ប៉បៗៗ!!» វាជាសំឡេងដ៏ក្ដៅស្លឹកត្រចៀកនិងបុកពោះយ៉ាងខ្លាំង នៅពេលដែលខ្ញុំកំពុងតែឈប់ត្រង់ភ្លើងស្ដុប។ ខ្ញុំពិតជាមិនអាចទប់អារម្មណ៍មិនជេរប្រទេចចំពោះអ្នកបើកបររថយន្ដទំនើបមួយគ្រឿងដែលស៊ីផ្លេទាំងទទឹងទិសខណៈអ្នកដំណើរដទៃកំពុងតែឈប់ភ្លើងស្ដុបក្រហម» នេះជាបទពិសោធផ្ទាល់របស់កញ្ញា ថន លក្ខណាអាយុ២៥ឆ្នាំ ជានិស្សិតឆ្នាំទី៤នៃវិទ្យាស្ថានភាសាបរទេស។
ការចុចស៊ីផ្លេខុសទំនងមិនត្រូវស្ថានភាពចំពោះមុខខ្វះសីលធម៌របស់អ្នកបើកបរមួយចំនួន និងការនិយាយទូរស័ព្ទក្នុងពេលបើកបរ ពិតជាផ្ដល់ការរំខាន និងបង្កគ្រោះថ្នាក់ជាយថាហេតុដល់អ្នកបើកបរដទៃផងដែរ។
នៅពេលដែលអ្នកដំណើរទូទៅកំពុងតែបើកបរលើដងផ្លូវប្រកបដោយការគោរពច្បាប់ចរាចរណ៍យ៉ាងខ្ជាប់ខ្ជួន ស្រាប់តែរថយន្ដ ឬម៉ូតូកំពុងតែបោះពួយយ៉ាងលឿនពីក្រោយ រួចចុចស៊ីផ្លេ «ប៉បៗ!»ជាសញ្ញាឲ្យអ្នកដទៃចៀសចេញពីផ្លូវរបស់ខ្លួនវាអាចធ្វើឲ្យអ្នកដែលបើកបរគោរពច្បាប់ភិតភ័យខំប្រវេប្រវាគេចចេញពីផ្លូវទាំងខ្លួនកំពុងបើកបរយ៉ាងត្រឹមត្រូវ។
ម្យ៉ាងវិញទៀត នៅពេលដែលពួកគេខំចៀសឲ្យរថយន្ដដែលស៊ីផ្លេនោះជែងទៅមុខពួកគេអាចជួបនឹងគ្រោះថ្នាក់ជាយថាហេតុប្រសិនបើពួកគេគេចមិនទាន់ឬក៏ចៀសទៅប៉ះពារអ្នកដទៃ។
ចំពោះទង្វើខ្វះសុជីវធម៌ក្នុងការបើកបរនេះ កញ្ញា ថន លក្ខណា បានប្រាប់ថា ម្ចាស់រថយន្ដដែលចុចស៊ីផ្លេពីក្រោយខ្លាំងៗទាំងខ្លួនកំពុងជិះខុសគំនូស ជាមនុស្សឈ្លើយនិងអសីលធម៌បំផុត។ អ្នកបើករថយន្ដ ឬម៉ូតូទាំងអស់ គួរតែធ្វើខ្លួនឲ្យថ្លៃថ្នូរដើម្បីស័ក្ដិសមនឹងតម្លៃយានយន្ដ។
ក្នុងទឹកមុខយ៉ាងមុតមាំកញ្ញា ឃិនលីដាអាយុ២០ឆ្នាំជានិស្សិតឆ្នាំទី៤នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលបានឲ្យដឹងដែរថា ការនិយាយទូរស័ព្ទក្នុងពេលបញ្ជាដៃចង្កូតធ្វើឲ្យស្ទះចរាចរណ៍និងអាចជួបគ្រោះថ្នាក់ពីព្រោះពួកគេមិនបានផ្ដោតអារម្មណ៍លើការបើកបរដែលពេលខ្លះភ្លេចមើលភ្លើងស្ដុបឬវេចុះវេឡើង គ្មានលំនឹងដែលធ្វើឲ្យអ្នកបើកបរខាងក្រោយខឹងសម្បានិងកកស្ទះ ហើយមិនអាចទៅមុខរួច។
