កោះថាសជាអតីតរមណីយដ្ឋានដែលមានប្រជាប្រិយភាពបំផុតនៅខេត្តពោធិ៍សាត់នេះបើយោងតាមសម្ដីរបស់អ្នកស្រុកនៅទីនោះ។ កោះថាសមានផ្ទៃដីរាងមូលផុសកណ្តាលបឹងដែលភ្ញៀវទេសចរត្រូវឆ្លងកាត់ស្ពានយោលមុននឹងទៅដល់រមណីយដ្ឋាននោះ។
ភ្ញៀវទេសចរអាចជិះទាទឹកកម្សាន្ដនៅជុំវិញបរិវេណកោះដែលនៅក្បែរច្រាំងមានខ្ទមតូចៗសម្រាប់អង្គុយសម្រាកលេង និងញ៉ាំអាហារ។នៅចំកណ្តាលកោះថាស មានទោងយោលសម្រាប់កុមារជាច្រើនដាក់តម្រៀបគ្នាជាជួរ។ម្យ៉ាងវិញទៀតនៅទីនោះក៏មានរ៉កពីរខ្សែសម្រាប់ឲ្យភ្ញៀវសម្រូតខ្លួនលេងចុះឡើងពីដីកោះទៅត្រើយម្ខាង។
កាលពីពាក់កណ្តាលឆ្នាំ២០១២កន្លងទៅខ្ញុំនិងមិត្តភក្ដិមួយក្រុមដែលមានស្រុកកំណើតនៅទីនោះ បានបបួលគ្នាទៅលេងរមណីយដ្ឋានដ៏ឯកោមួយនោះ។ ការធ្វើដំណើរហាក់ដូចជាមានការលំបាកខ្លាំងដោយសារតែវាជាផ្លូវដីក្រហមរដិបរដុបនិងសម្បូររថយន្ដធនធំៗធ្វើដំណើរឆ្លងកាត់។ ក្រោយពីចំណាយពេលជាងមួយម៉ោងក្នុងការធ្វើដំណើរយ៉ាងត្រដាបត្រដួសលើចម្ងាយផ្លូវ១៥គីឡូម៉ែត្រគិតពីទីរួមខេត្តពោធីសាត់ពួកយើងក៏បានមកដល់រមណីយដ្ឋានកោះថាស។ គ្រាន់តែចាប់ផ្តើមឆ្លងកាត់ស្ពានភ្លាមខ្ញុំមានអារម្មណ៍ថាដូចបានឆ្លងផុតពីបរិយាកាសដ៏សែនអាប់អួរមកដល់ដែនដីដែលស្ងប់ស្ងាតនិងមានបរិយាកាសធម្មជាតិដ៏ស្រស់ស្អាតសម្រាប់គយគន់ ដោយមានដើមឈើម្លប់ត្រជាក់លាយឡំនឹងចំហាយទឹកដ៏ត្រជាក់។
អ្វីដែលគួរឲ្យសោកស្តាយនោះគឺកោះថាសបានប្រែក្លាយទៅជាសភាពចាស់ទ្រុឌទ្រោម។ ខ្ទមសម្រាប់ផ្ដល់ជម្រកដ៏ត្រជាក់ល្ហឹមបានហ៊ុមព័ទ្ធទៅដោយធូលីនិងសម្បុកពីងពាង។ រីឯស្មៅក៏បានដុះជុំជិតស្ទើរពាសពេញដីកោះទាំងមូលដែលមើលទៅហាក់ដូចជាទីកន្លែងត្រូវបានបោះបង់ចោលអ៊ីចឹង។
មិត្ដភក្ដិរបស់ខ្ញុំឈ្មោះ ហេង រ័ត្នចាន់រី ដែលមានស្រុកកំណើតនៅទីនោះបានប្រាប់ថា៖ «នេះមកពីបញ្ហាផ្លូវមកកាន់ទីកន្លែងនេះមានការលំបាកខ្លាំងពេក។ មួយវិញទៀត ទីកន្លែងនេះធ្លាប់មានរឿងអាស្រូវថាមានអ្នកលង់ទឹក»។
តើនេះពិតជាមូលហេតុដែលបណ្តាលឲ្យគ្មានភ្ញៀវទេសចរទៅទីនោះឬ?
ភ្នំពេញ ប៉ុស្តិ៍








