ជនបង្កគ្រោះថ្នាក់ចរាចរណ៍ត្រូវមានទំនួលខុសត្រូវចំពោះទង្វើរបស់ខ្លួន
គ្រោះថ្នាក់ចរាចរណ៍គឺជាបញ្ហាដ៏រសើបបំផុតនៅក្នុងសង្គមខ្មែរដែលវាតែងតែកើតឡើងជារៀងរាល់ថ្ងៃ។ វាបានសម្លាប់ជីវិតមនុស្សនិងធ្វើឲ្យរបួសធ្ងន់ស្រាលព្រមទាំងខូចខាតទ្រព្យសម្បត្ដិសន្ធឹកសន្ធាប់។ យ៉ាងណាមិញជនបង្កក្នុងឧប្បតិ្ដហេតុគ្រោះថ្នាក់ចរាចរណ៍មួយចំនួនរមែងព្យាយាមរត់គេចខ្លួនដែលពេលខ្លះវាបង្កឲ្យមានសោកនាដកម្មកាន់តែធ្ងន់ធ្ងរ។ចំពោះទង្វើគ្មានការទទួលខុសត្រូវបែបនេះ ពួកគេអាចគិតថា ខ្លួនត្រូវចំណាយលើសំណងច្រើនដែលខាតបង់ទាំងលុយកាក់ ពេលវេលានិងមុខមាត់ជាដើម។ ម្យ៉ាងវិញទៀត ពួកគេអាចប្រឈមមុខនឹងគ្រោះថ្នាក់នៅពេលដែលមានអន្ដរាគមន៍ពីក្រុមគ្រួសារជនរងគ្រោះ។
ថ្វីដ្បិតតែមូលហេតុខាងលើអាចជាលេសដោះសារបស់ជនបង្កមួយចំនួនក៏ដោយ ក៏មនុស្សម្នាក់ៗត្រូវមានទំនួលខុសត្រូវ និងគោរពច្បាប់គ្រប់ពេលវេលា។ ប្រសិនបើជួបឧប្បត្ដិហេតុចៃដន្យណាមួយអ្នកបើកបរគ្រប់រូបត្រូវគោរពច្បាប់ និងមានទំនួលខុសត្រូវចំពោះទង្វើរបស់ខ្លួន?
ឆ្លើយតបនឹងសំណួរនេះលោកងួនសុវិទូជាជនរងគ្រោះដែលស្ទើរតែអស់ជីវិតបានរៀបរាប់ពីបទពិសោធនិងអារម្មណ៍ថា៖ «នៅពេលខ្ញុំត្រូវឡានកៀរឲ្យរងរបួសខ្ញុំពិតជាខឹងអ្នកបើកឡាននោះណាស់។ ខ្ញុំចង់ដឹងថា តើហេតុអ្វីបានជាប្រព្រឹត្ដខុសហើយខំបើករត់គេចខ្លួនធ្វើអីទៀត»។លោកបានបន្ដថា លោកក៏ធ្លាប់ជិះប៉ះពារអ្នកដទៃដែរ ប៉ុន្ដែលោកត្រូវចុះមកជជែកជាមួយជនរងគ្រោះដើម្បីដោះស្រាយរួមគ្នា។
អ្នកស្រីឥដ្ឋស្រីមុំបានជួបគ្រោះថ្នាក់ចរាចរណ៍ដោយត្រូវបានម៉ូតូមួយគ្រឿងផ្សេងទៀតបុកពីក្រោយ ខណៈពេលកំពុងធ្វើដំណើរលើដងផ្លូវជាមួយស្វាមី។អ្នកស្រី វ័យ៣៥ឆ្នាំរូបនេះ បានអះអាងថា៖ «ខ្ញុំធ្លាក់ពីលើម៉ូតូហើយក្បាលខ្ញុំបោកទៅនឹងចិញ្ចើមផ្លូវដែលធ្វើឲ្យខ្ញុំមានអារម្មណ៍សឺងើបមិនរួច។ ជនបង្កនោះ បែរជាជិះទៅបាត់យ៉ាងលឿនគ្មានខ្វល់ពីអ្វីទេសូម្បីតែទឹកចិត្ដមកជួយលើកខ្ញុំមកដាក់លើចិញ្ចើមផ្លូវក៏គ្មានដែរ»។