ឆ្លើយតបនឹងការត្អូញត្អែរខាងលើយុវជនរាងសង្ហាជិះរថយន្ដទំនើបឈ្មោះ បញ្ញាបានទទួលស្គាល់ថាខ្លួនពិតជាធ្លាប់និយាយទូរស័ព្ទក្នុងពេលបើកបរនិងចូលចិត្ដចុចស៊ីផ្លេរំខានអ្នកដទៃទាំងទទឹងទិសប្រាកដមែនប៉ុន្ដែលោកប្រាប់ពីមូលហេតុថា លោកគ្រាន់តែប្រញាប់ដោយគ្រាន់ស៊ីផ្លេដាក់ម៉ូតូខ្លះដែលបើកឆ្វេឆ្វាចឲ្យប្រុងប្រយ័ត្នប៉ុណ្ណោះ លោកគ្មានបំណងបង្កបញ្ហាអ្វីឡើយ។
បើយោងតាមលទ្ធផលនៃការស្រាវជ្រាវរបស់អង្គការសុខភាពពិភពលោក ដែលបានចេញកាលពីឆ្នាំ២០១១បានបញ្ជាក់ថាការនិយាយទូរស័ព្ទក្នុងពេលកំពុងបើកបរជាបញ្ហាធំមួយដែលអាចបង្កឲ្យមានគ្រោះថា្នក់ចរាចរណ៍ខ្ពស់ដូចកត្តាប្រើប្រាស់គ្រឿងស្រវឹងពេលបើកបរដែរ។ ដូច្នេះបណ្ដាប្រទេសមួយចំនួនលើសកលលោកកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបញ្ហានេះ។
ការស្រាវជ្រាវរបស់អង្គការសុខភាពពិភពលោកដដែល បានឲ្យដឹងថាការនិយាយទូរស័ព្ទអាចបណ្តាលឲ្យអ្នកបើកបរមានសកម្មភាពអវិជ្ជមានជាច្រើនដូចជាការបាត់បង់ភាពម្ចាស់ការលើការបញ្ជាយានយន្តបង្កើននូវភាពតានតឹងដល់ខួរក្បាលសមត្ថភាពនៃការគ្រប់គ្រប់ហ្វ្រាំងធ្លាក់ចុះប៉ះពាល់ដល់សមត្ថភាពចក្ខុវិញ្ញាណក្នុងការតម្រង់ទិសយានយន្តបាត់បង់ភាពរំញោចភ្លាមៗក្នុងការដោះស្រាយឬគេចពីឧបសគ្គជាដើម។
ចំពោះបញ្ហាចុចស៊ីផ្លេលោក ឈឿនជាមន្ដ្រីប៉ូលិសចរាចរ បានបកស្រាយថា៖ «តាមពិតការស៊ីផ្លេឮខ្លាំងគ្មានសណ្តាប់ធ្នាប់និងការនិយាយទូរស័ព្ទក្នុងពេលកំពុងបើកបរមិនត្រឹមតែជាអំពើអសីលធម៌មួយប៉ុណ្ណោះទេ វាជាអំពើល្មើសច្បាប់តែម្តង ព្រោះការល្មើសទាំងនេះសុទ្ធតែបានចែងក្នុងមាត្រានៃច្បាប់ចរាចរណ៍ផ្លូវគោករបស់កម្ពុជាតាំងពីប៉ុន្មានឆ្នាំមុនម៉្លេះ»។ លោកបន្ថែមថាប៉ុន្តែចំពោះការផាកពិន័យចំពោះបញ្ហាទាំងអស់នេះនៅមិនទាន់អនុម័តនៅឡើយទេដោយសារតែថ្នាក់លើចង់ពង្រឹងច្បាប់ថ្មីដូចជាការពាក់មួកសុវត្ថិភាពដាក់កញ្ចក់និងដាក់ខ្សែក្រវាត់សុវត្ថិភាពឲ្យបានខ្ជាប់ខ្ជួនជាមុនសិន។
