Headlines:

វិវឌ្ឍ​ខ្លួន​ពី​ជាង​ថត​រូប​​មុខ​វាំង​ទៅ​ជា​ម្ចាស់​គេហទំព័រ​សំបុក​អាយធី



131016_06

លោក ឡាវ សុភ័ក្ដ្រ វ័យ ២៦ឆ្នាំ ជា​អ្នក​បង្កើត និង​គ្រប់​គ្រង​ប្រភព​ព័ត៌មាន​បច្ចេកវិទ្យា​នៃ​គេហទំព័រ សំបុក អាយធី ដែល​អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណិត​ជាច្រើន​បាន​ស្គាល់ និង​ចាប់​អារម្មណ៍​ចំពោះ​បច្ចេកវិទ្យា​ថ្មីៗ។

ក្រៅ​ពី​ជា​ស្ថាបនិក​គេហទំព័រ សំបុក អាយធី យុវជន សុភ័ក្ដ្រ ក៏​ជា​មន្ដ្រី​ជំនាញ​ព័ត៌មានវិទ្យា​ជាន់​ខ្ពស់​ផ្នែក​រចនា​គេហទំព័រ​របស់ ក្រុមហ៊ុន HCC Group Co.,Ltd ផង​ដែរ។

យុវជន​វ័យ​ត្រឹម​តែ ២៦ឆ្នាំ មាន​សមត្ថភាព​អាច​បង្កើត​សមិទ្ធផល​ខ្លួន​ឯង និង​តួនាទី​ដ៏​សំខាន់​នៅ​ក្នុង​ក្រុមហ៊ុន មិន​មែន​ជា​ការ​ខិតខំ​ប្រឹង​ប្រែង​ហេង​ស៊យ​នោះ​ទេ។

ពិត​ប្រាកដ​ណាស់ ប្រសិន​បើ​រំឭក​អតីតកាល​ក្នុង​ពេល​ដែល​លោក​អាយុ​ត្រឹម​តែ ១៦ ឬ​ក៏ ១៧ឆ្នាំ លោក​មាន​តែ​ម៉ាស៊ីន​ថត​មួយ​គ្រឿង​ស្ពាយ​ជាប់​នឹង​ក​សម្រាប់​ថត​រូប​ឲ្យ​ភ្ញៀវ​ដែល​មក​ដើរ​កម្សាន្ដ​នៅ​មុខ​ព្រះ បរម​រាជរាំង ដើម្បី​ទទួល​បាន​កម្រៃ សម្រាប់​អាហារ​មួយ​ពេល និង​សេស​សស់​បន្ដិច​បន្ដួច​ប៉ុណ្ណោះ។

ការងារ​ជា​ជាង​ថត​រូប​នេះ លោក​អាច​សន្សំ​ប្រាក់​ទិញ​ម៉ូតូ​មួយ​គ្រឿង​ដោយ​ខ្លួន​ឯង​រហូត​ដល់​រយៈ​ពេល ២ឆ្នាំ នៃ​អាជីព​នេះ។ លោក​បាន​ប្រាប់​ថា៖ «ប្រសិន​បើ​ខ្ញុំ​មិន​មែន​ជា​ជាង​ថត​រូប​នោះ​ទេ ខ្ញុំ​ក៏​មិន​មាន​ថ្ងៃ​នេះ​ដែរ»។

ដោយ​សារ​មាន​ឆន្ទៈ​ចង់​ធ្វើ​ការ​យុវជន សុភ័ក្ត្រ នៅ​តែ​ឆ្លៀត​ពេល​ធ្វើ​ការ​ខណៈ​ពេល​កំពុង​តែ​សិក្សា​ចាប់​ពី​ឆ្នាំ ទី១ ផ្នែក វិទ្យាសាស្ត្រ​កុំព្យូទ័រ​នៅ​សាកល​វិទ្យាល័យ ន័រតុន។

លោក​បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ក្នុង​ផ្នែក​លក់ និង​ផ្នែក​ទីផ្សារ​ឲ្យ​ហាង​កុំព្យូទ័រ​មួយ​កន្លែង​តួនាទី​ជា​ជួស​ជុល និង​ធ្វើ​ការងារ​ជាមួយ​គេហទំព័រ ហើយ​នោះ​ក៏​ជា​ពេល​ដែល​លោក​ចាប់​ផ្ដើម​ស្រឡាញ់​ការ​បង្កើត​គេហទំព័រ​ដែរ។

ម្ចាស់ គេហទំព័រ សំបុក អាយធី រូប​នោះ បាន​ឲ្យ​ដឹង​ថា៖ «បន្ទាប់​ពី​ធ្វើ​ការ​បាន ២ ទៅ ៣ ខែ ខ្ញុំ​ចាប់​ផ្ដើម​ឆ្ងល់​ថា តើ​គេ​បង្កើត​គេហទំព័រ​យ៉ាង​ដូចម្ដេច? ហើយ​ខ្ញុំ​ក៏​ចាប់​ផ្ដើម​ផ្ដោត​ទៅ​លើ​គេហទំព័រ​នេះ​តាំង​ពី​ពេល​នោះ​មក។ ខ្ញុំ​ឃើញ​គេ​អាច​បង្កើត​គេហទំព័រ​ស្អាតៗ​បាន ហើយ​ខ្ញុំ​ចង់​ធ្វើ​វា​ដែរ»។

