ការងារណាក៏សុទ្ធតែមានតម្លៃឲ្យតែជាការងារសុចរិតត្រឹមត្រូវនិងមិនកេងបន្លំអ្នកដទៃ។មុខរបរជាអ្នកប៉ះកង់ក៏ជាការងារដ៏ល្អមួយដែលគ្មាននរណាមកមើលងាយបានឡើយ។យ៉ាងណាមិញស្របពេលអ្នកប៉ះកង់ភាគច្រើនតែងតែជួយដល់ម្ចាស់យានជំនិះដែលបានជួបបញ្ហាបែកកង់ឲ្យបន្តដំណើរបានទៅមុខទៀតបែរជាជាងប៉ះកង់នៅពេលយប់មួយចំនួនតូចតែងតែឆ្លៀតកេងចំណេញពីអ្នកធ្វើដំណើរទៅតាមរូបភាពផ្សេងៗ។
ជាមួយគ្នានេះខ្ញុំសូមរៀបរាប់ពីបទពិសោធផ្ទាល់នារាត្រីមួយក្រោយចេញពីពិធីជប់លៀងជួបជុំមិត្តភក្តិស្រាប់តែម៉ូតូរបស់ខ្ញុំជាន់ដែកគោលបែកកង់ខាងក្រោយខ្ញុំមិនដឹងទៅរកជាងប៉ះកង់នៅឯណាខណៈពេលមនុស្សម្នាកំពុងលង់លក់ក្នុងស្បៃរាត្រី។
បណ្ដើរម៉ូតូយ៉ាងនឿយហត់រហូតដល់ឃើញកន្លែងប៉ះកង់មួយនៅតាមផ្លូវមុនីវង្សទល់មុខនឹងGold Towerកែងវិទ្យាល័យព្រះយុគន្ធរ។នឹកស្មានថាគ្រាន់តែប៉ះធម្មតាប៉ុន្ដែពោះវៀនម៉ូតូដ៏ថ្មីសន្លាងបែរបែកធ្លាយយ៉ាងធំដែលតម្រូវឲ្យផ្លាស់ពោះវៀនម៉ូតូថ្មី។
សូមសម្គាល់ពីសកម្មភាពរបស់ជាងប៉ះកង់ម៉ូតូមួយចំនួនដែលពួកគេតែងតែចាក់គាស់ពោះវៀនខ្លាំងៗហាក់ដូចជាពិបាកក្នុងការយកពោះវៀនចេញ។ នេះគឺជាសកម្មភាពខុសប្រក្រតីជាពេលវេលាដែលពោះវៀនម៉ូតូរបស់អ្នកនឹងអាចរហែកធ្លាយ។ ដោយជួបនូវបញ្ហានេះ គឺចៀសមិនផុតពីការតថ្លៃប្ដូរពោះវៀនម៉ូតូត្រូវតែកើតឡើងហើយមានតម្លៃយ៉ាងតិច២ម៉ឺនរៀលនោះទេ។ យ៉ាងណាមិញ តម្លៃ២ម៉ឺនរៀលមិនស័ក្ដិសមនឹងគុណភាពរបស់វាពីព្រោះអ្នកប្រើប្រាស់តែងតែត្អូញត្អែរថាវាមិនអាចប្រើលើសពីមួយសប្ដាហ៍ឡើយវាប្រាកដជាធ្លាយ ឬក៏រហែកវិញ។
វាគឺជាបទពិសោធដែលលោកពូប៉ះកង់ម្នាក់នោះ បានបង្រៀនខ្ញុំឲ្យចេះមើលពោះវៀនកង់ម៉ូតូថាតើមួយណាមានគុណភាពល្អ និងមួយណាគ្មានគុណភាព ថ្វីដ្បិតតែគាត់ឆ្លៀតកេងយកចំណេញហួសហេតុពេក។
គួរឲ្យកត់សម្គាល់ថា ជាងប៉ះកង់ម៉ូតូនៅក្បែរបរិវេណមជ្ឈមណ្ឌលភ្នំពេញមួយចំនួនក៏ជាជាងគាស់បំផ្លាញពោះវៀនម៉ូតូដើម្បីឲ្យម្ចាស់ទិញពោះវៀនដ៏ថ្លៃរបស់ខ្លួនផងដែរ៕
ភ្នំពេញ ប៉ុស្តិ៍







