នៅពេលដែលគិតដល់ដំណើរកម្សាន្ដតើយុវវ័យបច្ចុប្បន្នត្រូវនឹកដល់នរណាមុនគេហើយចង់ទៅជាមួយនរណា? ក្រុមគ្រួសារមិត្ដភក្ដិឬគូសង្សារ?
យើងសង្កេតឃើញថា យុវវ័យជាច្រើនតែងតែមានទំនោរចិត្ដដើរលេងជាមួយមិត្ដភក្ដិ ឬគូសង្សារជាជាងក្រុមគ្រួសារពីព្រោះពួកគេគិតថា វាសប្បាយ និងឯករាជ្យ។មិត្ដភក្ដិទាំងអស់ធ្វើអ្វីក៏ស៊ីចង្វាក់គ្នាទាំងការធ្វើដំណើរឬហូបចុកផ្សេងៗដែលខុសពីដំណើរកម្សាន្ដក្រុមគ្រួសារពីព្រោះអ្វីៗក៏ត្រូវសម្រេចចិត្ដពីចាស់ទុំដែរ។
ជាក់ស្ដែង យុវជនងួន សុខារិទ្ធិវ័យ២១ឆ្នាំ ដែលជានិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញនៅតែចង់ដើរលេងជាមួយមិត្ដដែរ ថ្វីដ្បិតតែលោកមិនចាំបាច់ចំណាយលុយហោប៉ាវផ្ទាល់ខ្លួននៅពេលដើរលេងជាមួយក្រុមគ្រួសារក៏ដោយ។
ខណៈយុវជនខ្លះចូលចិត្ដដើរលេងជាក្រុមដែលមានមិត្ដភក្ដិច្រើននាក់យុវជនខ្លះទៀតចង់លម្ហែជាមួយមិត្ដភក្ដិតែ៣ឬ៤នាក់ប៉ុណ្ណោះពីព្រោះវាងាយស្រួលក្នុងការរៀបគម្រោងនិងមូលគំនិតគ្នា។
កញ្ញា កែវ សេរីរ័ត្នជាបុគ្គលិកក្រុមហ៊ុនទូរស័ព្ទមួយបានឲ្យដឹងថា៖ «មនុស្សម្នាក់ៗមានគំនិតខុសៗគ្នា។ សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំមិនចង់រួមដំណើរជាមួយនឹងមិត្ដភក្ដិច្រើននាក់ទេពីព្រោះវាដូចជាចាប់ក្ដាមដាក់ចង្អេរអ៊ីចឹងពិបាកនឹងជួបជុំគ្នាណាស់»។
ជាការពិតពីមួយថ្ងៃទៅមួយថ្ងៃទំនោរចិត្ដក្នុងការដើរកម្សាន្ដជាលក្ខណៈបុគ្គលក្រុមយុវជនមានការពេញនិយមនិងកើនឡើងគួរឲ្យកត់សម្គាល់ដែលនៅតាមរមណីយដ្ឋានទេសចរណ៍នានាក្នុងប្រទេសកម្ពុជាដូចជាឆ្នេរសមុទ្រខេត្ដព្រះសីហនុខេត្ដកែប ប្រាសាទអង្គរវត្តខេត្តសៀមរាបជាដើម។ ប៉ុន្ដែតើការដើរលេងបែបនេះអាចផ្តល់ជាគុណប្រយោជន៍ឬហានិភ័យអ្វីខ្លះដល់ពួកគេ?
លោកវ៉ាន់ ទូ ជាមគ្គុទ្ទេសក៍ឯករាជ្យម្នាក់ និងជាអ្នកចូលចិត្តដើរទេសចរណ៍គ្រប់តំបន់បានពន្យល់ថា៖ «ឆ្លងតាមការសង្កេតផ្ទាល់ខ្លួននិងបទពិសោធការងាររបស់ខ្ញុំខ្ញុំមើលឃើញថាភាគច្រើននៃភ្ញៀវទេសចរមិនថាបរទេសឬខ្មែរនោះទេគឺជាយុវជន»។លោកបានបន្ថែមថាលោកក៏ចូលចិត្តដំណើរកម្សាន្ដជាមួយមិត្ដភក្ដិដែរ។
លោក ឃីម សុខហេង ជាអ្នកឯកទេសក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាជាង១២ឆ្នាំបានអះអាងថាការដើរលេងជាមួយក្រុមមិត្តភក្ដិបានផ្តល់លទ្ធភាពធំដំបូងទៅដល់យុវជនគឺឯករាជភាពភាពបត់បែននិងការគ្រប់គ្រង។