អំឡុង​ពេល​សិក្សា​នៅ​សាកល​វិទ្យាល័យ លោក​បាន​ឆ្លង​កាត់​បទពិសោធ​ខុសៗ​គ្នា​ក្នុង​ផ្នែក​បច្ចេកវិទ្យា​នេះ រួម​ទាំង​ជា​អ្នក​ឌីហ្សាញ​គេហទំព័រ និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឲ្យ​ក្រុមហ៊ុន Nokor Trading Co., Ltd រួច​បន្ដ​ចាប់​ការងារ​ជា បង្ហាត់​បង្ហាញ​អំពី​ការ​អភិវឌ្ឍ​គេហទំព័រ​ឲ្យ​ក្រុមហ៊ុន CM Training Center និង​ជា​អ្នក​ឌីហ្សាញ​គេហទំព័រ​ឲ្យ​ក្រុមហ៊ុន HCC Co., Ltd នៅ​ក្នុង​ឆ្នាំ ទី៤។

បទពិសោធ​ក្នុង​ទិដ្ឋភាព​ជាក់​ស្ដែង​នៃ​បច្ចេកវិទ្យា​អំឡុង​ពេល​ដែល​សិក្សា​បាន​សម្រួច​ការ​សម្រេច​ចិត្ត​របស់​យុវជន សុភ័ក្ត្រ ឲ្យ​ជ្រើស​រើស​យក​គេហទំព័រ​ជា​គោល​ដៅ​របស់​ខ្លួន នៅ​ពេល​បញ្ចប់​ការ​សិក្សា​ពី​សាកល​វិទ្យាល័យ។

លោក​បាន​លើក​ឡើង​ថា៖ «តាម​ពិត កាល​ពេល​នៅ​រៀន ខ្ញុំ​ត្រូវ​ផ្ដោត​សំខាន់​ទៅ​លើ​ផ្នែក Programming ដែល​ទាក់​ទង​នឹង​ការ​សរសេរ​កូដ​។ ប៉ុន្ដែ​នៅ​ក្នុង​ឆ្នាំ ទី៤ ដែល​ជា​ពេល​ខ្ញុំ​ត្រូវ​ធ្វើ​សារណា ខ្ញុំ​សម្រេច​ចិត្ត​ជ្រើស​យក​ការ​បង្កើត​គេហទំព័រ។ ខ្ញុំ​ចាប់​ផ្ដើម​ធ្វើ​ការ​ផ្នែក​បង្កើត​គេហទំព័រ​ឲ្យ​ក្រុមហ៊ុន HCC នៅ​ឆ្នាំ ២០១១»។

បទ​ពិសោធ​ប្រមូល​ផ្ដុំ​របស់​លោក​ទាំង​ការ​សិក្សា​និង​ការងារ​បាន​ផ្ដល់​ឲ្យ​លោក​នូវ​លទ្ធភាព​គ្រប់​គ្រាន់​ដើម្បី​ទទួល​ខុស​ត្រូវ​ផ្នែក​បង្កើត​គេហទំព័រ និង​រចនា។

មន្ត្រី​ផ្នែក​ព័ត៌មានវិទ្យា​ជាន់​ខ្ពស់​រូប​នេះ បាន​ពន្យល់​ពី​ទំនួល​ខុស​ត្រូវ​របស់​ខ្លួន​ក្នុង​ក្រុមហ៊ុន​ថា៖ «ខ្ញុំ​សរសេរ​អត្ថបទ បង្កើត​ឡូហ្គោ និង​បដា ហើយ​ខ្ញុំ​ក៏​ថត​រូប​ផង​ដែរ។ ខ្ញុំ​ត្រូវ​រចនា​វា រួច​បង្ហោះ​លើ​គេហទំព័រ»។

ការ​សម្រេច​ចិត្ត​ចាប់​អាជីព​ផ្នែក គេហទំព័រ​នេះ ពិត​ជា​ត្រឹម​ត្រូវ ដោយ​សារ​តែ​លោក​មាន​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​បង្កើត​គេហទំព័រ ហើយ​ការ​ប្ដេជ្ញា​ចិត្ត​នេះ បាន​ធ្វើ​ឲ្យ​លោក​ក្លាយ​ជា​មនុស្ស​ដែល​មាន​គេ​ស្គាល់​ច្រើន​នៅ​ពេល​នេះ។

