មនុស្សម្នាក់ៗរមែងមានសេចក្តីត្រូវការមិនចេះចប់មិនចេះហើយ។នៅពេលដែលនរណាម្នាក់គ្មានអ្វីសោះនោះ អ្នកនោះតែងតែប៉ងចង់បានវត្ថុនៅឆ្ងាយពីដៃប៉ុន្តែនៅពេលដែលទទួលបានរបស់សមបំណងហើយបែរជាចង់បានរបស់ផ្សេងទៅវិញ។មនុស្សពិតជាមិនចេះស្កប់ស្កល់ចំពោះអ្វីដែលខ្លួនមានទេ។
ដោយសារតែចំណង់ភាពលោភលន់និងការច្រណែនឈ្នានីសបាននាំចិត្ដបុគ្គលមួយចំនួនលែងមើលឃើញអ្វីល្អអាក្រក់ខ្វះការគិតពិចារណាច្បាស់លាស់ដែលអាចឈានទៅប្រព្រឹត្តអំពើផ្សេងៗប៉ះពាល់ដល់អ្នកដទៃនិងសូម្បីតែសមាជិកក្នុងគ្រួសារខ្លួនឯង។
បច្ចុប្បន្ននេះជម្លោះដណ្តើមទ្រព្យសម្បត្តិក្នុងរង្វង់គ្រួសារ ជាបញ្ហាមួយដ៏គួរឲ្យព្រួយបារម្ភដែលបណ្តាលឲ្យមានគំនុំគុំកួនរវាងគ្នានឹងគ្នា ហើយក៏អាចឈានទៅដល់ការប៉ុនប៉ងប្រព្រឹត្ដខុសច្បាប់ចំពោះគ្នាទៅវិញទៅមកទៀតផងដែលបណ្តាញសារព័ត៌មានក្នុងស្រុកនានាក៏បានចេញផ្សាយនូវករណីកើតឡើងជាហូរហែ។
លោក សុខ សំអឿន ជានាយកប្រតិបត្តិនៃក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា បានលើកឡើងថា៖«ដើមចមដែលបណ្តាលឲ្យមានជម្លោះដណ្តើមកេរមរតកគ្នានោះគឺដោយសារតែភាពលោភលន់និងការច្រណែនឈ្នានីសក្នុងចំណោមសមាជិកគ្រួសារ»។ លោកបានបន្តទៀតថាក្នុងករណីដែលបុគ្គលដែលជាម្ចាស់ទ្រព្យសម្បត្តិនោះបានរៀបចំនូវបណ្តាំមរតកនោះជាមុន និងស្របទៅតាមផ្លូវច្បាប់វានឹងមិនបង្កើតឲ្យមានបញ្ហាស្មុគស្មាញទៅថ្ងៃក្រោយទេ។ មូលហេតុចម្បងចំពោះជម្លោះក្នុងគ្រួសារនោះនៅពេលដែលបុគ្គលម្នាក់ត្រូវជាទាយាទមិនមានសិទ្ធិទទួលបានទ្រព្យសម្បតិ្ត។ ម្យ៉ាងវិញទៀតដោយសារតែឪពុកម្តាយ ឬប្តីប្រពន្ធ មិនបានរៀបចំបណ្តាំមរតកសម្រាប់កូនមុនពេលចែកឋានដែលធ្វើឲ្យកូនចៅទទូចទាមទារកាន់កាប់ទ្រព្យសម្បត្តិរៀងៗខ្លួន។
ជាក់ស្តែង ដូចដែលយើងបានដឹងអំពីករណី និងក្តីក្តាំមួយដែលកើតមានឡើងចំពោះក្រុមគ្រួសាររបស់លោកឧកញ៉ាខូវជីលី។ រឿងនេះបានកើតឡើងនៅអំឡុងឆ្នាំ២០១០។ លោកស្រី សេង ចិន្តាជាភរិយារបស់លោកឧកញ៉ា ខូវ ជីលីត្រូវបានតុលាការសម្រេចផ្តន្ទាទោសរយៈពេលពី១៨ទៅ២០ឆ្នាំដែលជាប់ចោទពីបទឃាតកម្មគិតទុកជាមុនទៅលើលោកស្រីស៊ុន ស៊ីថា និងកូនស្រីនៅក្នុងភូមិគ្រឹះដែលជនរងគ្រោះបានស្នាក់នៅ។ នេះបើយោងទៅតាមអត្ថបទសារព័ត៌មានដែលបានចុះផ្សាយនៅលើទំព័រការសែតកោះសន្តិភាព នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០១២។
