខ្លួនជាពិសេសជំនួយដល់ផ្នែកស្មារតីនិងចេះតស៊ូ អំណត់អត់ធ្មត់។
ដូច្នេះដើម្បីលើកកម្ពស់ និងអភិរក្សក្បាច់គុនបុរាណខ្មែរ លោកគ្រូទាំងពីរបានខិតខំបង្ហាត់បង្រៀនសិស្ស និងផ្សព្វផ្សាយទៅតាមបណ្ដាប្រទេសនានាតាមរយៈការប្រកួតនិងសម្ដែងជាដើម។
គួរឲ្យកត់សម្គាល់ដែរថាថ្មីៗនេះ លោកគ្រូតាក្រមាមាស បានចងក្រងឯកសារអំពីក្បាច់គុនបុរាណខ្មែរសម្រាប់តម្កល់ទុកសម្រាប់ក្មេងជំនាន់ក្រោយ។
ចំណែកឯលោកហេងសុខដាអាយុ២៤ឆ្នាំជាសមាជិកក្នុងសមាគមយុទ្ធក្រមខមបាននិយាយដែរថា៖ «ខ្ញុំហាត់រៀនក្បាច់គុនបុរាណខ្មែរយើងរយៈពេល៥ឆ្នាំ។ វាជួយឲ្យខ្ញុំមានសុខភាពល្អនិងពង្រឹងអារម្មណ៍ស្មារតីទៀតផងហើយខ្ញុំចេះស្រឡាញ់វប្បធម៌របស់ខ្លួនដែលក្បាច់គុនខ្មែរយើងបង្រៀនមនុស្សទាំងផ្លូវកាយនិងផ្លូវចិត្ត»។
រីឯកញ្ញាអេងស៊ូម៉ាឡាអាយុ២៣ឆ្នាំជាសិស្សឆ្នាំទី៤នៃបណ្ឌិត្យសភាល្បុក្កតោកម្ពុជាមានមតិស្រដៀងគ្នាដែរ ដំបូងឡើយកញ្ញាមានគំនិតរៀនក្បាច់គុនបរទេសក្រោយមកទើបប្ដូរគំនិតនេះមករៀនក្បាច់គុនបុរាណខ្មែរវិញ។
ដើម្បីចូលរួមអភិវឌ្ឍនិងអភិរក្សក្បាច់គុនបុរាណខ្មែរឲ្យគង់វង្សនិងស្ថិតស្ថេរលោកជុកជំនោរជាមន្រ្តីអគ្គនាយកដ្ឋានទេសចរណ៍បានថ្លែងប្រាប់ឲ្យដឹងថា៖ «បច្ចុប្បន្នការដាក់ក្បាច់គុនខ្មែរ(ល្បុក្កតោ) ទៅជាបេតិកភណ្ឌពិភពលោកយើងកំពុងតែដំណើរការប៉ុន្តែមិនទាន់ប្រាកដថានៅពេលណាច្បាស់លាស់នោះទេពីព្រោះយើងកំពុងតែរៀបចំឯកសារនិងស្វែងរកព័ត៌មានបន្ថែម។ចំពោះការដាក់ចូលនេះ យើងមានគោលបំណងអភិវឌ្ឍអភិរក្សវប្បធម៌យើងនិងកុំឲ្យមានការភាន់ច្រឡំពីអ្នកដទៃទៀត»។
ចំណែកឯលោកវ៉ាត់ ចំរើនជាអគ្គលេខានៃគណៈកម្មាធិការជាតិអូឡំាពិកកម្ពុជាបានថ្លែងថា៖ «ក្បាច់គុនបុរាណខ្មែរជាព្រលឹងនិងអត្តសញ្ញាណរបស់ខ្មែរដែលយើងកំពុងតែព្យាយាមអភិរក្សនិងដាក់បញ្ចូលក្បាច់គុនមួយរបស់ខ្មែរឲ្យបានកា្លយទៅជាបេតិកភណ្ឌវប្បធម៌អរូបី»។
ចំពោះការលើកស្ទួយក្បាច់គុនបុរាណខ្មែរនេះ លោកថោងកែវប៊ុនណាតជាមន្រ្តីរាជការនៃក្រសួងអប់រំយុវជននិងកីឡា បានលើកឡើងថា៖«ខ្ញុំពេញចិត្តចំពោះការដាក់បញ្ចូលក្បាច់គុនបុរាណខ្មែរទៅក្នុងកម្មវិធីសិក្សានៅតាមសាលារដ្ឋប៉ុន្តែគម្រោងនេះកំពុងតែសិក្សានិងស្ទាបស្ទង់ពីផលប៉ះពាល់របស់វានៅឡើយដែលប្រហែលជាត្រូវចំណាយពេលយូរ»។
លោក បានបន្ដថា៖ «យ៉ាងណាមិញខ្ញុំសង្ឃឹមថាគម្រោងនេះនឹងទទួលបានជោគជ័យពីព្រោះវាបានជួយឲ្យកូនខ្មែរជំនាន់ក្រោយយល់កាន់តែច្បាស់ពីសម្បត្តិវប្បធម៌របស់យើង»៕
ភ្នំពេញ ប៉ុស្តិ៍