លោក​បាន​បន្ដ​ថា៖ «នៅ​ពេល​ដែល​មាន​គេ​ស្នើ​ឲ្យ​ខ្ញុំ​សរសេរ​អ្វី​មួយ​ក្នុង​ប្លុក ខ្ញុំ​សរសេរ​វា​ភ្លាមៗ​តែ​ម្ដង»។​ដោយ​មើល​ឃើញ​ពី​កង្វះ​ខាត​ទិន្នន័យ​ជា​ភាសា​ខ្មែរ ជា​ពិសេស ការ​ទាក់​ទង​នឹង​បច្ចេកវិទ្យា លោក​បាន​សម្រេច​ចិត្ត​បង្កើត​គេហទំព័រ សំបុក អាយធី ឡើង​ក្នុង​ឆ្នាំ ២០១១ ដើម្បី​ផ្ដល់​ព័ត៌មាន​ពាក់​ព័ន្ធ​នឹង​បច្ចេកវិទ្យា​ឲ្យ​បាន​កាន់​តែ​ច្រើន តាម​ដែល​អាច​ធ្វើ​ទៅ​បាន សម្រាប់​បំពេញ​តម្រូវ​ការ​ប្រជាជន​កម្ពុជា​ដែល​ជួប​ប្រទះ​បញ្ហា​លើ​កុំព្យូទ័រ ឬ​ទូរស័ព្ទ។

លោក​បាន​បង្ហាញ​ពី​គំនិត​បង្កើត សំបុក អាយធី នេះ​ថា៖ «ខ្ញុំ​គិត​ថា បើ​ខ្ញុំ​មិន​បង្កើត​វា ហើយ​អ្នក​ជំនាន់​មុន និង​អ្នក​ជំនាន់​ក្រោយ​មិន​បង្កើត​វា​ទៀត តើ​ខ្មែរ​អាច​មាន​វា​ដោយ​របៀប​ណា?»។

លោក​បាន​បន្ថែម​ថា៖ «គោល​ដៅ​របស់​ខ្ញុំ​គឺ​ចែក​រំលែក​ព័ត៌មាន​ទាក់​ទង​នឹង​បច្ចេកវិទ្យា​ឲ្យ បាន​ច្រើន​ជា​ភាសា​ខ្មែរ សម្រាប់​ប្រជា​ពលរដ្ឋ​ខ្មែរ»។

បច្ចុប្បន្ន​នេះ សំបុក អាយធី មាន​អ្នក​ចូល​មើល​ជា​មធ្យម ២០០០នាក់ និង​ឃើញ​គេហទំព័រ​នេះ ៥០០០ នាក់​ជា​រៀង​រាល់​ថ្ងៃ។ គម្រោង​បន្ទាប់​មក​ទៀត លោក សុភ័ក្ត្រ នឹង​បង្កើត​គេហទំព័រ​មួយ​ទៀត​សម្រាប់​ផ្ដល់​វេយ្យាករណ៍​ខ្មែរ ដោយ​លោក​បាន​ពន្យល់​ថា៖ «ខ្ញុំ​មើល​ឃើញ​ថា អ្នក​ខ្លះ​នៅ​តែ​មាន​កំហុស​នៅ​ពេល​សរសេរ​អក្សរ​ខ្មែរ​នៅ​លើ​អ៊ីនធឺណិត ហើយ​ពាក្យ​ខុស​ខ្លះ​ក្លាយ​ទៅ​ជា​ពាក្យ​និយម​ប្រើ​ទៅ​វិញ»។

យុវជន ឡាវ សុភ័ក្ត្រ បាន​ណែនាំ​ដល់​អ្នក​ដែល​មាន​ចំណាប់​អារម្មណ៍​ផ្នែក​បច្ចេកវិទ្យា ជា​ពិសេស និស្សិត​ផ្នែក​ព័ត៌មានវិទ្យា​ដែល​ចាប់​អារម្មណ៍​ផ្នែក​បង្កើត​គេហទំព័រ ឲ្យ​ផ្ដោត​លើ​ជំនាញ​ច្បាស់​លាស់​ដែល​ខ្លួន​ស្រឡាញ់។

លោក​បាន​ណែនាំ​ថា៖ «ត្រូវ​ស្វែង​រក​ជំនាញ​មួយ​ពេល​រៀន​នៅ​សាកល​វិទ្យាល័យ ហើយ​ត្រូវ​ធ្វើ​ការ​ស្រាវជ្រាវ​បន្ថែម​លើ​ជំនាញ​នេះ​ដើម្បី​ឲ្យ​ចេះ​កាន់​តែ​ច្បាស់»។

លោក​ថែម​ទាំង​បាន​លើក​ឡើង​នូវ​កម្មវិធី​កុំព្យូទ័រ​មួយ ចំនួន​ដែល​ត្រូវ​ការ​ចាំ​បាច់​ក្នុង​ការ​បង្កើត និង​រចនា​គេហទំព័រ​ដែល​មាន​ដូចជា Adobe Photoshop, Adobe Illustrator, CorelDRAW, Adobe InDesign, Adobe Flash, HTML5, និង Adobe Dreamweaver ជាដើម៕