បើងាកទៅមើលកាលពីប៉ុន្មានឆ្នាំមុនការកកស្ទះចរាចរណ៍ គឺកើតឡើងម្តងកាលឬតែក្នុងករណីមួយចំនួនប៉ុណ្ណោះដូចជានៅថ្ងៃបុណ្យទានពិសេសនិងពេលដាច់ភ្លើងចរាចរណ៍ជាដើម។ផ្ទុយទៅវិញបើយើងក្រឡេកមកមើលចរាចរណ៍ នាពេលបច្ចុប្បន្ននេះវិញ ការកកស្ទះក្នុងពេលធ្វើដំណើរគឺស្ទើរតែត្រូវបានក្លាយទៅជាទម្លាប់ទៅហើយ។មូលហេតុដែលយើងតែងតែមើល ឃើញនោះគឺមកពីចំនួននៃអ្នកធ្វើដំណើរ កាន់តែច្រើន។ជាមួយគ្នានេះការកកស្ទះចរាចរណ៍ជាហេតុក្នុងការពន្យឺតអ្នកធ្វើដំណើរដែលចង់ទៅមុខលឿនដើម្បីឲ្យឆាប់ទៅដល់ គោលដៅហើយបានធ្វើឲ្យពួកគេខំប្រឹងបញ្ជាចង្កូតយានជំនិះក្នុងគ្រប់វិធីដើម្បីបានទៅមុខមុនគេ ដោយពេលខ្លះគេមិនសូវខ្វល់ពីអ្នកធ្វើដំណើរជុំវិញខ្លួននោះទេ។
បើតាមបទពិសោធរបស់ខ្ញុំផ្ទាល់ដែលបានឃើញផ្ទាល់ភ្នែកជារឿយៗការធ្វើដំណើរក្នុងផ្លូវកកស្ទះខ្ញុំតែងតែសម្គាល់ឃើញអ្នកធ្វើដំណើរមួយចំនួនជាពិសេសគឺអ្នកជិះម៉ូតូយកចិញ្ចើមផ្លូវមុខផ្ទះមកធ្វើដំណើរដើម្បីឲ្យគាត់បានទៅមុខហើយគេចផុតពីការស្ទះចរាចរណ៍។តើហេតុអ្វីបានជាអ្នកទាំងនោះធ្វើដូច្នេះ? ហើយបើសិនអ្នកជាអ្នកថ្មើរជើងឬជាម្ចាស់ផ្ទះនៅលើចិញ្ចើមផ្លូវនោះ តើអ្នកនឹងមានអារម្មណ៍បែបណា?
លោកតែបម៉ារ៉ាឌីជាម្ចាស់ផ្ទះមួយរូបដែលរស់នៅលើផ្លូវម៉ៅសេទុងជិតភ្លើងស្តុបផ្សារដើមគ បានប្រាប់ពីអារម្មណ៍របស់លោកថា៖«មិនមែន មានតែខ្ញុំទេដែលមិនសប្បាយចិត្តនោះ រីឯអ្នកជិតខាងរបស់ខ្ញុំដ៏ដូច្នេះដែរ ហើយក៏មិនចង់ឃើញអ្នកធ្វើដំណើរប្រព្រឹត្ដទង្វើអសីលធម៌បែបនេះទេ។វាធ្វើឲ្យខ្ញុំព្រួយបារម្ភដល់សុវត្ថិភាពពីព្រោះពួកគាត់ធ្វើដំណើរជិតផ្ទះរបស់ខ្ញុំណាស់។ជួនកាលមិនមែនមានត្រឹមតែម៉ូតូទេដែលជិះលើចិញ្ចើមផ្លូវមុខផ្ទះរបស់ខ្ញុំប៉ុន្ដែពេលខ្លះ ក៏មានទាំងឡានខំឡើងទៀតផងដែរ»។
ជាមួយគ្នានេះលោកម៉ារ៉ាឌីបានបន្តប្រាប់ពីបទពិសោធរបស់លោកទៀតថាមានអ្នកបើកបរមួយចំនួនជិះរំលោភផ្លូវមុខផ្ទះគាត់ហើយថែមទាំងស្រែកស្តីឲ្យគាត់ថាបាំងផ្លូវរបស់គេទៀត។ មកដល់ពេលនេះតាមអ្វីដែលគាត់បានដឹងបានឃើញមានគ្រោះថ្នាក់ប៉ះគ្នាបីដងហើយនៅលើចិញ្ចើមផ្ទះរបស់គាត់ដោយសារតែការជិះលឿនមិនខ្វល់ពីអ្នកដទៃ។
ជាចុងក្រោយលោកម៉ារ៉ាឌីក៏មានសំណូមពរដែរថា៖ «ទាំងម៉ូតូនិងរថយន្តទាំងអស់គួរធ្វើដំណើរតែនៅលើផ្លូវរបស់ខ្លួនហើយគួរចៀសវាងការបើកបរហួសការកំណត់ជាពិសេសនៅលើចិញ្ចើមផ្លូវមុខផ្ទះសម្រាប់អ្នកថ្មើរជើង។នេះជាការចូលរួមគោរពច្បាប់ចរាចរណ៍និងការចេះយោគយល់គ្នាទៅវិញទៅមកក្នុងនាមជាជនជាតិខ្មែរដូចគ្នា»។
ជាការពិតណាស់ ការកកស្ទះចរាចរណ៍មិនអាចចៀសផុតឡើយប៉ុន្ដែអ្នកបើកបរត្រូវគោរពច្បាប់មានការយោគយល់និងអធ្យាស្រ័យគ្នាហើយមិនប្រមាថជីវិតអ្នកដទៃដើម្បីបញ្ចៀសនូវបញ្ហានិងគ្រោះថ្នាក់នានានៅពេលធ្វើដំណើរ។
រួមគ្នាកាត់បន្ថយគ្រោះថ្នាក់និងការកកស្ទះចរាចរណ៍នៅកម្ពុជា៕
ភ្នំពេញ ប៉ុស្តិ៍







