ពិតណាស់ មនុស្សស្ទើរតែគ្រប់រូប តែងតែទន្ទេញក្នុងចិត្ដនូវពាក្យថា«និស្ស័យ» នេះក្នុងក្រអូមមាត់ជារឿយៗ នៅពេលដែលខ្លួនបាន និងកំពុងផ្តោតលើគោលដៅនៃឆាកជីវិតណាមួយ។ ជួនកាល គេតែងនិយាយថា «មាននិស្ស័យតែគ្មានវាសនា ឬមានវាសនាតែគ្មាននិស្ស័យ»។ ណ្ហើយចុះ និស្ស័យ ឬវាសនា មិនមែនសុទ្ធតែទេវតាជាអ្នកចារឆ្លាក់នោះទេ មានតែខ្លួនយើងប៉ុណ្ណោះដែលជាអ្នកត្រូវពុះពារស្វះស្វែង កែខៃច្នៃជោគជតា ថាតើគួរតែដើរលើផ្លូវណាបន្តទៀតសម្រាប់វាលវដ្តសង្សារដ៏មហាសែនធំធេងនេះ។ សប្តាហ៍នេះ LIFT នឹងណែនាំនូវបុរសម្នាក់ ដែលបានប្រឹងប្រែងក្នុងជីវិតរបស់ខ្លួនអស់ជាច្រើនឆ្នាំ ទម្រាំស្វែងរកនូវទ្រនំជីវិតដែលដិតដាមដោយភាពជោគជ័យក្នុងអាជីពរបស់ខ្លួន។
ស្ថិតក្នុងវ័យ ៣៥ឆ្នាំ លោក ស្រូយ វិរិទ្ធជានាយកគ្រប់គ្រងក្រុមហ៊ុន សេនស៍ជើនី បានបង្ហើបប្រាប់អំពីជំហានដំបូងដែលបានឈានប្រឡូកក្នុងវិស័យទេសចរណ៍ដូចសព្វថ្ងៃនេះថា៖ «ដោយសារតែចិត្តស្រឡាញ់ និងនិស្ស័យខ្ញុំក៏ងាកមកចាប់ផ្តើមស្រវាការងារក្នុងផ្នែកទេសចរណ៍នេះហើយព្រមលះបង់នូវអាជីពការងារផ្សេងៗដែលមានតួនាទីធំដុំ និងមានប្រាក់បៀវត្សរ៍ខ្ពស់»។
លោកបានបញ្ចប់បរិញ្ញាបត្រផ្នែកអក្សរសាស្រ្តបារាំងក្នុងឆ្នាំ២០០២ នៅឯវិទ្យាស្ថានភាសាបរទេស បរិញ្ញាបត្រភាសាអង់គ្លេសក្នុងឆ្នាំ២០០៤ នៅសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា និងថ្នាក់វិទ្យាល័យភាសាចិនក្នុងឆ្នាំ២០០២នៅសាលាទួនហ្វា។
ដោយសារតែសាលាតម្រូវឲ្យនិស្សិតចាប់យកជំនាញ២ក្នុងចំណោម៤នៃកម្មវិធីសិក្សានៅក្នុងឆ្នាំទី៣និង៤ នៃថ្នាក់បរិញ្ញាបត្រផ្នែកអក្សរសាស្រ្តបារាំង លោក វិរិទ្ធ បានសម្រេចចាប់យកជំនាញគ្រូ និងទេសចរណ៍។
នៅពេលដែលចំណេះដឹង និងជំនាញផ្នែកអក្សរសាស្ដ្រល្អគ្រាន់បើលោកបានក្លាយខ្លួនជាគ្រូបង្រៀនភាសាបារាំងក្រៅម៉ោង និងគ្រូបង្រៀនអក្សរខ្មែរសម្រាប់ជនជាតិបរទេសអំឡុងពេលជានិស្សិតឆ្នាំទី៣ និងទី៤។ បន្ទាប់ពីបញ្ចប់ការសិក្សា លោកបានក្លាយខ្លួនជាអ្នកបកប្រែភាសាបារាំងមកខ្មែរសម្រាប់អង្គការ និងស្ថាប័ននានា។ដោយសារតែទេពកោសល្យ និងសមត្ថភាពលោកក៏បានឈានមួយជំហានទៀត ចូលទៅបម្រើការងារក្នុងស្ថានទូតបារាំងប្រចាំប្រទេសកម្ពុជារយៈពេលខ្លីផងដែរ។
ថ្វីដ្បិតតែលោកមានឱកាសការងារមួយដ៏កម្រដែលទទួលបានការកោតសរសើរពីមជ្ឈដ្ឋានជុំវិញយ៉ាងណាក៏ដោយក៏លោកនៅតែទន្ទេញចាំជាប់ក្នុងចិត្តជានិច្ចនូវបំណងប្រាថ្នាតាំងពីអំឡុងពេលសិក្សាថ្នាក់មហាវិទ្យាល័យ ដែលតែងតែគិតស្រមៃអំពីការងារពាក់ព័ន្ធនឹងវិស័យទេសចរណ៍។ ស្របពេលគ្នានោះដែរ លោកក៏បានសម្រេចចិត្តមួយដែលមិននឹកស្មានដល់ និងធ្វើឲ្យអ្នកគ្រប់គ្នាងឿងឆ្ងល់យ៉ាងខ្លាំង។
