នៅពេលដែលខ្ញុំឈានជើងដើរចូលផ្ទះមួយដ៏ស្អាតដូចជាវីឡាមានពីរល្វែង ខ្ញុំឃើញរថយន្ដឡិចស៊ីសដ៏ទំនើបមួយគ្រឿងចតនៅខាងមុខផ្ទះ។ ពេលទៅដល់បរិវេណខាងក្នុងខ្ញុំឃើញមានបំពាក់សុទ្ធតែគ្រឿងសង្ហារិមប្រណីតៗនិងឧបករណ៍ប្រើប្រាស់ រួមទាំង iphone smart phoneMacBook Pro និង ipadដែលងាយស្រួលក្នុងការស្រាវជ្រាវឯកសារផ្សេងៗតាមអ៊ីនធឺណិត។
ក្នុងទឹកមុខរីករាយដែលរស់នៅក្នុងផ្ទះដ៏ស្រស់ស្អាតប្រកបដោយផាសុកភាពកញ្ញាលីដា រីណា វ័យ២១ឆ្នាំជានិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រនិងវិទ្យាសាស្ដ្រសេដ្ឋកិច្ច(RULE) បានឲ្យដឹងថា៖ «ខ្ញុំតែងតែប្រើឧបករណ៍ទាំងនេះជាប្រចាំដើម្បីស្រាវជ្រាវឯកសារសម្រាប់ការសិក្សា។ ប្រសិនបើគ្មានឧបករណ៍ទាំងអស់ទេ ខ្ញុំមិនអាចទាក់ទងជាមួយមិត្ដភក្ដិឬក៏ប្រើជាប្រភពក្នុងការស្រាវជ្រាវមេរៀនសម្រាប់សិក្សាឡើយ»។
កញ្ញា រីណា យល់ឃើញថា ឧបករណ៍ទំនើបៗពិតជាមានសារៈសំខាន់ណាស់សម្រាប់កញ្ញាក្នុងការសិក្សា និងទំនាក់ទំនងក្នុងសង្គម ហើយវាមានសារៈសំខាន់ខុសៗគ្នាដោយលើកយកឧទាហរណ៍ថា៖ «ខ្ញុំមិនអាចយក MacBook Pro តាមខ្លួនគ្រប់ទីកន្លែងទេពេលខ្លះខ្ញុំត្រូវយក ipad មកជំនួសវិញ»។
សរុបមក ការរស់នៅក្នុងជីវភាពធូរធារ មិនត្រឹមតែផ្ដល់ភាពស៊ីវិល័យប៉ុណ្ណោះទេ ប៉ុន្ដែវាថែមទាំងផ្តល់នូវងាយស្រួលក្នុងការស្វែងរកឧបករណ៍ជំនួយដល់ការសិក្សាផងដែរ។ ជាងនេះទៅទៀតទោះបីជាកញ្ញារីណាមានរបស់ប្រើប្រាស់យ៉ាងសម្បូរបែបគ្រប់យ៉ាងនេះក្តីក៏កញ្ញានៅមិនភ្លើតភ្លើនហើយភ្លេចការសិក្សាឡើយ៕
ភ្នំពេញ ប៉ុស្តិ៍







