លោកតេងសុភ័គ
ប្រសិនបើនិយាយអំពីវិស័យអចលនទ្រព្យហើយត្រូវនឹកដល់វិស័យសំណង់ឬការសាងសង់និងវិស័យវិនិយោគឬសេវាកម្ម។ នេះជាសម្ដីរបស់លោកតេងសុភ័គដែលមានបទពិសោធក្នុងវិស័យនេះជាច្រើនឆ្នាំ។
លោកតេងសុភ័គវ័យ២៧ឆ្នាំជាកូនគ្រូបង្រៀននៅខេត្ដកណ្ដាលបានក្លាយជាម្ចាស់ភាគហ៊ុននៃក្រុមហ៊ុនអចលនទ្រព្យAgent-I Real Estate ដែលលោក និងដៃគូបានខិតខំប្រឹងប្រែងបើកក្រុមហ៊ុននេះឡើងក្នុងគោលបំណងរកប្រាក់ចំណូលផង និងជួយដល់យុវជនផង។
ក្រោយពីបញ្ចប់មធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំ២០០២និងបន្ដការសិក្សាភាសាអង់គ្លេសនៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិនិងផ្នែកព័ត៌មានវិទ្យានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញយុវជនរូបនេះ មានតែកង់កញ្ចាស់មួយសម្រាប់ជិះទៅសាលារៀននិងកន្លែងធ្វើការប៉ុណ្ណោះ។ ដើម្បីរត់ឲ្យទាន់ជាមួយនឹងចំណេះដឹងរបស់និស្សិតដទៃ លោកជួបការលំបាកយ៉ាង ខ្លាំងជាពិសេសគឺភាសាអង់គ្លេស។
អំឡុងពេលសិក្សាឆ្នាំទី១លោក សុភ័គ បានបំពេញការងារស្ម័គ្រចិត្ដឲ្យកាកបាទក្រហមកម្ពុជាហើយត្រូវបានជ្រើសរើសជាតំណាងយុវជនខ្មែរសម្រាប់ការចូលរួមក្នុងកម្មវិធីរបស់យុវជននៅប្រទេសម៉ាឡេស៊ី។ ជាមួយនឹងភាពប៉ិនប្រសប់ក្នុងការងារ លោកក៏ត្រូវបានបញ្ចូនឲ្យទៅប្រទេសជប៉ុនបន្ដទៀតដើម្បីធ្វើការផ្លាស់ប្ដូរចំណេះដឹងរយៈពេល៣ខែ។ ក្រោយមក យុវជនមកពីខេត្ដកណ្ដាលរូបនេះ ត្រូវបានទទួលស្គាល់ជាបុគ្គលិកផ្នែកគម្រោងពេញសិទ្ធិនៅកាកបាទក្រហមកម្ពុជាតែម្ដងហើយបន្ដហ្វឹកហាត់និងបំពេញការងារនៅបណ្ដាប្រទេសជាច្រើនទៀតរួមទាំងកូរ៉េ អូស្ដ្រាលី សិង្ហបុរី ជាដើម។
នៅឆ្នាំ២០០៧ លោកបានសម្រេចចិត្ដបន្ដការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកអភិវឌ្ឍជនបទ និងគ្រប់គ្រងគម្រោងនៅសាកលវិទ្យាល័យបៀលប្រាយថ្វីដ្បិតតែវាខុសពីជំនាញសិក្សានៅថ្នាក់បរិញ្ញាបត្រក៏ដោយ។លោកលើកឡើងពីមូលហេតុថា៖ «វាជួយឲ្យខ្ញុំយល់ដឹងកាន់តែខ្លាំងពីស្ថានភាពសង្គមក្រោយពីបានប្រឡូកការងារក្នុងវិស័យអភិវឌ្ឍន៍នេះ»។
ដោយសារតែមើលឃើញនូវការរីកចម្រើននៃសេដ្ឋកិច្ចជាតិរហូតមកដល់ឆ្នាំ២០០៩លោកបានផ្អាកធ្វើគម្រោងនៅកាកបាទក្រហមកម្ពុជានិងចាប់ផ្ដើមការងារថ្មីជាអ្នកគ្រប់គ្រងផ្នែកលក់នៅក្រុមហ៊ុនអចលនទ្រព្យមួយ។ រយៈពេលមួយឆ្នាំខណៈពេលដែលការងារថ្មីទទួលបានជោគជ័យលោកមកបន្ដគម្រោងថ្មីៗទៀតនៅកាកបាទក្រហមកម្ពុជាដូចធម្មតាវិញ។
