ខណៈពេលដែលវិស័យកីឡានៅកម្ពុជាកំពុងតែមានសន្ទុះរីកចម្រើនមានកីឡា ប្រភេទថ្មីមួយទៀតដែលមកដល់កម្ពុជាមានឈ្មោះថា ទ្រីយ៉ាត្លុង។
ទ្រីយ៉ាត្លុងគឺជាប្រភេទកីឡាដ៏វិសេសនិងគួរឲ្យចាប់អារម្មណ៍ដែលវាតម្រូវឲ្យកីឡាករទាំងអស់ប្រកួតឆ្លងកាត់ពី២ទៅ៣វិញ្ញាសាបន្ដបន្ទាប់គ្នាក្នុងពេលតែមួយដោយផ្ដើមពីការរត់ ជិះកង់ និងហែលទឹកជាដើម។ ទ្រីយ៉ាត្លុងបែងចែកជាប្រភេទតូចៗ ដូចជា ឌូយ៉ាត្លុង (Douathlon) និងអាខ្វាត្លុង (Aquathlon) ដែលមានការប្រកួត៣វិញ្ញាសា។ រត់ជិះកង់ និងហែលទឹកយើងហៅថាកីឡាទ្រីយ៉ាត្លុងប៉ុន្ដែបើការប្រកួតមានតែរត់និងជិះកង់ យើងហៅថាកីឡាឌូអាត្លុង។ រីកឯការប្រកួតដែលបូកបញ្ចូលទាំងការហែលទឹកនិងរត់វិញយើងហៅថា កីឡាអាខ្វាត្លុង។នេះយោងតាមសម្ដីរបស់លោកងិន សុបញ្ញា ជាអគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុង។
លោក សុបញ្ញា បានឲ្យដឹងថា មូលហេតុដែលបង្កើតសហព័ន្ធនេះឡើងដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋខ្មែរឲ្យស្គាល់អំពីកីឡាទ្រីយ៉ាត្លុងដ៏ថ្មីនេះដែលសម្ព័ន្ធកីឡាអូឡាំពិកកំពុងតែទទួលបានការគាំទ្រខ្លាំងនៅទូទាំងពិភពលោក។
រហូតដល់បច្ចុប្បន្ននេះ កីឡាទ្រីយ៉ាត្លុងត្រូវបានរៀបចំប្រកួតលើទឹកដីកម្ពុជា៣ដងរួចមកហើយដែលចាប់ផ្ដើមពីការប្រកួតប្រភេទអាខ្វាត្លុងខ្នាតមធ្យមនៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ប៉ុន្ដែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺជាការប្រកួតកីឡាឌូអាត្លុងនៅថ្ងៃទី១៥ ខែកក្កដាកន្លងទៅនៅទីលានសាធារណៈកោះពេជ្ររាជធានីភ្នំពេញដែលមានការចូលរួមពីសំណាក់យុវជនប្រជាពលរដ្ឋទូទៅ និងកីឡាករអាជីពប្រមាណជាង៤០០នាក់។
ចំពោះការគាំទ្រកីឡាទ្រីយ៉ាត្លុងនេះលោកណារិនជាបុគ្គលិកអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកគ្រឿងញៀន និងបទល្មើសដែលធ្លាប់បានចូលរួមការប្រកួតនេះបានឲ្យដឹងថា៖ «ខ្ញុំចាប់អារម្មណ៍និងស្រឡាញ់យ៉ាងពេញទំហឹងចំពោះកីឡាប្រភេទរត់ផងជិះផងបែបនេះ ពីព្រោះវាជាកីឡាថ្មីសម្រាប់កម្ពុជា ជាពិសេសខ្ញុំត្រូវឆ្លងកាត់ដំណាក់ជាច្រើនដូចជារត់និងជិះកង់ដែលវាជាចំណូលចិត្ដរបស់ខ្ញុំតែម្ដង»។
លោកណារិន មិនមែនជាកីឡាករអាជីពទេលោកគ្រាន់តែចូលរួមប្រកួតកម្សាន្ដប៉ុណ្ណោះប៉ុន្ដែលោកនៅតែខិតខំប្រឹងប្រែងរហូតដល់គោលដៅ។
យោងតាមគម្រោងរបស់សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា ការប្រកួតនឹងត្រូវប្រព្រឹត្ដទៅ៥ដងក្នុងមួយឆ្នាំនៅតាមបណ្ដាខេត្ដនានារួមមានអាខ្វាត្លុង២ដង ឌូអាត្លុង២ដង និងទ្រីយ៉ាត្លុង១ដង។ ដោយឡែកកីឡាទ្រីយ៉ាត្លុងឆ្នាំ២០១២នេះអាចប្រព្រឹត្ដទៅតែ៣ដងប៉ុណ្ណោះហើយគម្រោងនៃការប្រកួតផ្សេងទៀតត្រូវបានលុបចោលដោយសារតែប្រជាពលរដ្ឋទូទាំងប្រទេសកំពុងតែចូលរួមកាន់ព្រះរាជមរណទុក្ខយ៉ាងក្រៀមក្រំនៃការសោយទិវង្គតរបស់ព្រះមហាវិរក្សត្រ។
យ៉ាងណាមិញ កីឡាទ្រីយ៉ាត្លុងនេះនឹងចាប់ដំណើរការជាម្ដងទៀតនៅក្នុងខែកុម្ភៈឆ្នាំក្រោយដោយបើកទទួលការចុះឈ្មោះចំពោះសិស្សនិស្សិតដោយឥតគិតថ្លៃ រីឯប្រជាពលរដ្ឋទូទៅវិញ គ្រាន់តែចំណាយប្រាក់១ម៉ឺនរៀល លោកអ្នកនឹងទទួលបាននូវបទពិសោធថ្មីចំពោះកីឡាឆ្លងកាត់ច្រើនដំណាក់កាលនេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រសហព័ន្ធតាមអាសយដ្ឋាន www.cambodiatriathlon.org៕
ភ្នំពេញ ប៉ុស្តិ៍







