យុវជនមួយចំនួនរស់នៅក្នុងជីវិតដ៏សម្បូរបែបផ្ទុយមកវិញ សូមក្រឡេកមកឃើញពីជីវភាពនៃការរស់នៅ និងសិក្សារបស់និស្សិតក្រីក្រវិញម្តង។
យុវជនហាក់ម៉េង អាយុ២៣ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺជាក្មេងកំព្រាតាំងពីកុមារភាពមក ជាមួយបងប្អូន៣នាក់។
ក្នុងនាមជាកូនប្រុសពៅគាត់មានវាសនាកម្សត់ មិនខុសពីបងកំព្រាទាំងពីរនាក់ទេ។ពួកគេពិតជាត្រូវការការថ្នាក់ថ្នមយ៉ាងកក់ក្ដៅពីឪពុកម្ដាយប៉ុន្ដែក្ដីស្រមៃហាក់ដូចជាផ្សែងអណ្ដែតកណ្ដាលលំហ ប៉ុណ្ណោះ។ ទោះបីជាជួបប្រទះបញ្ហាយ៉ាងនេះក្តីពួកគេមិនបណ្ដោយខ្លួនរស់តាមព្រេងវាសនាទេ។
ដោយទទួលបានការសន្តោសប្រណីពីម្ដាយមីងទាំង៣នាក់ កូនកំព្រា៣នាក់នោះបានសុំពួកគាត់មកជ្រកកោនស្នាក់អាស្រ័យ។
យុវជន ហាក់ ម៉េង គឺជាអ្នកដែលមានសំណាងជាងគេក្នុងចំណោមបង២នាក់ទៀតពីព្រោះលោកមានឱកាសបានចូលសាលារៀន។ ប៉ុន្តែមុននឹងឈានទៅមកដល់ថ្នាក់មហាវិទ្យាល័យដូចថ្ងៃនេះយុវជនកំព្រារូបនេះបានឆ្លងកាត់ភាពល្វីងជូរចត់ទាំងជីវភាព និងខ្វះភាពកក់ក្ដៅពីឪពុកម្ដាយ។លោកត្រូវរៀនរស់ដោយខ្លួនឯងតាំងពីអាយុ១៥ឆ្នាំមកម៉្លេះពោលគឺនៅពេលដែលមីងរបស់លោកបានមករស់នៅទីក្រុងភ្នំពេញចោលគាត់លោកត្រូវរស់នៅតែម្នាក់ឯងដោយសិក្សាផងនិងចិញ្ចឹមមាន់ជ្រូកផងដើម្បីចម្អែតក្រពះប្រចាំថ្ងៃ។
រហូតមកដល់ឆ្នាំ២០០៨លោកបានផ្លាស់មកសិក្សានៅទីក្រុងភ្នំពេញតែម្នាក់ឯងដោយមានលុយក្នុងដៃចំនួន២០០ដុល្លារ ដែលបានមកពីប្រាក់កម្ចីពីអ្នកជិតខាងដោយលោកបានអះអាងថា៖ «នេះគឺជាជំហានដំបូងដែលខ្ញុំបានចាប់ផ្តើមការសិក្សាមហាវិទ្យាល័យនៅឯទីក្រុងភ្នំពេញ»។
បច្ចុប្បន្ននេះយុវជនហាក់ម៉េងជានិស្សិតថ្នាក់បរិញ្ញាបត្រផ្នែកភាសាអង់គ្លេសនៅវិទ្យាស្ថានភាសាបរទេស និងជាគ្រូបង្រៀនស្ម័គ្រចិត្តនៅអង្គការ ស្នាមញញឹមនៃកុមារ។ ជារៀងរាល់សប្តាហ៍លោកទទួលបានប្រាក់ឧបត្ថម្ភពីបងស្រីនិងបងប្រុសពី៥ម៉ឺនទៅ៧ម៉ឺនរៀលសម្រាប់ចំណាយលើថ្លៃជួលផ្ទះ សាលាសៀវភៅ ការធ្វើដំណើរនិងអាហារហូបចុកដែលពេលខ្លះលោកត្រូវដាច់បាយម្ដងម្កាលក៏ មានដែរ។
ការរស់នៅដ៏ផ្ទុយស្រឡះពីភាពស៊ីវិល័យយុវជនរូបនេះជ្រកក្រោមដំបូលផ្ទះជួលដែលគ្មានសម្ភារសិក្សាគ្រប់គ្រាន់សូម្បីតែតុ ឬកៅអីស្ទើរតែគ្មានផង មិនចាំបាច់នឹកស្រមៃដល់ipad, iphone ឬ MacBook Pro អីនោះទេ។
ជីវភាពខ្វះមុខខ្វះក្រោយបែបនេះ នៅតែមិនអាចបន្ទុចបង្អាក់ការតស៊ូដ៏មោះមុតរបស់យុវជនយើងបានទេ។នេះជាគំរូមួយដ៏ល្អកម្ររកបានសម្រាប់យុវសិស្សទាំងឡាយក្នុងការពុះពារតស៊ូជម្នះ ការលំបាក ដើម្បីប្ដូរយកចំណេះវិជ្ជា៕
ភ្នំពេញ ប៉ុស្តិ៍