ដោយសារតែលោកជាយុវជនមកពីខេត្ដនិងយល់ច្បាស់អំពីការលំបាករបស់យុវជនដទៃលោក តេង សុភ័គបានជួយពួកគេឲ្យមានការស្នាក់នៅសមរម្យ និងផ្ដល់ជូននូវតម្លៃទាប តាមរយៈសេវាកម្មនៅក្រុមហ៊ុនរបស់លោក។
លោក សុភ័គ បានប្រាប់ពីបទពិសោធការងារថា៖ «ធ្វើការងារក្នុងវិស័យអចលនទ្រព្យត្រូវតែប្រុងប្រយ័ត្នខ្ពស់និងតាមដានស្ថានភាពសេដ្ឋកិច្ចគ្រប់ពេលវេលាពីព្រោះវាអាចប្រែប្រួលដែលយើងមិនអាចដឹងមុន។ម្យ៉ាងវិញទៀតត្រូវមានការរៀបចំនិងតៀមខ្លួនជាស្រេចក្នុងការប្រឈមជាមួយនឹងហានិភ័យដែលនឹងកើតឡើងគ្រប់ពេលទាំងអស់»។
លោកបន្ដថា៖ «ខ្ញុំជឿថារាល់ការងារទាំងអស់ពិតជាពិបាកនិងមានបញ្ហាប្រឈមជានិច្ចប៉ុន្តែគ្មានអ្វីដែលឈ្នះការតស៊ូព្យាយាមនិងភាពស្មោះត្រង់នោះទេ»។
នៅទីបំផុតក្នុងឆ្នាំ២០១២នេះ ក្រុមហ៊ុនដែលកើតចេញពីការខិតខំរបស់លោក ត្រូវបានបើកដំណើរការ ក្រោយពីឆ្លងកាត់ការរៀបចំគម្រោងរយៈពេល២ឆ្នាំ និងសិក្សាអំពីស្ថានភាពសេដ្ឋកិច្ចរួចរាល់។
ដោយសារមានបទពិសោធជាច្រើនឆ្នាំជាមួយនឹងវិស័យអចលនទ្រព្យគាត់និងដៃគូដែលបានសហការជាមួយគ្នាអស់ជាច្រើនឆ្នាំហើយនោះមានគម្រោងបើកជាជំនួញផ្ទាល់ខ្លួន មួយដែលបើកជាក្រុមហ៊ុនអចលនទ្រព្យ។
អ្វីដែលជាលក្ខណពិសេសរបស់ក្រុមហ៊ុននេះគឺផ្តោតទៅលើយុវជននិងផ្ដល់សេវាកម្មជូនគ្រប់អតិថិជនទាំងអស់មិនថាជានិស្សិតឬម្ចាស់ក្រុមហ៊ុនណាមួយនោះទេ។
ចំពោះគោលបំណងទៅថ្ងៃអនាគតវិញប្រសិនបើឱកាសហុចឲ្យលោកនឹងអាចបើកជានិវាសនដ្ឋានសម្រាប់យុវជនក្រីក្រនិងបើកជាមជ្ឈមណ្ឌលបណ្តុះបណ្តាលលើវិស័យអចលនទ្រព្យនេះឲ្យបានទូលំទូលាយ។
យុវជន សុភ័គបានផ្ដែផ្ដាំថា៖ «បើនិយាយពីភាពជោគជ័យគឺគ្មាននរណាម្នាក់ដែលនិយាយថាខ្លួនឯងជោគជ័យនោះទេព្រោះកាលណាមានការជោគជ័យក៏មានការបរាជ័យនៅក្នុងនោះដែរហើយនៅពេលដែលបានមួយហើយគឺតែងតែចង់បានមួយទៀត។ដូចនេះការជោគជ័យគឺវាដើរទៅមុខរហូតហើយកើតក្នុងពេលអនាគតរហូតដែរ»។
យុវជន សុភ័គបានលើកឡើងថា៖ «ខ្ញុំក៏អ៊ីចឹងដែរដើរមកដល់ត្រឹមនេះខ្ញុំមិនទាន់អាចសម្រេចថាខ្ញុំដើរមកដល់ចំណុចជោគជ័យនោះទេខ្ញុំនៅមានគម្រោងជាច្រើនទៀតដែលត្រូវធ្វើក្នុងពេលអនាគតរបស់ខ្ញុំ»៕
ភ្នំពេញ ប៉ុស្តិ៍








