នៅក្នុងវ័យសិក្សាបើយុវសិស្សសេពគប់មិត្តភក្តិល្អអ្នកទាំងនោះនឹងនាំទៅដើរផ្លូវត្រូវនិងមានអនាគតភ្លឺស្វាងប៉ុន្តែបើសេពគប់ប៉ះចំមិត្តភក្តិមិនល្អវិញនោះគេនឹងអូសទាញអ្នកទៅដើរផ្លូវខុសនិងប្រព្រឹត្តអំពើផ្សេងៗដែលបំផ្លាញអនាគតរបស់អ្នកនិងសង្គមជាតិ។
ដោយឡែកក៏មានយុវសិស្សមួយចំនួនប្រព្រឹត្តិអំពើពាលាផ្សេងៗដោយគ្មានអ្នកណាអូសទាញដូចជាយុវជនប៊ុនណារិទ្ធ ដែលធ្លាប់ជាអតីតសិស្សវិទ្យាល័យរដ្ឋមួយក្នុងរាជធានីភ្នំពេញបានដើរផ្លូវខុសដោយគេចមិនចូលសិក្សានិងលេងល្បែងភ្នាល់ដោយចំណាយថវិកាអស់ជាច្រើន។លោកណារិទ្ធបាននិយាយថា៖ «ខ្ញុំចាប់ផ្តើមចេះលេងហ្គេម ចាប់ពីថ្នាក់បឋមហើយចាប់ផ្តើមចេះគេចសាលា និងចាក់បាល់ពេលកំពុងរៀននៅវិទ្យាល័យដោយមិនមានអ្នកនាំនោះទេ»។
ទោះបីជាយ៉ាងនេះក្តី សកម្មភាពទាំងអស់នេះមិនបានបង្អាក់យុវជនម្នាក់នេះពីការសិក្សាឡើយ។ នៅក្នុងឆ្នាំ២០០៧ លោក ណារិទ្ធ បានបន្តថ្នាក់មហាវិទ្យាល័យផ្នែកភាសាអង់គ្លេស និងសិក្សានៅឯសាកលវិទ្យាល័យអន្តរជាតិ(IU) ប៉ុន្តែដោយសារមូលដ្ឋានគ្រឹះមិនរឹងមាំការសិក្សារបស់លោកមិនទទួលបានលទ្ធផលល្អឡើយហើយរៀនធ្លាក់ស្ទើរតែរៀងរាល់ខែ។ ដោយមានការមិនពេញចិត្តចំពោះលទ្ធផលនៃការសិក្សា លោក ណារិទ្ធ ក៏បានងាកទៅរកទង្វើចាស់វិញ ហើយចាប់ផ្តើមគេចសាលាមិនចូលរៀនតទៅទៀត។
លោកបានបន្តការលេងល្បែង ហើយស្ថិតនៅក្នុងទ្រង់ទ្រាយធំជាងមុន ដោយរូបលោកហ៊ានចូលប្រឡូកក្នុងវង់ល្បែងប្រភេទ ឡូតូ (ស្លូតម៉ាស៊ីន)ដែលទទួលការភ្នាល់ធំៗ។ លោកបានបញ្ជាក់ថា៖ «ដំបូង ចេះតែលេងដើម្បីសប្បាយទេ ប៉ុន្តែបន្ទាប់ពីចាញ់ ចាញ់ ចាញ់ អស់ជាច្រើនសាខ្ញុំចាប់ផ្តើមភ្នាល់កាន់តែធំទៅៗ ដើម្បីស្រង់ដើមមកវិញ ប៉ុន្តែលទ្ធផលចុងក្រោយ គឺនៅតែចាញ់ទៀត»។ បើតាមការបូកសរុប ក្នុងរយៈពេលមួយឆាវដែលលង់ខ្លួននេះ លោក ណារិទ្ធបានចោលលុយក្នុងវង់ល្បែងប្រហែលជាជាង ២ ០០០ ដុល្លារ ដោយបូករួមជាមួយទាំងម៉ូតូ មួយគ្រឿង និង លុយបង់សាលាថែមទៀត។ លោក ណារិទ្ធ បានបន្តដោយដកដង្ហើមធំថា៖«នេះគឺជារឿងអតីតកាល ខ្ញុំក៏មិនចង់រំឭកដែរ»។
បច្ចុប្បន្ននេះ លោកប៊ុន ណារិទ្ធ គឺជាអ្នកលក់គ្រឿងសំណង់ ហើយប្រាក់ចំណេញពីការលក់ដូរ គឺយកមកសម្រាប់ផ្គត់ផ្គង់ក្រុមគ្រួសារទាំងមូល។
លោកបានបង្ហើបប្រាប់ឲ្យដឹងពីមូលហេតុដែលប្រែក្លាយលោក ឲ្យឈប់ពីល្បែងថា៖ «ពេលឃើញឪពុកម្តាយគាត់ខំប្រឹងប្រែងរកលុយដើម្បីកូន ខ្ញុំក៏ចាប់ផ្តើមមានអារម្មណ៍សោកស្តាយចំពោះទង្វើដែលខ្ញុំធ្លាប់បានប្រព្រឹត្តិណាស់ ហើយខ្ញុំក៏តាំងចិត្តឈប់វាតែម្តង»។
ជាចុងក្រោយ លោកមានពាក្យផ្តាំផ្ញើថា៖ «ប្រសិនបើមិនធ្លាប់ ចូរកុំសាកល្បងឲ្យសោះ ប៉ុន្តែបើជ្រុលទៅហើយ គួរតែដកខ្លួនចេញឲ្យឆ្ងាយ ពីព្រោះពាក្យថា ធ្វើខុស កែខ្លួននៅតែមានអត្ថន័យជានិច្ចសម្រាប់អ្នក»៕
ភ្នំពេញ ប៉ុស្តិ៍