លោកសុខហេងបានបញ្ជាក់ថា៖«ការដើរលេងជាក្រុមបានជំរុញឲ្យពួកគេមានភាពម្ចាស់ការព្រោះពួកគេត្រូវមានទំនួលខុសត្រូវរាល់សកម្មភាពទាំងអស់របស់ខ្លួន។យ៉ាងណាមិញវាក៏ប្រឈមនឹងបញ្ហាមួយចំនួនប្រសិនបើក្រុមនោះមិនមែនជាមិត្តភក្ដិល្អដូចជាក្រុមគេចសាលាឆក់ប្លន់ ឬប្រើប្រាស់គ្រឿងញៀនជាដើមព្រោះវាអាចជំរុញឲ្យយុវជននោះខូចអនាគតនិងបង្កើតប្រវត្តិរូបមិនល្អ»។
ចំពោះបញ្ហានេះកញ្ញាអ៊ុក លក្ខណាពិសី វ័យ២០ឆ្នាំ ទទួលស្គាល់ថា វាពិតជាប្រឈមនឹងហានិភ័យខ្ពស់ប្រសិនបើកញ្ញាសម្រេចដើរលេងជាមួយមិត្ដភក្ដិមិនត្រឹមត្រូវ។ កញ្ញា បានលើកឡើងថា៖ «កាលខ្ញុំនៅរៀនវិទ្យាល័យខ្ញុំក៏ធ្លាប់ចូលចិត្តការដើរលេងជាមួយមិត្ដភក្ដិដែលស្ទើរតែជ្រុលខ្លួនប្រាណជាមួយសង្សារព្រោះតែអារម្មណ៍រវើរវាយពិបាកគ្រប់គ្រង។ដូច្នេះតាមបទពិសោធរបស់ខ្ញុំផ្ទាល់ខ្ញុំមិនណែនាំឲ្យយុវតីទាំងអស់ដើរលេងជាក្រុមឬក៏ជាគូរហូតដាច់យប់ជាច្រើននោះទេ។
ឆ្លើយតបនឹងកង្វល់នេះអ្នកស្រីកែវ វិចិត្រជាគ្រូបង្រៀននិងជាម្តាយមួយរូបបានឲ្យដឹងថា៖«មកទល់ពេលនេះវាពិតជាពិបាកក្នុងការគ្រប់គ្រងកូនចៅដែលខុសឆ្ងាយដូចកាលពីជំនាន់មុន។ ពួកគេចូលចិត្តឯករាជ្យចង់សម្រេចចិត្តលើជីវិតរបស់ខ្លួនដូច្នេះក្នុងនាមជាម្តាយខ្ញុំតែងតែណែនាំកូននិងលើកឧទាហរណ៍ជាក់ស្តែងមកប្រាប់ពួកគេ។ខ្ញុំមិនមែនជាម្តាយតឹងរ៉ឹងនោះទេបើកូនដើរលេងជាមួយមិត្តភក្ដិដែលខ្ញុំស្គាល់ហើយមើលទៅអាចទុកចិត្តបានខ្ញុំមិនបដិសេធទេតែត្រូវមានហេតុផលគ្រប់គ្រាន់និងពេលវេលាច្បាស់លាស់»។
ដូចគ្នានេះដែរលោកនង ស៊ីធឿនជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានអះអាងថា ការដែលយុវជននិយមដើរលេងឯករាជ្យជ្រុលហួសហេតុពេកពេលខ្លះយុវជនមួយចំនួនដាច់លុយហើយឈានដល់ការលួចឆក់ដែលបង្កើតជារូបភាពអវិជ្ជមាននិងគំរូមិនល្អក្នុងសង្គម។
យ៉ាងណាមិញ លោកឧត្តមសេនីយ៍ឯកម៉មសំ នាយរងខុទ្ទកាល័យអគ្គបញ្ជាការដា្ឋនកងទ័ពបានពន្យល់ថា៖«មានបានគឺមានបាត់។ ដូច្នេះតាមការយល់ឃើញរបស់ខ្ញុំការដែលយុវជននិយមដើរលេងឯករាជ្យជាមួយនឹងក្រុមមិត្តភក្ដិអាចឲ្យគេសប្បាយរីករាយស្គាល់មិត្តភក្ដិច្រើនក្នុងសង្គម។តែពួកគេភ្លេចថាខ្លួននឹងបាត់អ្វី។ជាក់ស្ដែង ពួកគេត្រូវចំណាយពេលវេលាដែលជាពេលសម្រាប់សិក្សាឬធ្វើការងារជាពិសេសចំណាយលុយកាក់ដែលយុវជនខ្លះស្ថិតក្នុងបន្ទុកឪពុកម្ដាយនៅឡើយ»។
យុវជនអាចប្រឈមនឹងបញ្ហាសង្គមដូចជាមេរោគអេដស៍ការប្រើប្រាស់គ្រឿងញៀនឬការដើរលេងពាលាអាវ៉ាសែជាដើម។ដូច្នេះ យុវជនទាំងអស់ត្រូវធ្វើការពិចារណាឲ្យបានត្រឹមត្រូវ និងច្បាស់លាស់មុននឹងសម្រេចចិត្តធ្វើអ្វីមួយព្រោះមនុស្សម្នាក់ៗត្រូវទទួលខុសត្រូវរាល់សកម្មភាពរបស់ខ្លួន៕
ភ្នំពេញ ប៉ុស្តិ៍









