អ្នកបើកបររថយន្ដឈ្នួល ឬរថយន្ដក្រុងពិតជាមានតួនាទីសំខាន់ណាស់ក្នុងការផ្ដល់សុវត្ថិភាពដល់អ្នកដំណើរទាំងអស់។ប៉ុន្តែតើអ្នកមានចាប់អារម្មណ៍ទេថា ជីវិតរបស់អ្នកនិងអ្នកធ្វើដំណើរផ្សេងទៀតស្ថិតក្នុងកណ្ដាប់ដៃរបស់អ្នកបើកបរតែម្នាក់?
អ្នកបើកបរត្រូវមានទំនួលខុសត្រូវខ្ពស់បំផុត ក្នុងពេលកំពុងបញ្ជាដៃចង្កូតដើម្បីធានាឲ្យបាននូវសុវត្ថិភាពអ្នកដំណើរនិងភ្ញៀវទេសចរ។ ផ្ទុយទៅវិញ ប្រសិនបើពួកគេបំពានដោយមិនបានប្រុងប្រយ័ត្នខ្ពស់ដែលគិតតែពីនិយាយទូរស័ព្ទបណ្ដើរបើកបរបណ្ដើរវាពិតជាជួបហានិភ័យខ្ពស់ណាស់។
ជាក់ស្ដែងលោក អោម រដ្ឋា អាយុ២៣ឆ្នាំជាអ្នកដំណើរលើរថយន្ដឆ្ពោះទៅកាន់ខេត្ដពោធិ៍សាត់កាលពីថ្ងៃសុក្របានឲ្យដឹងថា៖ «អ្នកបើករថយន្ដក្រុងដែលខ្ញុំជិះប្រើដៃម្ខាងនិយាយទូរស័ព្ទជាង១០នាទីក្នុងពេលបើកបរ និងដៃម្ខាងបញ្ជាចង្កូតរថយន្ដ។ ពេលឃើញគាត់ប្រឹងកាច់ចង្កូតដៃម្ខាងអ៊ីចឹង ខ្ញុំដូចជាផតពោះដល់ហើយ»។
អំឡុងពេលបើកបរពី៣ទៅ៥ម៉ោង ឬ៨ម៉ោងក៏ដោយអ្នកបើកបរមិនគួរណាទទួលទូរស័ព្ទ ឬហៅចេញនោះទេ ព្រោះវាប៉ះពាល់ដល់ការផ្ចង់អារម្មណ៍ និងប្រមូលកម្លាំងក្នុងការបញ្ជាយានយន្ត ដែលអាចបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍។ សូម្បីតែការធ្វេសប្រហែសត្រឹមតែ២ទៅ៣វិនាទី ក៏អាចបង្កឲ្យមានគ្រោះថ្នាក់បានដែរ។ បើស្ថិតក្នុងកាលៈទេសៈដែលត្រូវតែនិយាយទូរស័ព្ទ អ្នកបើកបរត្រូវតែប្រើកាសឬប្រ៊ូឡានជាអ្នកលើកជំនួស៕
ភ្នំពេញ ប៉ុស្តិ៍






