កញ្ញា សាយ ឡាលីន អាយុ២១ឆ្នាំ ជានិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
«ខ្ញុំគិតថា រថយន្តដែលមានឬគ្មានការធានារ៉ាប់រងមិនសំខាន់នោះទេវាអាស្រ័យទៅលើបុគ្គលជាអ្នកបញ្ជាចង្កូតផ្ទាល់ប៉ុណ្ណោះ។ ប្រសិនបើពួកគាត់គ្មានការប្រុងប្រយ័ត្នអំឡុងពេលបើកបរ ពួកគាត់អាចជួបគ្រោះថ្នាក់ដូចគ្នា។ ម្យ៉ាងទៀតក្រុមហ៊ុនធានារ៉ាប់រងក៏អាចនឹងមិនធានានឹងចេញសងនោះដែរ ករណីដែលបុគ្គលបើកបរនោះបើកបរមិនប្រុងប្រយ័ត្នដោយខ្លួនឯង ហើយមិនគោរពតាមលក្ខខណ្ឌដែលពួកគេបានសន្យាជាមួយនឹងក្រុមហ៊ុននោះ»៕
លោក នួម វណ្ណាត អាយុ២២ឆ្នាំ ជានិស្សិតសាកលវិទ្យាល័យភូមិន្ទកសិកម្ម
«រថយន្តមានការធានារ៉ាប់រងមិនប្រាកដថាគ្មានគ្រោះថ្នាក់នោះទេវាអាស្រ័យលើម្ចាស់ថាតើពួកគាត់មានទំនុកចិត្តក្នុងការបើកបរប៉ុនណា ប៉ុន្តែការកំណត់ពីបញ្ហាគ្រោះ ថ្នាក់ចរាចរណ៍មិនស្ថិតលើបុគ្គល ណាមួយឡើយ។អ្នកខ្លះទិញធានារ៉ាប់រងប៉ុន្ដែបែរជាធ្វេសប្រហែសក្នុងការបើកបរដោយមិនប្រុងប្រយ័ត្នវាអាចធ្វើឲ្យពួកគាត់ជួបនឹងគ្រោះថ្នាក់ចរាចរណ៍ផងដែរ»៕
លោក ហេង ហាំងតុង អាយុ១៩ឆ្នាំ ជានិស្សិតសាកលវិទ្យាល័យអន្តរជាតិ
«សព្វថ្ងៃនេះស្ថានភាពចរាចរណ៍នៅប្រទេសយើងកាន់តែមានសភាពអាក្រក់ទៅៗដែលអ្នកបើកបរជាច្រើនបញ្ជាយានជំនិះមិនគោរពច្បាប់ចរាចរណ៍ ឬប្រុងប្រយ័ត្នទេ។ជួនកាលយើងបើកប្រុងប្រយ័ត្នហើយប៉ុន្តែអ្នកបើកបរផ្សេងទៀតមិនប្រយ័ត្នមកប៉ះពារយើងរួចគេចបាត់ក៏មានដែរ។ដូច្នេះការទិញធានារ៉ាប់រងអាចជួយបង្កើនទំនុកចិត្តដល់យើងក្នុងពេលបើកបរ ហើយយើងក៏មិនសូវព្រួយបារម្ភពីការខូចខាតវានោះដែរ»៕
លោក គា វណ្ណច័ន្ទរ៉ាយ៉ា អាយុ២២ឆ្នាំ ជានិស្សិតសាកលវិទ្យាល័យបៀលប្រាយ
«ខ្ញុំគិតថាយានយន្តមានធានារ៉ាប់រងពិតជាល្អ និងមានប្រយោជន៍ខ្លាំងណាស់សម្រាប់អ្នកបើកបរ ពីព្រោះប្រសិនបើជួបឧប្បត្តិហេតុដោយចៃដន្យណាមួយក្រុមហ៊ុនអាចជួយសម្រួលកិច្ចការរបស់ម្ចាស់យានយន្ដ។ប៉ុន្តែ ប្រសិនបើពួកគេមិនប្រុងប្រយ័ត្នឬមិនគោរពច្បាប់ចរាចរណ៍ទេ ពួកគេនៅតែប្រឈមនឹងផ្លូវច្បាប់។ ថ្វីដ្បិតតែពួកគេបានទិញធានារ៉ាប់រងក៏ដោយក៏អ្នកបើកបរគ្រប់រូបត្រូវតែគោរពច្បាប់និងមានស្មារតីខ្ពស់ចំពោះការបញ្ជាចង្កូតយានយន្ដដែរ»៕
កញ្ញា រដ្ឋា ពុទ្ធិកា អាយុ១៨ឆ្នាំ ជានិស្សិតសាកលវិទ្យាល័យហ្សាម៉ាន់
«ខ្ញុំគិតថាការទិញធានារ៉ាប់រងចំពោះយានយន្តពិតជាមានប្រយោជន៍ច្រើនណាស់។ វាហាក់បីដូចជាការសន្សំប្រាក់ទុកសម្រាប់នៅពេលដែលមានបញ្ហាណាមួយកើតឡើងដែរ ព្រោះយើងមិនអាចមើលឃើញ ឬចង់ជួបគ្រោះថ្នាក់ឡើយ។បើជួបគ្រោះថ្នាក់ចរាចរណ៍ដោយចៃដន្យយើងប្រាកដជាឆ្លេឆ្លា មិនដឹងត្រូវធ្វើយ៉ាងណាទេ ណាមួយមានរបួស ណាមួយឡាន ឬម៉ូតូខូចខាតទៀត។ ដូច្នេះក្រុមហ៊ុនធានារ៉ាបរង អាចនឹងជួយសម្រួលដល់បញ្ហាទាំងនេះ»៕
ភ្នំពេញ ប៉ុស្តិ៍







