រំឭកដល់សម័យកាលនៃការភ្នាល់ល្បែង ដូចជា ភ្នាល់បាល់ ឆ្នោត (ចាក់កន្ទុយលេខ) យើងសង្កេតឃើញថាក្មេងចាស់ ប្រុសស្រីមួយចំនួនដែលងប់នឹងល្បែង តែងតែប្រព្រឹត្តជាប្រចាំថែមហើយរហូតដល់ហិនហោចទ្រព្យសម្បត្តិអស់គ្មានសល់ពីខ្លួន។
ជាក់ស្តែងដូចជា មានប្តីប្រពន្ធមួយគូ ដែលខ្ញុំបានឃើញផ្ទាល់ភ្នែកពួកគាត់មានជំនាញខុសគ្នា ប្តីខ្លាំងខាងបាល់ រីឯប្រពន្ធវិញខ្លាំងខាងឆ្នោត ហើយពួកគាត់គឺជាប្តីប្រពន្ធគំរូប្រចាំតំបន់ផ្សារសេរីភាព។
ប្តីនោះឈ្មោះ ត.ប ព្រលឹមឡើងអង្គុយសំកុក អត់ប្រឹងធ្វើការ ច្បាមយកតែបុងបាល់ មកអង្គុយម៉ិៈសម្លឹងចុះសម្លឹងឡើង គូសនេះបន្តិច គូសនោះបន្តិច សម្រេចចិត្តមិនត្រូវ ថាភ្នាល់ក្រុមមួយណា។ មិនត្រឹមតែប៉ុណ្ណឹងទេ កុំឲ្យតែឃើញអ្នកស្គាល់ដើរកាត់ ស្កាត់ទៅទាញដៃអ្នកនោះ ហៅមកសួរថាយកអាមួយណាល្អ សុំជាយោបល់មិនឈប់។ មិនអស់ចិត្ត ខំប្រឹងទៅអង្គុយចាំនៅឯកន្លែងកត់បាល់ទៀត បើមិនបានចាក់គឺមិនអស់ចិត្ត។
បើក្រឡេកមកមើលខាងប្រពន្ធវិញម្តង ចេញពីផ្ទះកាលណា ជុំគ្នាជាមួយអ្នកជិតខាង សួរថា៖ «យប់មិញយល់សប្តិឃើញអ្វី»? ឲ្យតែឮថាអ្នកណាយល់សប្តិ ខំប្រឹងយកមកអង្គុយកាត់ចេញជាលេខនឹងអាលយកទៅចាក់ឆ្នោត។ ចាក់ព្រឹកមិនត្រូវ ចាក់ពេលល្ងាចទៀត ល្ងាចមិនចេញ ចាក់ពេលយប់ទៀត។ មួយថ្ងៃចាក់៣ដងជាប្រចាំមិនដែលខកខាន។
អ្នកណាមិនល្បី ប្តីប្រពន្ធអ្នកមានមួយគូនេះ ឲ្យតែឈ្នះជប់លៀងមួយភូមិ ប៉ុន្តែបើចាញ់វិញ ស្ងាត់ឲ្យជ្រាប ហើយនៅតែមិនរាង ខំប្រឹងទៅស្រង់ដើមទៀត ចុងក្រោយឈ្នះតែមេ ឯកូនចាញ់តែរហូត។
ដោយសារតែមានវិធានការបង្រ្កាបល្បែងពីសំណាក់រាជរដ្ឋាភិបាល ប្តីប្រពន្ធមួយគូនេះ ក៏បោះបង់ចោលនូវទង្វើនេះទាំងស្រុង ហើយងាកមកប្រកបរបររកស៊ីចិញ្ចឹមជីវិតដូចសព្វមួយដងវិញ។
សកម្មភាពរបស់ប្តីប្រពន្ធមួយគូនេះបានហុចផលឲ្យពួកគាត់យ៉ាងទាន់ហន់ដែលពួកគេធ្លាក់ខ្លួនពីមានជីវភាពធូរធារមកមានជីវភាពមិនសូវសម្បូរបែប៕
ភ្នំពេញ ប៉ុស្តិ៍