បញ្ហាចម្រូងចម្រាសបែបនេះមិនមែនកើតមានតែចំពោះអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភនោះទេប៉ុន្តែវាក៏កើតមានចំពោះអ្នកក្រផងដែរ។ករណីទំនាស់គ្នាក្នុងគ្រួសាររបស់អ្នកស្រីលុយអិតវ័យ៣៦ឆ្នាំជាអាជីវករលក់បន្លែនៅក្នុងផ្សារសេនជូរីផ្លាហ្សាបានបង្ហាញថាវាជារឿងធម្មតាទេដែលមនុស្សគ្រប់រូបមានចិត្តលោភលន់ ដណ្តើមកាន់កាប់ទ្រព្យសម្បត្ដិរៀងៗខ្លួន។ អ្នកស្រីបានឲ្យដឹងថា៖ «មិនមែនមានតែអ្នកមាននោះទេ សូម្បីតែគ្រួសារខ្ញុំគ្មានទ្រព្យសម្បតិ្តអីផងក៏ជួបបញ្ហានេះដែរ។បើនិយាយតាមត្រង់ទៅ គឺបងប្អូនរបស់ខ្ញុំក៏មានទំនាស់គ្នាដោយសារតែដីធ្លីរបស់ឪពុកខ្ញុំដែរ»។
អ្នកស្រី បានបន្ថែមថា ឪពុករបស់គាត់មិនមានទ្រព្យសម្បតិ្តអីច្រើនទេគាត់មានតែផ្ទះ និងដីស្រែចម្ការបន្តិចបន្តួចប៉ុណ្ណោះ។ គ្រួសាររបស់អ្នកស្រីជាត្រកូលកសិករ មិនខ្វាយខ្វល់ពីរឿងបណ្តាំមរតកអីទេ។
អ្នកស្រី លុយ អិត មានបង៤នាក់ដែលសុទ្ធតែរៀបការមានគ្រួសាររៀងៗខ្លួន។ បន្ទាប់ពីឪពុករបស់គាត់លាចាកលោកទៅ ជម្លោះដណ្តើមកេរមរតកក៏ចាប់ផ្តើមផ្ទុះឡើង។ កូនទាំងអស់មិនសុខចិត្តនិងចង់បានកេររៀងៗខ្លួន។ ទំនាស់នេះបានចាប់ផ្តើមពីការទាស់ទែងពាក្យសម្តីគ្នា រួចឈានដល់ការជេរបញ្ចោរ និងវាយតប់គ្នាទៀតផង។ ក្រោយមកអ្នកស្រី បានដាក់ពាក្យបណ្តឹងប្តឹងទៅប៉ូលិសដើម្បីជួយអន្តរាគមន៍។ដោយសារតែជីវភាពខ្វះខាត និងមិនចង់ប្តឹងវែងឆ្ងាយទៅតុលាការអ្នកស្រីក៏សម្រេចចិត្តសម្រុះសម្រួលគ្នានៅក្នុងរង្វង់គ្រួសារម្តងទៀតដោយត្រូវលក់ដីនិងផ្ទះនោះដើម្បីយកលុយមកចែកគ្នាវិញ។