ចំពោះទង្វើមិនទទួលខុសត្រូវនេះ អ្នកស្រីមុំបានសន្និដ្ឋានថា៖«ខ្ញុំយល់ពីទម្លាប់អាក្រក់របស់ជនបង្កហេតុពួកគេគិតថាខ្លួននឹងត្រូវបង្ខំឲ្យបង់ការខូចខាតតែសម្រាប់ករណីខ្ញុំខ្ញុំគ្រាន់តែចង់ឲ្យគាត់ដឹងខុសហើយចេះសុំទោសចំពោះទង្វើរបស់ខ្លួនក្នុងនាមជាមនុស្សត្រូវមានទំនួលខុសត្រូវប៉ុណ្ណោះ»។
ជុំវិញបញ្ហានេះលោកស៊ីធឿនជាមន្រ្តីប៉ូលិសចូលនិវត្តន៍ដែលមានបទពិសោធផ្នែកចរាចរណ៍នេះជាង២០ឆ្នាំនិងជាអ្នករាយការណ៍ព្រឹត្តិការណ៍គ្រោះថ្នាក់ដល់អ្នកសារព័ត៌មានបានពន្យល់ថារហូតមកទល់ពេលបច្ចុប្បន្នជនបង្កគ្រោះថ្នាក់ចរាចរណ៍ភាគច្រើនតែងតែព្យាយាមរត់គេចជាជាងនៅប្រឈមមុខនឹងការទទួលខុសត្រូវជាសំណងឬចំពោះមុខច្បាប់។
លោកបានលើកឡើងថា លុះត្រាតែជនបង្កនោះរងរបួសធ្ងន់ឬមានការអន្តរាគមន៍ពីមន្ដ្រីប៉ូលិសឬប្រជាជននៅកន្លែងកើតហេតុទើបពួកគេមិនអាចគេចខ្លួនបាន។
បញ្ហាមិនចេះទទួលខុសត្រូវចំពោះទង្វើរបស់អ្នកបើកបរមួយចំនួន មិនត្រូវបានលើកទឹកចិត្ដទេ។ ជាក់ស្ដែង យុវជនកែវ សុវណ្ណារិទ្ធិជានិស្សិតឆ្នាំទី៤ផ្នែករដ្ឋបាលសាធារណៈបានបង្ហាញនូវការមិនពេញចិត្ដរបស់លោកថា៖«នៅម៉ោងប្រហែលជា៨កន្លះយប់ខណៈពេលខ្ញុំឈប់ត្រង់ចំណុចភ្លើងស្ដុប ខ្ញុំបានឃើញម៉ូតូមួយគ្រឿងកំពុងតែបោះពួយយ៉ាងលឿនរួចជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតដែលកំពុងតែឆ្លងផ្លូវ។ ពិតជាអកុសលណាស់ គេបង្កហេតុគ្រោះថ្នាក់ហើយ ប៉ុន្ដែគេមិនព្រមចុះមើលជនរងគ្រោះទេបែរជាលើកម៉ូតូព្យាយាមជិះរត់ទៅវិញ»។លោកបានបន្ដថា ពិតជាគួរឲ្យសោកស្ដាយណាស់ដែលអ្នកបើកបរម្នាក់នោះមិនគោរពច្បាប់ចរាចរណ៍និងគ្មានទំនួលខុសត្រូវក្នុងខ្លួនអ្វីបន្ដិចសោះ។
យោងតាមច្បាប់ចរាចរណ៍ផ្លូវគោកបានកំណត់ពីមាត្រាទី៦៩ ដល់៩០ស្តីពីទោសប្បញ្ញត្តិពីស្ថានភាពនានានៃគ្រោះថ្នាក់និងការបំពានថា ជាទូទៅការទទួលខុសត្រូវលើគ្រោះថ្នាក់នេះមានរូបភាពពីរគឺការទទួលខុសត្រូវរដ្ឋប្បវេណីនិងព្រហ្មទណ្ឌ។វាអាស្រ័យទៅលើព្យសនកម្មមានន័យថាប្រសិនបើឧប្បត្ដិហេតុនោះធ្វើឲ្យបាត់បង់អាយុជីវិតមនុស្សនោះគ្រោះថា្នក់ចរាចរណ៍នឹងក្លាយទៅជាបទល្មើសព្រហ្មទណ្ឌ។