លោក វិរិទ្ធ បានប្រាប់ពីមូលហេតុថា៖ «ខ្ញុំបានសម្រេចចិត្តលះបង់ការងារផ្សេងៗ ហើយចូលខ្លួនធ្វើជាបុគ្គលិកស្ម័គ្រចិត្តដោយមិនយកកម្រៃឲ្យក្រុមហ៊ុនទេសចរណ៍មួយអស់រយៈពេលបីខែ»។ លោក បានបន្ដថាដោយសារតែស្រឡាញ់ ចង់ចេះចង់ដឹង និងចង់មានឱកាសប្រឡូកក្នុងវិស័យនេះ លោកក៏បានដើរចោលដោយមិនស្តាយក្រោយនូវការងារដែលធ្លាប់មានពីមុនមក។
បន្ទាប់ពីបម្រើការងារជាបុគ្គលិកស្ម័គ្រចិត្តជិត១ឆ្នាំលោកបានក្លាយជាបុគ្គលិកពេញសិទ្ធិរបស់ក្រុមហ៊ុនដដែលនិងបន្ដអភិវឌ្ឍខ្លួនជាអ្នករៀបចំកញ្ចប់ទេសចរណ៍ឲ្យក្រុមហ៊ុនលំដាប់ខ្ពស់មួយទៀតក្នុងប្រទេសកម្ពុជាអស់រយៈពេលជិត៤ឆ្នាំ។ បន្ទាប់ពីខិតខំកសាងសមត្ថភាព និងប្រមូលផ្តុំនូវបទពិសោធជាច្រើនឆ្នាំ ដែលអាចនិយាយបានថា ល្មមគ្រប់គ្រាន់សម្រាប់លោកហើយនោះ លោក វិរិទ្ធ ក៏បានចាប់ផ្តើមនូវសករាជជីវិតថ្មីដោយបើកនូវក្រុមហ៊ុនទេសចរណ៍ផ្ទាល់ខ្លួនមួយតែម្តងក្នុងឆ្នាំ២០០៩។
ការចាប់ផ្តើមនូវជំនួញថ្មីដោយខ្លួនឯងនេះប្រាកដជាត្រូវជួបឧបសគ្គផ្សេងៗជាក់ជាមិនខាន តួយ៉ាងដូចជា ការពង្រឹងនូវសេវាកម្មរបស់ខ្លួន ការហ្វឹកហ្វឺនដល់បុគ្គលិកឲ្យមានសមត្ថភាពតាមលក្ខណៈស្តង់ដារ និងការទាក់ទាញភ្ញៀវពីក្រៅប្រទេស សុទ្ធតែជាបញ្ហាចម្បងសម្រាប់លោក។ ប៉ុន្តែក្តីកង្វល់ទាំងនេះហាក់ដូចជាមិនអាចបញ្ឈប់ការតាំងចិត្តដ៏មោះមុតរបស់សុភាពបុរសយើងឡើយ។
អស់រយៈពេលបួនឆ្នាំកន្លងទៅនេះ ផ្លែផ្កាពីញើសឈាមរបស់លោក បានរីកធំធាត់បែកមែកចេញផ្កាស្គុសស្គាយព្រោងព្រាតដែលលោកតែងតែទទួលបានការកោតសរសើរមិនដាច់ពីមាត់ពីសេវាកម្មរបស់ក្រុមហ៊ុនលោកចំពោះភ្ញៀវបរទេសមកកាន់ព្រះរាជាណាចក្រកម្ពុជាទាក់ទងនឹងការផ្តល់នូវទំនុកចិត្តពីសំណាក់ដៃគូជុំវិញពិភពលោក (លើកលែងទ្វីបអាហ្វ្រិក) ការក្លាយជាសមាជិកគណៈកម្មការសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា និងជាសមាជិកសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា។
ជាចុងក្រោយ លោកក៏បានផ្តាំផ្ញើនូវសម្តីខ្លះៗសម្រាប់និស្សិត និងអ្នកដែលចង់ក្លាយខ្លួនជាអ្នកអភិវឌ្ឍវិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជាថា៖ «បើស្រឡាញ់ ត្រូវចេះថ្លឹងថ្លែងនិងលះបង់ ម្យ៉ាងវិញទៀត គួរពង្រឹងនូវសមត្ថភាពភាសារបស់ខ្លួនឲ្យបានខ្លាំងដើម្បីឈរជើងឲ្យនឹងក្នុងឆាកអន្តរជាតិ។ សម្រាប់និស្សិតផ្នែកទេសចរណ៍ បើអាច គួរតែហ្វឹកហាត់ក្នុងពេលសិក្សាគឺកាន់តែល្អសម្រាប់អនាគតរបស់យើង»៕
ភ្នំពេញ ប៉ុស្តិ៍