ចំពោះបញ្ហាខាងលើ លោកស្រី មាស ផាត់វ័យ៦៥ឆ្នាំជាអាជីវករលក់គ្រឿងទេសបានឲ្យដឹងដែរថា៖ «ខ្ញុំគិតថាវាជារឿងដែលប្រសើរ បើសិនជាមនុស្សដែលមានវ័យចំណាស់ដូចជាខ្ញុំជាដើមចាប់ផ្តើមរៀបចំទុកដាក់ទ្រព្យសម្បតិ្តសម្រាប់កូនចៅជាមុននោះ» ។ អ្នកស្រី បានបញ្ជាក់ថា កាលពីមុន គាត់ក៏មិនខ្វល់ខ្វាយពីរឿងទាំងអស់នេះទេ ក៏ប៉ុន្តែនាពេលបច្ចុប្បន្ន គាត់យល់ឃើញថា វាពិតជារឿងសំខាន់ណាស់តាំងពីបានជួបប្រទះបទពិសោធចំពោះគ្រួសារបងប្រុសបង្កើតផ្ទាល់។
អ្នកស្រី មាស ផាត់ បានរៀបរាប់ថា បងប្រុសរបស់គាត់ជាអ្នកមានទ្រព្យសម្បត្តិធូរធារនិងបន្សល់ទុកនូវអចលនទ្រព្យ និងទ្រព្យសម្បត្តិមួយចំនួនបន្ទាប់ពីលោកទទួលអនិច្ចកម្មទៅ។ មុនពេលស្លាប់ គាត់មិនទាន់បានរៀបចំពាក្យបណ្តាំ ឬក៏ឯកសារផ្លូវច្បាប់ណាមួយដើម្បីចែកកេរមរតកទៅឲ្យកូនៗទេ។ នេះជាហេតុដែលបណ្តាលឲ្យកូនៗឈ្លោះគ្នានៅពេលដែលគាត់ស្លាប់។
អ្នកស្រី បានលើកឡើងថា គាត់នឹងរៀបចំពាក្យបណ្តាំសម្រាប់កូនៗ និងមិនឲ្យពួកគេមានជម្លោះរវាងគ្នានឹងគ្នាដោយសារតែបញ្ហានេះទេ។
លោក គុយ រតនៈ ជានិស្សិតឆ្នាំទី៣នៃវិទ្យាស្ថានភាសាបរទេសបានឲ្យដឹងថា៖ «វាមិនមែនជារឿងសំខាន់ណាស់ណាទេប៉ុន្តែបើយើងចេះរៀបចំទុកដាក់ជាមុន វាប្រសើរជាជាង ពីព្រោះយើងមិនអាចដឹងថា នៅពេលអនាគតនឹងមានអ្វីកើតឡើង និងផ្លាស់ប្តូរនោះទេ។ បើទោះបីជាយើងជាបងប្អូនបង្កើតក៏ដោយយើងមានអត្តចរិតខុសគ្នាដែរ»។លោកយល់ឃើញថាថ្វីដ្បិតតែកាលនៅពីក្មេងស្រឡាញ់គ្នាប៉ុណ្ណាក៏ដោយ នៅពេលធំដឹងក្តី វាអាចនឹងផ្លាស់ប្តូរ។
រីឯលោក គាំ រិទ្ធី អាយុ៤៦ឆ្នាំ ជាមន្ត្រីរាជការ បានមានប្រសាសន៍ថា៖ «ជាការពិតណាស់ ខ្ញុំនឹងរៀបចំពាក្យបណ្តាំស្របតាមផ្លូវច្បាប់សម្រាប់កូនៗរបស់ខ្ញុំមុនពេលខ្ញុំស្លាប់ពីព្រោះខ្ញុំខិតខំប្រឹងប្រែងរកប្រាក់ស្ទើរតែមួយជីវិតដើម្បីពួកគេ។ ដូច្នេះ ខ្ញុំនឹងមិនឲ្យពួកគេមានទំនាស់គ្នាទេ»។
បើទោះបីជាទ្រព្យសម្បត្តិគឺជាផ្នែកមួយសំខាន់នៅក្នុងជីវិតក៏ដោយ ប៉ុន្តែចំណងមិត្តភាពក្នុងរង្វង់គ្រួសាររឹតតែសំខាន់ទៅទៀត។យ៉ាងណាមិញសូមកុំបណ្តោយឲ្យវាគ្របដណ្តប់លើមនសិការបស់យើងឲ្យសោះ។សេចក្តីស្រឡាញ់ និងការយោគយល់គ្នាក្នុងគ្រួសារ អាចជាមធ្យោបាយមួយដែលជួយកាត់បន្ថយភាពច្រណែន និងប៉ុនប៉ងធ្វើបាបគ្នា៕
ភ្នំពេញ ប៉ុស្តិ៍