លោកអ៊ាចរិយាអ្នកសម្របសម្រួលស្រាវជ្រាវនិងវាយតម្លៃកម្មវិធីសុវត្ថិភាពចរាចរណ៍នៃអង្គការHandicap បានឲ្យដឹងថាលោកលើកទឹកចិត្តឲ្យរដ្ឋាភិបាលចាប់ផ្តើមរឹតបន្តឹងចំពោះអ្នកនិយាយទូរស័ព្ទក្នុងពេលបើកបរនិងការប្រើប្រាស់ស៊ីផ្លេគ្មានសណ្តាប់ធ្នាប់ពីព្រោះបញ្ហាទាំងពីរនេះសុទ្ធតែអាចបង្កឲ្យមានកំណើនគ្រោះថា្នក់ចរាចរណ៍ដូចបញ្ហាប្រើប្រាស់គ្រឿងស្រវឹងនិងកត្តាធំៗជាច្រើន។
លោកបានបញ្ជាក់បន្ថែមថាពេលខ្លះយើងគិតថាអ្នកបើកបរអាចមានជំនាញគ្រប់គ្រាន់ប៉ុន្តែការនិយាយទូរស័ព្ទនៅតែបង្កជាហានិភ័យធំមួយដែលធ្វើឲ្យចរាចរណ៍ស្រុកខ្មែរយើងគ្មានសុវត្ថិភាព។ការស៊ីផ្លេក៏មិនខុសគ្នាដែរអ្នកបើកបររថយន្តទាំងឡាយជាពិសេសអ្នកបើកបររថយន្តធំៗដែលបំពាក់ស៊ីផ្លេខ្យល់មិនគួរណាប្រើប្រាស់ក្នុងទីប្រជុំជនឡើយពីព្រោះវាអាចធ្វើមានសំឡេងរំខានខ្លាំងនិងពេលខ្លះអាចឲ្យអ្នកដំណើរភ្ញាក់ស្លុតស្មារតីរេចង្កូតបង្កឲ្យមានគ្រោះថ្នាក់ថែមទៀតផង។
លោកមុន្នី រ័ត្ន ជាប្រធានក្រុមយុវជនស្ម័គ្រចិត្តកាកបាទក្រហមដែលតែងតែចុះអប់រំប្រជាពលរដ្ឋតាមដងផ្លូវបានឲ្យយោបល់ថាការនិយាយទូរស័ព្ទក្នុងពេលបើកបរអាចសម្រួលទៅបានបើសិនជាអ្នកបើកបរប្រើប្រាស់ឧបករណ៍ជំនួយ(កាស)ឬឈប់អែបស្តាំដើម្បីនិយាយទើបជាការប្រសើរ។ ម្យ៉ាងវិញទៀតអ្នកបើកបរគួរតែកាត់បន្ថយការស៊ីផ្លេដោយចិត្តអំណត់ពីព្រោះសំឡេងស៊ីផ្លេ ប៉ះពាល់ខ្លាំងដល់អារម្មណ៍អ្នកធ្វើដំណើរលើដងផ្លូវ។
មិនថាអ្នកបើកបររថយន្តឬម៉ូតូការគោរពច្បាប់ចរាចរណ៍តែមួយមុខ នៅមិនទាន់គ្រប់គ្រាន់នៅឡើយទេយើងទាំងអស់គ្នាគួរតែបង្កើននូវក្រមសីលធម៌ចរាចរណ៍ក្នុងខ្លួនឲ្យបានច្រើនទើបការធ្វើចរាចរណ៍ប្រព្រឹត្តទៅយ៉ាងល្អដោយអាចកាត់បន្ថយនូវគ្រោះថា្នក់ចរាចរណ៍។ត្រូវចងចាំថាការយោគ យល់គ្នាជាអំពើដ៏ប្រសើរសម្រាប់អ្នកបើកបរ។ ម្យ៉ាងវិញទៀតការគោរពអាយុជីវិតអ្នកដទៃ ក៏មិនខុសពីការគោរពអាយុជីវិតខ្លួនឯងផងដែរ៕
ភ្នំពេញ ប៉ុស្តិ៍