នៅក្នុងមាត្រា៨២នៃច្បាប់ចរាចរណ៍បានបញ្ជាក់ថាចំពោះជនណាដែលបង្កគ្រោះថ្នាក់ដល់អ្នកដទៃរហូតបាត់បង់ជីវិតនៅពេលធ្វើដំណើរជននោះនឹងត្រូវផ្តន្ទាទោសជាប់ពន្ធនាគារពី១ឆ្នាំទៅ៣ឆ្នាំឬផាកពិន័យជាប្រាក់ពី២លានទៅ៦លានរៀលឬក៏ជនល្មើសអាចនឹងត្រូវបង្ខំឲ្យអនុវត្តតាមទាំង២ចំណុចខាងលើនេះ។
ដោយឡែកចំពោះការរត់គេចក្នុងគោលបំណងមិនទទួលខុសត្រូវជនល្មើសនឹងត្រូវផ្តន្ទាទោសជាអតិបរមាដែលមានចែងក្នុងមាត្រាទី៨២នៃច្បាប់ចរាចរណ៍ផ្លូវគោកកម្ពុជា។
ឆើ្លយតបនឹងបញ្ហានេះដែរលោកសៅដឺលុចនិស្សិតអាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកច្បាប់នៃTransnationalLawandBusinessUniversityប្រទេសកូរ៉េខាងត្បូងបានផ្តល់ទស្សនៈមួយចំនួនក្នុងការបន្ថែមផ្នត់គំនិតទទួលខុសត្រូវថា៖«វាទាមទារឲ្យមានកំណែទម្រង់ផ្នែករដ្ឋបាល។ប្រសិនបើការអនុវត្តច្បាប់តឹងរ៉ឹងនោះជនបង្កនឹងពុំមានឱកាសគេចវេះចំពោះការទទួលខុសត្រូវនោះទេ។វាមានកត្តាជាច្រើនដែលទាមទារឲ្យគម្រោងនេះសម្រេចបានដូចជាទី១ត្រូវពង្រឹងច្បាប់ឲ្យបានរឹងមាំទី២ធ្វើការកែប្រែការដាក់ទោសមួយចំនួននិងទី៣ត្រូវបង្កើនចំណេះដឹងចំពោះសាធារណជនអំពីបញ្ហានេះ»។
លោក សុវណ្ណារិទ្ធិបានស្នើឲ្យអ្នកបើកបរទាំងអស់គួរហ៊ានប្រឈមនឹងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលខ្លួនបង្កឡើងព្រោះវានឹងជះឥទ្ធិពលវិជ្ជមានដល់ក្មេងជំនាន់ក្រោយហើយលោកសំណូមពរដល់ក្រសួងពាក់ព័ន្ធជួយធ្វើអន្តរាគមន៍ចំពោះបញ្ហាតាមរយៈការបង្រៀនពីច្បាប់ចរាចរណ៍និងទំនួលខុសត្រូវតាំងពីថ្នាក់ដំបូងទៅកាន់សិស្សានុសិស្ស។ក្រសួងសាធារណការនិងដឹកជញ្ជូនជួយសម្រួលដល់ការផ្ទេរឈ្មោះប័ណ្ណកម្មសិទ្ធិម្ចាស់យានយន្តដើម្បីឲ្យប៉ូលិសងាយកំណត់មុខសញ្ញាចំពោះជនដែលបង្កហេតុហើយរត់គេចដើម្បីយកមកកាត់ទោសតាមផ្លូវច្បាប់សម្រាប់ជាគំរូដល់សាធារណជន៕
ភ្នំពេញ ប៉ុស្តិ៍










